ខណៈដែលប្អូនៗយុវសិស្សទើបប្រឡងបញ្ចប់ថ្នាក់ទី១២រួច កំពុងត្រៀមខ្លួន និងកំពុងធ្វើការសម្រេចចិត្តថា តើនឹងចាប់យកជំនាញអ្វីសម្រាប់អនាគតទីផ្សារការងាររបស់ខ្លួននោះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តក្នុងការបន្តការសិក្សានៅកម្រិតបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ដោយថា វាជាស្ពានមួយលឿន ខ្លី ហើយអាចឈានទៅរកការងារនៅទីផ្សារការងារបានលឿន។
លើកឡើងនៅក្នុងពិធីបើកពិព័រណ៌ការងារ និងផលិតភាពជាតិ កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា ការលើកទឹកចិត្តឱ្យយុវជនយើងចាប់យកជំនាញ TVET នេះ មិនមែនមានន័យថា មុខជំនាញនៅក្នុងឧត្តមសិក្សាជាជំនាញមិនមានតម្រូវការនោះទេ គ្រាន់តែជាការសម្រេចចិត្តរបស់យុវជន ដោយអាស្រ័យទៅលើស្ថានភាពគ្រួសារនីមួយៗ អាស្រ័យទៅលើសេចក្តីប្រាថ្នា ហើយនិងស្ថានភាពជាក់ស្តែងនៃការសម្រេចចិត្ត ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ជាការពិតសម្រាប់ប្អូនៗក្មួយៗទាំងអស់ដែលយល់ថា ត្រូវការការងារលឿន ត្រូវការជួយទៅដល់គ្រួសារ ប្រហែលជា TVET ជាជម្រើសដែលលឿនបំផុត និងខ្លីបំផុត ក៏ប៉ុន្តែសម្រាប់ប្អូនៗ ក្មួយៗដែលស្ថានភាពគ្រួសារគិតថា អាចមានលទ្ធភាពគាំទ្រ ឬមួយក៏មិនទាន់មានតម្រូវការចាំបាច់ គឺអាចសម្រេចចិត្តជ្រើសរើសផ្លូវដើរមួយវែងជាង TVET ដោយអាចបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។
ខ្ញុំចង់បញ្ជាក់ឡើងវិញថា ទាំងកម្រិតឧត្តមសិក្សា ទាំង TVET គឺមានសារៈសំខាន់ដូចគ្នា គ្រាន់តែអាស្រ័យទៅលើស្ថានភាព ហើយនឹងតម្រូវការជាក់ស្តែងនីមួយៗ
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
រដ្ឋមន្រ្តីក្រសួងការងារលើកទឹកចិត្តដល់យុវសិស្សចាប់យក TVET ដើម្បីងាយស្រួលស្វែងរកការងារធ្វើ
ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ ក៏បានលើកទឹកចិត្តដល់ប្អូនៗក្មួយៗត្រូវមានក្តីស្រមៃរបស់ខ្លួន ដើម្បីមានមូលដ្ឋានក្នងុការសម្រេចចិត្តថា តើត្រូវរៀនបន្តនៅមហាវិទ្យាល័យដែលប្រើរយៈពេល៤ឆ្នាំដើម្បីបានការងារធ្វើ ឬមួយក៏សម្រេចចិត្តយកការបណ្តុះបណ្តាលកម្រិតត្រឹមតែ១ឆ្នាំ ហើយចេញទៅក៏មានការងារធ្វើ រួចចង់បន្តការសិក្សា ប្អូនៗអាចបន្តការសិក្សានៅវេនយប់ ឬមួយវេនចុងសប្តាហ៍? តាមប្រសាសន៍បញ្ជាក់របស់ ឯកឧត្តម ហេង សួរ ការចុះឈ្មោះចូលរៀននៅវិស័យ TVET មិនមែនមានន័យថា ជាទីបញ្ចប់នោះទេ ពោលគឺក្មួយៗនៅតែអាចបន្តការសិក្សាបានទៅដល់ថ្នាក់បរិញ្ញាបត្រដដែល។
TVET គឺជាជម្រើសដ៏វៃឆ្លាតមួយដែរ រៀនខ្លី មានការងារធ្វើ ហើយនៅមានលទ្ធភាពដើម្បីបំពេញបន្តសញ្ញាបត្រម្តងបន្តិចៗ ហើយចុងក្រោយឈានទៅដល់បរិញ្ញាបត្រដូចគេ…
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ជាមួយគ្នានេះដែរ ឯកឧត្តម គង់ ច័ន្ទវាសនា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ប្អូនៗយុវសិស្សដែលកំពុងត្រៀមខ្លួនចាប់យកឱកាសសិក្សានៅថ្នាក់ឧត្តមសិក្សា ឬការបណ្តុះបណ្តាលបច្ចេកទេស សូមស្វែងយល់បន្ថែមអំពីតម្រូវការ នៃទីផ្សារការងារ ទាំងបច្ចុប្បន្ន និងអនាគត ដើម្បីត្រៀមលក្ខណៈ និងធ្វើការសម្រេចចិត្តបានកាន់តែល្អប្រសើរសម្រាប់អនាគតទីផ្សារការងាររបស់ប្អូនៗ។
ឯកឧត្តម គង់ ច័ន្ទវាសនា លើកឡើងថា ការយល់ដឹងពីទីផ្សារការងារ និងជួយប្អូនៗ និងក្រុមគ្រួសារក្នុងការសន្សំសំចៃពេលវេលា និងធនធានថវិកា ពីការរៀនតាមគ្នា ពីការរៀនដើម្បីតែរៀន ពីការរៀនដែលគ្មានគោលដៅច្បាស់លាស់ ហើយសូមផ្លាស់ប្តូរទម្លាប់ ប្តូរការគិតមកជា រៀនឱ្យជាប់ រៀនឱ្យចេះ និងរៀនមានការងារធ្វើ។
ឯកឧត្តម គង់ ច័ន្ទវាសនា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ
ក្នុងនោះឯកឧត្តមអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក៏បានរំលឹកទៅដល់ប្អូនៗជាយុវសិស្ស ជាយុវជនដែរថា សូមកុំមើលស្រាលការងារជំនាញសាមញ្ញៗ ដោយថា ការងារខ្លះមិនទាមទារសញ្ញាបត្រខ្ពស់ មិនទាមទារឱ្យប្អូនៗចំណាយពេលរាប់ឆ្នាំក្នុងការសិក្សា ប៉ុន្តែងាយស្រួលក្នុងការរកការងារធ្វើ បានប្រាក់ខែច្រើន និងអាចជួយឱ្យប្អូនៗបង្កើត ឬចាប់ផ្តើមមុខរបរមួយដោយខ្លួនឯង សម្រាប់អនាគតប្អូនៗក្នុងរយៈពេលដ៏ខ្លីទៀតផង៕