រាជរដ្ឋាភិបាលប្រកាសផ្តល់អាហារូបករណ៍ដល់ពលរដ្ឋដែលរស់នៅតំបន់តាឯក ដែលស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃដើម្បីឱ្យពួកគាត់មានជំនាញវិជ្ជាជីវៈមួយច្បាស់លាស់ និងអាចមានការងារសមរម្យឆាប់រហ័សសម្រាប់លើកស្ទួយជីវភាពនាពេលអនាគត។
ការផ្តល់នេះក្នុងអំឡុងពេលពិធីជំនួបសំណេះសំណាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាមួយពលរដ្ឋដែលរស់នៅតំបន់រុនតាឯក និងពាក់ស្នែង កាលពីដើមខែធ្នូនេះ ។ វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃសម្រាប់ពលរដ្ឋ ដែលរស់នៅតំបន់រុនតាឯក និងពាក់ស្នែង ឱ្យបានរៀនជំនាញបច្ចេកដោយឥតគិតថ្លៃ គឺជាវគ្គរៀនខ្លីៗរយៈពេល៤ខែចប់ ឆាប់ចប់ ឆាប់មានជំនាញ និងមានការងារធ្វើ។
ពលរដ្ឋរស់នៅតំបន់រុនតាឯក និងពាក់ស្នែង នឹងទទួលបានការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី
បើតាមមូលអាជ្ញាធរមូលដ្ឋាន ពលរដ្ឋរស់នៅតំបន់រុនតាឯក បានមកចុះឈ្មោះចូលរៀនលើមុខជំនាញចំនួន១៨ មានដូចជា តបណ្តាញអគ្គិសនីក្នុងអគារ, បរិក្ខារត្រជាក់, ថែទាំជួសជុលរថយន្ត, ជួសជុលអគ្គិសនីរថយន្ត, ការតំឡើងកាមេរ៉ាសុវត្ថិភាព, តបណ្តាញទឹក, ការងារកំបោរ, ជាងម៉ូតូ, កាត់ដេរ, សាឡន, ម្ហូបខ្មែរ, ធ្វើនំ, កាត់សក់បុរស, ក្រាហ្វិកកុំព្យូទ័រ, សំអាងកាយ, ការងាររដ្ឋបាល និងឆុងកាហ្វេ ជាដើម។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍សាទរចំពោះបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក និងពាក់ស្នែង ដែលទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយថា វាជាការផ្តល់ជូននូវមូលធនដ៏សំខាន់សម្រាប់ជីវភាព សម្រាប់ទ្រទ្រង់ជីវិត ការរស់នៅ និងអភិវឌ្ឍន៍នៅតំបន់នោះផ្ទាល់។ តាមប្រសាសន៍របស់លោកបណ្ឌិត យង់ ពៅ ការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋដែលរស់នៅរុនតាឯកសិក្សាជំនាញវិជ្ជាជីវៈនេះ គឺអាចនឹងធ្វើឱ្យទីតាំងនោះ មានភាពរស់រវើក មានស្ថិរភាពសម្រាប់ការតាំងទីនៅទីនោះដោយផ្ទាល់។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា
យ៉ាងណាក៏ដោយ បើផ្អែកទៅលើស្ថានភាពភូមិសាស្រ្ត ក៏ដូចជាផ្អែកទៅលើមរតកវប្បធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជា ខណៈរាជរដ្ឋាភិបាលក៏មានគោលការណ៍ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាផងដែរនោះ លោកបណ្ឌិត យង់ ពៅ យល់ឃើញថា ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក និងពាក់ស្នែង គួរតែចូលរួមនៅក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដើម្បីបង្ហាញស្នាដៃវប្បធម៌របស់ខ្មែរ សម្រាប់ទេសចរណ៍ ក៏ដូចជាថែរក្សាមរតកវប្បធម៌ខ្មែរផង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក និងពាក់ស្នែង ក៏គួរតែទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅលើការផ្តល់សេវាកម្មទេសចរណ៍ ដូចជា ចុងភៅ, ភេសជ្ជៈ, បដិសណ្ឋារកិច្ច ក៏ដូចជាការដាំដុះកសិកម្មដែលបម្រើឱ្យវិស័យទេសចរណ៍, សិប្បកម្មផលិតជាវត្ថុអនុស្សាវរីយ៍ជាដើម ដែលជំនាញទាំងនេះ សុទ្ធសឹងតែបម្រើឱ្យវិស័យសេវាកម្មទេសចរណ៍។
ជំនាញវិជ្ជាជីវៈដូនតា ក៏ជាជំនាញមួយដែលរាជរដ្ឋាភិបាលបានដាក់បញ្ចូលក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
សូមបញ្ជាក់ថា តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង គឺជាតំបន់ដែលរាជរដ្ឋាភិបាលបានរៀបចំបង្កើតជាភូមិឋាន និងយកចិត្តទុកដាក់ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ថ្មីក្នុងខេត្តសៀមរាប សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋានរបស់ខ្លួនពីតំបន់រមណីយដ្ឋានអង្គរ៕