និស្សិតជំនាន់ទីមួយចំនួន ២០នាក់ មកពីទូទាំងប្រទេសកម្ពុជា ដែលមានជីវភាពខ្វះខាត បានទទួលអាហារូបករណ៍ជាផ្លូវការសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំ តាមរយៈកម្មវិធីសម្លៀកបំពាក់ស្អាតភ្លឺចែងចាំង អនាគតភ្លឺត្រចះត្រចង់ ក្រោមកិច្ចសហការភាពជាដៃគូរយៈពេល ២ឆ្នាំ រវាងយូនីលឹវើ និង អង្គការទស្សនៈពិភពលោកអន្ដរជាតិ នៅកម្ពុជា។
អាហារូបករណ៍នេះ នឹងជួយគាំទ្រយុវជនដែលមានសមត្ថភាព ឬមានជីវភាពខ្វះខាត ឱ្យអាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា តាមរយៈការផ្តល់អាហារូបករណ៍ដោយផ្ដល់ការគាំទ្រថ្លៃសិក្សា ការណែនាំ និងឱកាសអភិវឌ្ឍខ្លួន។ នេះជាការផ្តល់ឱកាសដល់យុវជនដែលមាន ក្តីស្រមៃ ការប្តេជ្ញាចិត្ត និងមហិច្ឆតាក្នុងការសម្រេចគោលដៅរបស់ខ្លួន ជាពិសេសអ្នកដែលអាចប្រឈមនឹងឧបសគ្គក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។
លោកស្រី បណ្ឌិត ថាន ធីហា នាយិកាស្ដីទីនៃអង្គការទស្សនៈពិភពលោកអន្ដរជាតិ ប្រចាំនៅកម្ពុជា
លោកស្រីបណ្ឌិត ថាន ធីហា នាយិកាស្ដីទីនៃអង្គការទស្សនៈពិភពលោកអន្ដរជាតិ ប្រចាំនៅកម្ពុជាមានប្រសាសន៍ថា ការអប់រំ គឺជាកត្តាដ៏មានឥទ្ធិពលមួយសម្រាប់ការរីកចម្រើនសង្គម និងសេដ្ឋកិច្ចក្នុងរយៈពេលវែង។ លោកស្រីបន្តថា នៅពេលកុមារ និងយុវជនទទួលបានឱកាសក្នុងការអប់រំ ពួកគេមិនត្រឹមតែមានឱកាសផ្លាស់ប្តូរជីវិតរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតការផ្លាស់ប្តូរវិជ្ជមានសម្រាប់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេផងដែរ។
លោក លី សុធូ អគ្គនាយកក្រុមហ៊ុន យូនីលឹវើ ប្រចាំកម្ពុជា និងឡាវ បានបញ្ជាក់ថា តាមរយៈភាពជាដៃគូជាមួយ អង្គការទស្សនៈពិភពលោកអន្ដរជាតិនៅកម្ពុជា យើងកំពុងរួមបញ្ចូលការប្តេជ្ញាចិត្តរបស់យើងលើការអប់រំ ឱកាស និងក្តីសង្ឃឹម ដើម្បីឱ្យយុវជនកាន់តែច្រើនមានឱកាសបញ្ចេញសក្តានុពលរបស់ខ្លួនឱ្យបានពេញលេញ។
លោក លី សុធូ អគ្គនាយកក្រុមហ៊ុន យូនីលឹវើ ប្រចាំកម្ពុជា និងឡាវ
ឯកឧត្តមបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ប្អូនៗជ័យលាភីអាហារូបករណ៍ទាំង ២០នាក់។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្អូនៗជ័យលាភីអាហារូបករណ៍ទាំងអស់ ត្រូវបន្តខិតខំសិក្សារៀនសូត្រដោយយកចិត្តទុកដាក់ ធ្វើយ៉ាងណាបញ្ចប់ការសិក្សាដោយមានជំនាញច្បាស់លាស់ មានឱកាសការងារ ដើម្បីអាចជួយអភិវឌ្ឍក្រុមគ្រួសារ និងសង្គមជាតិ។
ឯកឧត្តមបណ្ឌិត ហុង គឹមជាង អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា
ជាមួយគ្នានេះ យុវតី ស៊ន លីដា ជាសិស្សទើបបញ្ចប់ការសិក្សាថ្នាក់ទី១២ មកពីខេត្តបន្ទាយមានជ័យ និងជានិស្សិតជ័យលាភីអាហារូបករណ៍ បានបង្ហាញអារម្មណ៍រីករាយ ដែលរូបនាងមានឱកាសបានទទួលអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល ៤ឆ្នាំនេះ។ យុវតី ស៊ន លីដា បន្តថា ដោយសារគ្រួសាររបស់ខ្លួនមានជីវភាពខ្វះខាត និងពុំមានលទ្ធភាពបង់ថ្លៃសិក្សានៅសាកលវិទ្យាល័យ ទើបនាងសម្រេចចិត្តដាក់ពាក្យអាហារូបករណ៍នេះ។
យុវតី ស៊ន លីដា បញ្ជាក់ថា រូបនាងជ្រើសរើសរៀនជំនាញគណនេយ្យ នៅសាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យ ព្រោះចង់ក្លាយជាអ្នកជំនាញផ្នែកគណនេយ្យ។ យុវតី លីដា ប្ដេជ្ញាចិត្តថា នឹងខិតខំសិក្សារៀនសូត្ររហូតបញ្ចប់ការសិក្សាដោយជោគជ័យ។
យុវតី ស៊ន លីដា និស្សិតជ័យលាភីអាហារូបករណ៍
គួរជំរាបជូនថា ភាពជាដៃគូនេះ មានកម្មវិធីសំខាន់ៗចំនួនពីរ គឺគាំទ្រការអប់រំតាមរយៈការបរិច្ចាគសម្លៀកបំពាក់សិស្ស និងការវិនិយោគលើយុវជនជំនាន់ក្រោយតាមរយៈអាហារូបករណ៍។ កម្មវិធីនេះ នឹងគាំទ្រនិស្សិតចំនួន ៤០នាក់ ក្នុង ២ ជំនាន់ ដោយនិស្សិតម្នាក់ៗនឹងទទួលបានការគាំទ្រក្នុងរយៈពេល ៤ ឆ្នាំនៃការសិក្សានៅសាកលវិទ្យាល័យ៕