កាលពីខែសីហា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញវិធានការគន្លឹះក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ស្តង់ដាសាលារៀនគំរូ» និង «ពានរង្វាន់សាលារៀនគំរូ សម្តេចមហាបវរធិបតី» សម្រាប់សាលារៀនដែលសម្រេចបាននូវស្តង់ដាសាលារៀនគំរូ ផងដែរ, តើសាលារៀនណា ដែលជាមុខសញ្ញាក្នុងការវាយតម្លៃពានរង្វាន់ស្តង់ដាសាលារៀនគំរូ ?
បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ នៅសាកលវិទ្យាល័យជាតិបាត់ដំបង កាលពីពេលថ្មីៗនេះបញ្ជាក់ថា សាលារៀនដែលជាមុខសញ្ញាក្នុងការវាយតម្លៃជាប់ពានរង្វាន់ស្តង់ដា សាលារៀនគំរូ មានដូចជា ៖ សាលារៀលដែលកំពុងអនុវត្តគម្រោង សាលារៀនដែលទទួល មូល និធិ អភិវឌ្ឍពីរដ្ឋាភិបាល សាលារៀនដែលស្ថិតនៅក្រោមការគាំពីដៃគូ សាលារៀនដែលមានភាពម្ចាស់ការ សាលារៀនដែលធ្លាប់ជាប់ចំណាត់ថ្នាក់នាយកល្អ សាលារៀនជំនាន់ថ្មី សាលារៀនដែលមានសិស្ស ប្រឡងមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A B C ច្រើន និងភាគរយប្រឡងជាប់លើសថ្នាក់ជាតិ ជាដើម។
ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា
តាមរយៈបទបង្ហាញ របស់ ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ស្តង់ដាសាលារៀនគំរូ រួមមាន ស្តង់ដាទី១ លទ្ធផលសិក្សារបស់សិស្ស, ស្តង់ដាទី២ ការបង្រៀននិងរៀន, ស្តង់ដាទី៣ ការចូលរួមរបស់សហគមន៍, ស្តង់ដាទី៤ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និងស្តង់ដាទី៥ គណនេយ្យភាពរបស់សាលារៀន ក៏ដូចជាបានបង្ហាញពីទស្សនទាននៃសាលារៀនគំរូដូចខាងក្រោម ៖
(ទី១).សាលារៀនមានគណនេយ្យភាពជាមួយសហគមន៍និងធ្វើការកែលម្អសាលារៀនស្របតាមស្តង់ដាគំរូដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាពិសេសមាតាបិតាឬអ្នកអាណាព្យាបាលតាមរយៈការបង្កើតនិងដំណើរការគណៈកម្មការគ្រប់គ្រងសាលារៀននិងគណៈកម្មការគ្រប់គ្រងថ្នាក់រៀន
(ទី២).សាលារៀនមានស្វ័យភាពក្នុងការងារផែនការកែលម្អសាលារៀននិងថ្នាក់រៀនព្រមទាំងការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀននិងគ្រូបង្រៀន
(ទី៣).សាលារៀនអនុវត្តតេស្តស្តង់ដាជាប្រចាំនិងប្រើប្រាស់លទ្ធផលនៃតេស្តស្តង់ដាដើម្បីធ្វើការកែលម្អការបង្រៀននិងរៀន,ការជួយសិស្សរៀនយឺត,ផ្តល់ព័ត៌មានដល់មាតាបិតាឬអ្នកអាណាព្យាបាលនិងសហគមន៍ឱ្យចូលរួមគាំទ្របន្ថែម
(ទី៤).សាលារៀនស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សានិងការរៀបចំកម្មវិធីក្រៅម៉ោងសិក្សាដោយផ្ដោតលើកម្មវិធីអភិវឌ្ឍយុវជនកម្មវិធីអប់រំច្បាស់ចរាចរ,ការងារសហគមន៍និងការអប់រំសីលធម៌
(ទី៥).សាលារៀនយកចិត្តទុកដាក់លើការអប់រំសុខភាពអនាម័យបរិស្ថានស្អាតសាលារៀនគ្មានសំរាមនិងគិតគូរដល់អាហារូបត្ថម្ភសិស្សានុសិស្ស
(ទី៦).ការជំរុញការចូលរួមរបស់មាតាបិតាអ្នកអាណាព្យាបាលនិងសហគមន៍ក្នុងការគាំទ្រនិងការអភិវឌ្ឍសាលារៀន៕