មនុស្សជាច្រើនតែងគិតថា «នៅក្មេងចាំចាយឱ្យសប្បាយសិន ចាំចាស់បន្តិចចាំគិតរឿងសន្សំ», ប៉ុន្តែការយល់ឃើញបែបនេះហើយ ដែលធ្វើឱ្យយុវជនជាច្រើនធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុដោយមិនដឹងខ្លួន។ ការសន្សំលុយមិនមែនទាល់តែមានប្រាក់ខែរាប់ពាន់ដុល្លារទើបធ្វើបាននោះទេ ហើយនេះជាមូលហេតុសំខាន់ៗដែល Gen Z គួរចាប់ផ្តើមពីថ្ងៃនេះ៖
១. សន្សំតាំងពីក្មេង = ចំណេញពេលវេលា និងលុយ
ពេលវេលាគឺជាទ្រព្យធំបំផុតរបស់យុវវ័យ។ សាកស្រមៃមើល ការសន្សំត្រឹមតែ ៥ ដុល្លារក្នុងមួយថ្ងៃ៖
អ្នកចាប់ផ្តើមពីអាយុ ២០ ឆ្នាំ ៖ មានពេលសន្សំរហូតដល់ ៤០ ឆ្នាំ (ដល់អាយុ ៦០ ឆ្នាំ)។ ប្រាក់ដើមសរុបមាន ៧២,០០០ ដុល្លារ ប៉ុន្តែបូកជាមួយកម្រៃ/ការប្រាក់ប្រហែល ៥% ក្នុងមួយឆ្នាំ ទឹកប្រាក់កើនឡើងរហូតដល់ ២២៨,៩០៣ ដុល្លារ។
អ្នកចាប់ផ្តើមនៅអាយុ ៤០ ឆ្នាំ ៖ ទោះសន្សំ ៥ ដុល្លារក្នុងមួយថ្ងៃដូចគ្នា ក៏សល់ពេលត្រឹម ២០ ឆ្នាំ (ដើមសរុប ៣៦,០០០ ដុល្លារ) ហើយលុយសរុបទទួលបានត្រឹមតែ ៦១,៦៥៥ ដុល្លារ ប៉ុណ្ណោះ។
ការចាប់ផ្តើមលឿន ជួយឱ្យយើងចំណាយកម្លាំងតិច តែទទួលបានផលច្រើនជាងមុនរាប់ដង។
២. មានលុយសន្សំ = អត់ខ្វល់ខ្វាយពេលមានរឿងបន្ទាន់
ជីវិតពោរពេញដោយរឿងស្មានមិនដល់ ដូចជាឈឺថ្កាត់ គ្រោះថ្នាក់ ឬការចំណាយចាំបាច់ភ្លាមៗ។ បើគ្មានលុយបម្រុងទេ ច្រកចេញតែមួយគត់គឺការ «ខ្ចីបុលគេ»។ ពេលខ្លះដោយសារតែភាពទាល់ច្រក យើងអាចនឹងខ្ចីទាំងមិនបានគិតច្បាស់លាស់ពីរឿងអត្រាការប្រាក់ លក្ខខណ្ឌកម្ចី ឬការផាកពិន័យ ដែលនាំឱ្យធ្លាក់ចូលក្នុងរង្វង់បំណុលវណ្ឌក។
៣. មានលុយសន្សំ = ជីវិតមានជម្រើស
លុយមិនមែនទិញបានគ្រប់យ៉ាងមែន តែវាផ្តល់ «សេរីភាពក្នុងការជ្រើសរើស»៖ -ហ៊ានដើរចេញពីការងារដែលធ្វើឱ្យខូចសុខភាពផ្លូវចិត្ត -អាចបន្តការសិក្សា ឬរៀនជំនាញថ្មីដោយមិនបាច់បារម្ភរឿងខ្វះខាត -ហ៊ានសាកល្បងរកស៊ី ឬធ្វើអ្វីដែលខ្លួនស្រលាញ់ដោយមានទំនុកចិត្ត
៤. សន្សំលុយ = ឈប់ចាយវាយខ្ជះខ្ជាយ
ពេលណាដែលយើងមានគោលដៅសន្សំច្បាស់លាស់ ថាចង់បានអ្វីទៅថ្ងៃមុខ យើងនឹងមិនងាយចាញ់បោកការផ្សព្វផ្សាយពាណិជ្ជកម្ម ការបញ្ចុះតម្លៃ ឬការទិញឥវ៉ាន់តាមអារម្មណ៍នោះឡើយ។ គោលដៅច្បាស់ ធ្វើឱ្យចិត្តយើងរឹងមាំ។
៥. ឆាប់សម្រេចគោលដៅធំៗក្នុងជីវិត
ក្តីស្រមៃស្ទើរតែទាំងអស់ មិនថាការកសាងគ្រួសារ ទិញផ្ទះ ទិញឡាន ចង់រកស៊ីផ្ទាល់ខ្លួន ឬដើរលេងកន្លែងស្អាតៗ សុទ្ធតែត្រូវការលុយ។ បើរវល់តែ «រកបានប៉ុណ្ណា ចាយប៉ុណ្ណឹង» ក្តីស្រមៃទាំងនោះនឹងនៅតែជាការស្រមើស្រមៃដដែល។
៦. បង្កើតវិន័យ និងចេះចាត់ចែងលុយកាក់
ការសន្សំជាទម្លាប់មួយដែលបង្វឹកចិត្ត។ អ្នកដែលពូកែសន្សំច្រើនតែជាមនុស្សមានវិន័យខ្ពស់ ចេះថ្លឹងថ្លែងច្បាស់លាស់រវាង «របស់ដែលត្រូវការចាំបាច់» និង «របស់ដែលគ្រាន់តែចង់បានមួយពេល»។
៧. កាត់បន្ថយការជំពាក់បំណុលគេ
ពេលមានលុយបម្រុងក្នុងដៃ យើងនឹងមានស្មារតីថ្លឹងថ្លែងម៉ត់ចត់មុននឹងសម្រេចចិត្តខ្ចីបុលគេ។ ផ្ទុយទៅវិញ បើគ្មានលុយសន្សំបន្តិចសោះ ពេលមានបញ្ហាហិរញ្ញវត្ថុ ឬបាត់បង់ចំណូល យើងច្បាស់ជាគេចមិនផុតពីការរត់ទៅខ្ចីគេដើម្បីដោះស្រាយមួយគ្រានោះទេ។
ការសន្សំមិនទាមទារឱ្យយើងត្រូវរឹតត្បិតដល់ថ្នាក់រស់នៅវេទនានោះទេ គ្រាន់តែដកមួយចំណែកតូចទុកមុននឹងចាយ។ ចាប់ផ្តើមពីតិចតួចនៅថ្ងៃនេះ ដើម្បីកសាងភាពម្ចាស់ការលើជីវិតខ្លួនឯងនៅថ្ងៃមុខ៕
ប្រភព ៖ លុយខ្ញុំ