នៅក្នុង ”វេទិកាយុវជនស្ដីពី វិធានការពន្ធថ្នាំជក់” រៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីពេលថ្មីៗនេះ យុវជនដែលបានចូលរួម បានបង្ហាញចំណាប់អារម្មណ៍ ដោយលើកឡើងថា ពួកគេចង់ឃើញមានការដំឡើងពន្ធថ្នាំជក់នៅកម្ពុជា។
កញ្ញា ស្រីទូច ជានិស្សិតឆ្នាំទី៣ នៃសាលវិទ្យាល័យភ្នំពេញអន្តរជាតិ ប្រាប់ឱ្យដឹងថា ក្នុងនាមជានិស្សិតមួយរូប កញ្ញាគាំទ្រឱ្យមានការដំឡើងពន្ធលើផលិតផលថ្នាំជក់ បើទោះជាការដំឡើងពន្ធនេះ មានការលំបាកសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែវិធានការដំឡើងពន្ធនេះ មានប្រសិទ្ធភាពជាងវិធានការផ្សេងៗ។ ក្នុងនោះ ការដំឡើងពន្ធ នាំឱ្យប្រាក់ចំណូលពន្ធរដ្ឋកើន កាត់បន្ថយការជក់ និងកាត់បន្ថយអ្នកស្លាប់។
កញ្ញា ស្រីទូច ជានិស្សិតឆ្នាំទី៣ នៃសាលវិទ្យាល័យភ្នំពេញអន្តរជាតិ
និស្សិតឆ្នាំទី៣ រូបនេះ ក៏សំណូមពរដល់យុវជនទាំងអស់ត្រូវងាកចេញពីការសាកល្បងប្រើប្រាស់បារី ឬបារីអេឡិចត្រូនិច ព្រោះផលិតផលថ្នាំជក់ទាំងនេះ ផ្ដល់ផងប៉ះពាល់ដល់សុខភាព និងខួរក្បាលជាខ្លាំង។ លើសពីនេះ កញ្ញាក៏សំណូមពរឱ្យមានការដំឡើងពន្ធថ្នាំជក់ឱ្យកាន់តែមានប្រសិទ្ធភាព។
សម្រាប់យុវជន លី ហៀង ជានិស្សិតឆ្នាំទី២ វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា-ចិន លើកឡើងថា ការដំឡើងពន្ធថ្នាំជក់ ពិតជាល្អសម្រាប់បង្ការយុវជន កុំឱ្យប្រើប្រាស់ផលិតផលថ្នាំជក់នៅពេលខាងមុខ ខណៈរដ្ឋក៏ទទួលបានចំណូលពន្ធខ្ពស់ កាត់បន្ថយអ្នកឈឺ និងអ្នកស្លាប់ដោយសារជំងឺដែលបង្កឡើងដោយបារី ដូចជា ជំងឺរលាកសួត ជំងឺមហារីក និងជំងឺមិនឆ្លងជាច្រើនទៀត។
និស្សិតឆ្នាំទី២រូបនេះបន្ថែមថា កម្ពុជាគួរតែដំឡើងពន្ធលើផលិតផលថ្នាំជក់ឱ្យបានខ្ពស់ បើធៀបនឹងប្រទេសជិតខាង ដូចជា ប្រទេសហ្វីលីពីន ប្រទេសថៃ ជាដើម ព្រោះមានតែការដំឡើងពន្ធថ្នាំជក់ទេទើបអាចជួយដល់ប្រជាជនក្រីក្រ។ ក្នុងនោះ ថវិកាពន្ធចូលរដ្ឋ អាចប្រើប្រាស់សម្រាប់ជួយគាំទ្រសេវាថែទាំសុខភាព និងព្យាបាលជំងឺរបស់ប្រជាជន។ លើសពីនេះ រាជរដ្ឋាភិបាល គួរមានវិធានការយ៉ាងណាធ្វើឱ្យប្រជាជន ជាពិសេសយុវជនផ្លាស់ប្ដូរឥរិយាបទនៃការជក់បារី តាមរយៈការអនុវត្តច្បាប់ជាដើម។
យុវជន លី ហៀង ជានិស្សិតឆ្នាំទី២ វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា-ចិន
យុវជន លី ហៀង បញ្ជាក់ថា ការដំឡើងពន្ធបារី ៥០០រៀលក្នុងមួយកញ្ចប់ គឺជារឿងល្អក្នុងការចាប់ផ្ដើមអនុវត្តពន្ធលើផលិតផលថ្នាំជក់នៅកម្ពុជា ដែលនឹងធ្វើឱ្យអ្នកជក់កាត់បន្ថយការជក់នៅពេលតម្លៃបារីថ្លៃ នាំឱ្យកាត់បន្ថយការចំណាយគ្មានជំងឺ ព្រមទាំងកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាលទៅលើវិស័យសុខាភិបាល។
យុវជន លី ហៀង លើកទឹកចិត្តដល់យុវជន សូមកុំជក់បារី ឬបារីអេឡិចត្រូនិចជាដាច់ខាត ព្រោះវាជាផលិតផលមិនល្អសម្រាប់សុខភាព ធ្វើឱ្យការចងចាំធ្លាក់ចុះ និងជំងឺកាចសាហាវ។
កញ្ញា ច្រឹង ក្លង និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យសីហនុនីរាជា បន្ថែមដែរថា វាជារឿងល្អប្រសិនបើកម្ពុជាដំឡើងពន្ធបារីឱ្យបានខ្ពស់ស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក។ កញ្ញា ច្រឹង ក្លង បន្តថា ប្រសិនបើពន្ធថ្នាំជក់ខ្ពស់ នឹងអាចជួយកាត់បន្ថយអ្នកប្រើប្រាស់បារី ហើយអ្នកដែលមានប្រាក់ចំណូលទាបអាចនឹងឈប់ប្រើតែម្ដង។ ម៉្យាងវិញទៀត ជួយដល់សុខភាពសាធារណៈទាំងអ្នកធ្លាប់ជក់ឱ្យកាត់បន្ថយជក់ ឬឈានដល់ឈប់ជក់ និងកាត់បន្ថយផលប៉ះពាល់ដល់អ្នកស្រូបផ្សែងបារីពីគេ។
កញ្ញា ច្រឹង ក្លង ជានិស្សិតបញ្ចប់ការសិក្សានៃពុទ្ធិកសាកលវិទ្យាល័យសីហនុនីរាជា
កញ្ញា ច្រឹង ក្លង លើកទឹកចិត្តដល់ប្រជាជនខ្មែរទូទៅ ជាពិសេស មនុស្សចាស់ សូមកាត់បន្ថយការជក់បារី ឬផ្ដាច់បារី ដើម្បីថែរក្សាសុខភាព។ ចំណែក យុវជន និងក្មេងជំទង់ សូមកុំសាកល្បងជក់បារី ព្រោះវាជាផលិតផលមិនល្អធ្វើឱ្យខូចសុខភាព។
គួរជម្រាបជូនថា បើតាមសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) បានបង្ហាញថា កុមារ និងយុវជន ងាយនឹងទទួលរងផលប៉ះពាល់ដែលបណ្តាលមកពីការឃោសនា ផ្សាយពាណិជ្ជកម្មថ្នាំជក់ ដែលធ្វើឱ្យពួកគេមានអាកប្បកិរិយាទោរទន់ចង់ជក់បារីច្រើនឡើង ហើយគិតថា ការប្រើប្រាស់ថ្នាំជក់ជារឿងធម្មតា មិនមានផលប៉ះពាល់អ្វីទាំងអស់។ ផ្ទុយទៅវិញ ការប្រើប្រាស់ថ្នាំជក់ដែលមានជាតិនីកូទីន បង្កឱ្យមានផលប៉ះពាល់ដល់សុខភាពកុមារដូចជា បញ្ហាផ្លូវដង្ហើម បញ្ហាសួតធ្ងន់ធ្ងរ ធ្វើឱ្យខួរក្បាលរបស់ក្មេងៗដែលកំពុងអភិវឌ្ឍ ងាយនឹងទទួលរងការបំផ្លាញដោយជាតិនីកូទីន ញៀនក្នុងរយៈពេលវែង និងវិវត្តទៅជាញៀនពេញមួយជីវិត។ ហើយអ្នកដែលស្រូបផ្សែងបារីពីគេ ក៏មានផលប៉ះពាល់ដល់សុខភាពដែរ ដូចជា ការឆ្លងមេរោគផ្លូវដង្ហើម និងជំងឺហឺតជាដើម៕