សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។
វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានជួយផ្ដល់ជាដំណោះស្រាយផ្សេងៗ ធ្វើឱ្យជីវិតមនុស្សកាន់តែល្អប្រសើរ និងងាយស្រួលជាងមុន។ ទន្ទឹមគ្នានេះ នៅពេលដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្តវិវត្តន៍ក្នុងល្បឿនមួយយ៉ាងលឿន មនុស្សមានភាពចាំបាច់ត្រូវចេះប្រើប្រាស់ និងត្រួតពិនិត្យឱ្យបានហ្មត់ចត់លើបច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មីដែលអាចមានឥទ្ធិពលកែប្រែពិភពលោក។
ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ (AMMSTI-20) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានជួយផ្ដល់ជាដំណោះស្រាយផ្សេងៗ ធ្វើឱ្យជីវិតមនុស្សកាន់តែល្អប្រសើរ និងងាយស្រួលជាងមុន, ជួយពង្រីកវិសាលភាព និងលទ្ធភាពនៃការគ្រប់គ្រងរបស់មនុស្សជាតិទៅលើសង្គម ធម្មជាតិ និងភពផែនដី។
កិច្ចប្រជុំរដ្ឋមន្ដ្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ (AMMSTI-20)
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ជាមួយនឹងការរីកចម្រើន នៃបច្ចេកវិទ្យា មនុស្សបានកាត់បន្ថយចម្ងាយនៃភូមិសាស្ត្រ, បង្កើនល្បឿន និងពង្រឹងសកលភាវូបនីយកម្ម ដែលបានជួយធ្វើឱ្យពិភពលោកកាន់តែខិតជិតគ្នា និងបានផ្ដល់នូវឱកាសជាច្រើន នៅលើទិដ្ឋភាពនៃការចែករំលែកចំណេះដឹង និងការបង្កើតធនធានសេដ្ឋកិច្ចសម្រាប់ពិភពលោកទាំងមូល។
ជាមួយគ្នានេះ ការអភិវឌ្ឍធនធានមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានក្នុងការជំរុញផលិតកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ មូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ។ លើសពីនេះ ការវិនិយោគក្នុងការអភិវឌ្ឍធនធានមនុស្ស មានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃតម្រូវការការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ផ្ដោតលើអាទិភាពចំនួន៥ រួមមាន ១. ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ២. ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ៣. ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ៤. ការពង្រឹងប្រព័ន្ធការពារសង្គម និងប្រព័ន្ធស្បៀង ៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយ្យធម៌ខ្ពស់ប្រកបដោយ សីលធម៌ សុជីវធម៌ និងបរិយាបន្ន។
ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET)
នៅក្នុងបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស មុំទី១ បង្ហាញអំពី ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ គោលដៅជាយុទ្ធសាស្ត្រ គឺការបង្កើតបរិយាកាសល្អសម្រាប់ការអប់រំ និងការបណ្ដុះបណ្តាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ ដោយផ្ដោតលើការពង្រឹងអភិបាលកិច្ចនៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា, គុណភាពនៃការបណ្តុះបណ្តាលគ្រប់កម្រិត, ការបង្កើនគុណភាព និងការចូលរៀនមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM), និងការពង្រឹងការអប់រំកាយ និងកីឡា ។
សម្រាប់មុំទី២ បង្ហាញពី ការបណ្តុះបណ្តាលជំនាញបច្ចេកទេស។ ក្នុងនោះ គោលដៅជាយុទ្ធសាស្ត្រ គឺការធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, ការបង្កើនការចុះឈ្មោះចូលរៀន, ការរៀបចំជំនាញឡើងវិញ និងការបង្កើនជំនាញ (Reskilling and Upskilling), ការពង្រឹងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍជំនាញ, ការដោះស្រាយបញ្ហា នៃភាពមិនស៊ីសង្វាក់គ្នា រវាងការបណ្តុះបណ្តាល និងតម្រូវការ, ទាំងប្រភេទ និងគុណភាពជំនាញ, ការពង្រឹង ការតាមដាន, ការត្រួតពិនិត្យ និងការវាយតម្លៃ ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រដែលត្រូវបានដាក់ចេញ។
គួរជម្រាបជូនថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះ៥ គឺ៖ “មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕