គម្រោងសហការរវាងក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) «កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍សម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា» ត្រូវបានបិទបញ្ចប់ជាផ្លូវការ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ក្រោយដំណើរការអនុវត្តយ៉ាងសកម្មអស់រយៈពេល ៦ឆ្នាំ (២០២១-២០២៦)។
គម្រោងរយៈពេល ៦ឆ្នាំនេះ ត្រូវបានអនុវត្តដោយផ្តោតលើមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន ៤ និងសាលារៀនគោលដៅចំនួន ២០ ស្ថិតក្នុងខេត្តចំនួនបួន រួមមាន ខេត្តកណ្ដាល កំពង់ចាម ព្រៃវែង និងតាកែវ។ គោលបំណងចម្បងគឺលើកកម្ពស់គុណភាពនៃការបណ្ដុះបណ្ដាលគ្រូបង្រៀនមុខវិជ្ជាព័ត៌មានវិទ្យា (ICT) ពង្រឹងបរិយាកាសសិក្សា ព្រមទាំងអភិវឌ្ឍកម្មវិធីសិក្សា និងសម្ភារឧបទ្ទេសឱ្យឆ្លើយតបនឹងយុគសម័យឌីជីថល។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម Kim Chang-yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានសម្តែងការអបអរសាទរចំពោះជោគជ័យនៃគម្រោង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងអប់រំ ទីភ្នាក់ងារ KOICA និងសាកលវិទ្យាល័យជាតិអប់រំកូរ៉េ។ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តប្រើប្រាស់ធនធាន និងសមិទ្ធផលដែលទទួលបានឱ្យអស់ពីលទ្ធភាព ដើម្បីផ្តល់ផលប្រយោជន៍យូរអង្វែងដល់វិស័យអប់រំនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង និងការគាំទ្រផ្នែកបច្ចេកទេស។ ឯកឧត្តមបានសង្កត់ធ្ងន់ថា គម្រោងនេះជាគ្រឹះយ៉ាងរឹងមាំក្នុងការអភិវឌ្ឍធនធានមនុស្សស្របតាមបរិបទនៃបរិវត្តកម្មឌីជីថល និងការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI)។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើដល់គណៈគ្រប់គ្រងសាលា និងគ្រូឧទ្ទេស ត្រូវបន្តថែរក្សា បំពាក់បំប៉ន និងផ្ទេរចំណេះដឹងបន្ត ដើម្បីធានានិរន្តរភាពនៃការអប់រំ ICT។
សូមជម្រាបជូនថា ក្នុងរយៈពេល ៦ឆ្នាំ គម្រោង បានបញ្ជូនគ្រូឧទ្ទេស និងមន្ត្រីអប់រំចំនួន ១៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក ICT នៅសាធារណរដ្ឋកូរ៉េ, បណ្តុះបណ្តាលបុគ្គលិកអប់រំ ១០នាក់ ស្តីពីការរៀបចំកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល នៅសាកលវិទ្យាល័យជាតិអប់រំកូរ៉េ, ផ្តល់អាហារូបករណ៍ដល់គរុសិស្សឯកទេស ICT-អង់គ្លេស ចំនួន ២០នាក់ ដើម្បីចុះបង្រៀននៅតាមសាលាគោលដៅ ព្រមទាំងផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សមួយចំនួនទៀត។
ជាមួយគ្នានេះ គម្រោងក៏បានចងក្រង និងបោះពុម្ពសៀវភៅសិក្សាគោលមុខវិជ្ជា ICT ចំនួន ៩ចំណងជើង ជាពីរភាសា (ខ្មែរ-អង់គ្លេស) និងសៀវភៅស្រាវជ្រាវវិធីសាស្ត្របង្រៀន។ រៀបចំកម្មវិធីសិក្សា និងបោះពុម្ពសៀវភៅ ICT សម្រាប់អនុវិទ្យាល័យ (ថ្នាក់ទី៧ ទី៨ និងទី៩) សរុបចំនួន ៦ក្បាល (សៀវភៅសិក្សាគោល ៣ក្បាល និងសៀវភៅណែនាំគ្រូ ៣ក្បាល)។ គាំទ្រសកម្មភាពបង្កើត និងដំណើរការសហគមន៍សិក្សាវិជ្ជាជីវៈ (PLC) នៅសាលារៀនគោលដៅ និងបានរៀបចំបន្ទប់ និងបំពាក់កុំព្យូទ័រសរុបចំនួន ៤៨បន្ទប់ នៅតាមសាលារៀនគោលដៅ៕