នៅក្នុងខែកុម្ភៈ មនុស្សភាគច្រើនចាត់ទុកថាជាខែ នៃសេចក្ដីស្រឡាញ់ ដោយសារមានថ្ងៃទី១៤ កុម្ភៈ ជាទិវានៃក្ដីស្រឡាញ់ ។ មិនថា ប្រជាជននៅអឺរ៉ុប ឬប្រជាជនអាស៊ី បានចូលរួមក្នុងថ្ងៃនៃក្ដីស្រឡាញ់នេះ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់ខ្លួនទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ តាមរយៈការជូនផ្កាកូលាប កាដូ វត្ថុអនុស្សាវរីយ៍ និងលិខិតជូនពរជាដើម។
សម្រាប់យុវតី កែវ ទូចវលក្ខ សិស្សថ្នាក់ទី១២ នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក និយាយថា ថ្ងៃនៃក្ដីស្រឡាញ់ សម្រាប់រូបនាង គឺជាថ្ងៃធម្មតា គ្រាន់តែថ្ងៃនេះជាថ្ងៃពិសេសមួយសម្រាប់ចែករំលែកក្ដីស្រឡាញ់ទៅដល់គ្រួសារ មិត្តភក្ដិ និងមនុស្សជុំវិញខ្លួន។ យុវតីរូបនេះ បន្តថា ដោយសារថ្ងៃនៃក្ដីស្រឡាញ់ ចំថ្ងៃរៀន ដូច្នេះពេលទៅដល់ផ្ទះ រូបគេនឹងចែករំលែកក្ដីស្រឡាញ់ទៅកាន់គ្រួសារ ដោយនិយាយថា Happy Valentine’s day ឬរីករាយថ្ងៃនៃសេចក្តីស្រឡាញ់ទៅកាន់ពួកគាត់។
យុវតី កែវ ទូចវលក្ខ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក
«កុំភ្លេចចែករំលែកក្ដីស្រឡាញ់ទៅដល់ប៉ាម៉ាក់ មិត្តភក្តិ និងមនុស្សជុំវិញខ្លួន ព្រោះពួកគាត់ជាមនុស្សជាទីរបស់ពួកយើង»
យុវតី កែវ ទូចវលក្ខ សិស្សថ្នាក់ទី១២ នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក
យុវជន សេង ហ៊ុយ ជានិស្សិតផ្នែកស្ថាបត្យកម្ម និងនគរូបនីជា នៃសាកលវិទ្យាល័យន័រតុន បញ្ជាក់បន្ថែមថា ថ្ងៃនៃក្ដីស្រឡាញ់ ជាថ្ងៃដែលយើងអាចចែករំលែកក្ដីស្រឡាញ់ទៅកាន់អ្នកដទៃ ជាពិសេសគ្រួសារ។ លើសពីនេះ ថ្ងៃនៃសេចក្តីស្រឡាញ់មិនមែនជាបុណ្យសង្សារដែលយុវជនមួយចំនួនយល់ឃើញនោះទេ ប៉ុន្តែថ្ងៃនៃសេចក្តីស្រឡាញ់ ជាឱកាសយើងអាចចែករំលែកក្ដីស្រឡាញ់ទៅកាន់ក្រុមគ្រួសារ មិត្តភក្ដិ មនុស្សជុំវិញខ្លួន ជាពិសេសខ្លួនឯង។
លោក សេង ហ៊ុយ ជានិស្សិតផ្នែកស្ថាបត្យកម្ម និងនគរូបនីជា ឆ្នាំទី៤ នៃសាកលវិទ្យាល័យនរតុន
«ថ្ងៃនៃក្ដីស្រឡាញ់នេះ ខ្ញុំនឹងចំណាយពេលជាមួយគ្រួសារ រកពេលចំណាយជាមួយខ្លួនឯង និងមិត្តភក្ដិផងដែរ។»
លោក សេង ហ៊ុយ និស្សិតផ្នែកស្ថាបត្យកម្ម និងនគរូបនីជា នៃសាកលវិទ្យាល័យន័រតុន
យុវជន សេង ហ៊ុយ ក៏បានលើកទឹកចិត្តឱ្យយុវជនយក ថ្ងៃនៃសេចក្តីស្រឡាញ់នេះ ចែករំលែកក្ដីស្រឡាញ់ទៅដល់គ្រួសារជាពិសេស ឱ្យពួកគាត់ស្រឡាញ់ខ្លួនឯង គ្រួសារ និងមិត្តភក្ដិ។
ដោយឡែក កញ្ញា ឌឹម វណ្ណេត និស្សិតឆ្នាំទី៣ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឱ្យដឹងថា សម្រាប់ថ្ងៃ១៤ កុម្ភៈ នេះ រូបគេនឹងចំណាយពេលវេលាមួយគ្រួសារ មិត្តភក្តិ និងធ្វើរឿងដែលល្អបំផុតដល់មនុស្សជុំវិញខ្លួន និងខ្លួនឯង ដូចជា ការនិយាយពាក្យល្អៗទៅកាន់ពួកគាត់ បង្ហាញពីអារម្មណ៍ស្រឡាញ់ពួកគាត់។
កញ្ញា ឌឹម វណ្ណេត ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ
«ខ្ញុំគិតថា ថ្ងៃនៃក្ដីស្រឡាញ់ (១៤ កុម្ភៈ) ជាថ្ងៃធម្មតា ព្រោះថ្ងៃណាក៏ជាថ្ងៃនៃក្ដីស្រឡាញ់ដែរ។»
កញ្ញា ឌឹម វណ្ណេត និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ
កញ្ញា ឌឹម វណ្ណេត ក៏បានផ្ដាំផ្ញើដល់យុវជនគួរចំណាយពេលជាមួយគ្រួសារឱ្យបានច្រើន ព្រោះយើងមិនដឹងថា មនុស្សជាទីស្រឡាញ់របស់យើងរស់នៅជាមួយយើងបានយូរប៉ុណ្ណាទេ។ ដូច្នេះ មានតែយើងចំណាយពេលវេលានៅជាមួយពួកគាត់ បង្ហាញក្ដីស្រឡាញ់របស់យើងទៅពួកគាត់ជារៀងរាល់ថ្ងៃ មិនមែនតែថ្ងៃ១៤ កុម្ភៈ នេះទេ៕