«មេដាយមាសដែលទទួលបាននេះ! ខ្ញុំចង់បង្ហាញថា សិស្សកម្ពុជាក៏អាចធ្វើបានដែរនៅលើឆាកអន្តរជាតិ ក្នុងការប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិ»។ នេះជាការលើកឡើងរបស់ យុវសិស្ស ង៉ូ ហុកខាយ សិស្សថ្នាក់ទី១០ នៃសាលារៀនប៊ែលធីអន្តរជាតិ និងជាម្ចាស់ជ័យលាភីមេដាយមាស ក្នុងកម្មវិធីប្រឡងគណិតវិទ្យាអន្តរជាតិសិង្ហបុរី-អាស៊ី (SIMOC) ឆ្នាំ២០២៤។
យុវសិស្ស ង៉ូ ហុកខាយ បានប្រាប់ឱ្យដឹងថា កត្តាដែលជំរុញឱ្យរូបគេចូលរួមប្រឡងគណិតវិទ្យាអន្តរជាតិអាស៊ី-សិង្ហបុរី (SIMOC) ឆ្នាំ២០២៤ មានកត្តាចម្បងដូចជា ទី១ គ្រួសារបានលើកទឹកចិត្ត និងធ្វើជាគំរូសម្រាប់រូបគេយល់ឃើញថា ការប្រឡងគណិតវិទ្យាអន្តរជាតិ ជារឿងល្អមួយដើម្បីវាស់ស្ទង់សមត្ថភាពផ្នែកគណិតវិទ្យា, ទី២ កត្តាខ្លួនឯង ដោយសាររូបគេផ្ទាល់ចូលចិត្តនូវមុខវិជ្ជាគណិតវិទ្យា ដែលជាកត្តាមួយដែលធ្វើឱ្យរូបគេចង់តេស្តសមត្ថភាពខ្លួនឯង ហើយក៏ចង់សាកល្បង និងចង់ដឹងសមត្ថភាពរបស់សិស្សដែលមកពីបណ្ដាប្រទេសផ្សេងៗទៀតដែលចូលរួមមានរហូត ៣០ប្រទេសទូទាំងពិភពលោក និងចង់បង្ហាញថា កូនខ្មែរអាចធ្វើបាន។
យុវសិស្ស ង៉ូ ហុកខាយ
ក្នុងការទៅប្រឡងផ្ទាល់នៅប្រទេសសិង្ហបុរី ហុកខាយ បានជួបឧបសគ្គជាច្រើន ដែលពេលនេះធ្វើឱ្យរូបគេគិតថា មិនអាចយកមេដាយមាសបាននោះទេ ព្រោះលំហាត់មួយចំនួនមើលអត់យល់ និងពិបាកខ្លាំង។ ផ្ទុយទៅវិញ នៅក្នុងអំឡុងពេលប្រឡង រូបគេបែរជាអាចដោះស្រាយបញ្ហា និងឧបសគ្គមួយចំនួនបានល្អ ដោយរូបគេបានស្រាវជ្រាវ គិតស្វែងយល់ពីសំណួរ និងខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយរហូតទទួលបានជោគជ័យ។
ម្ចាស់មេដាយមាសគណិតវិទ្យាអន្តរជាតិរូបនេះ បញ្ជាក់ថា គន្លឹះដែលធ្វើឱ្យរូបគេទទួលបានជោគជ័យនៅក្នុងការប្រឡងគណិតវិទ្យា SIMOC រហូតអាចទទួលបានមេដាយមាសនេះ គឺដោយសារការហ្វឹកហាត់លំហាត់គណិតវិទ្យាជាប្រចាំ ដោយរូបគេតែងតែទទួលបានការបង្រៀនពីលោកគ្រូ អ្នកគ្រូ មិត្តភក្ដិ និងការកែលម្អពីមនុស្សនៅជុំវិញខ្លួន ដែលធ្វើឱ្យរូបគេទទួលបាននូវសមត្ថភាពមួយដែលខ្ពស់នៅក្នុងអំឡុងពេលសិក្សាស្រាវជ្រាវ និងពង្រឹងនូវសមត្ថភាពដើម្បីចូលរួមប្រកួតប្រជែងនៅកម្មវិធី SIMOC នេះ។ លើសពីនេះ រូបគេក៏បានការខិតខំប្រឹងប្រែងស្វែងយល់ និងស្រាវជ្រាវនូវវិញ្ញាសាចាស់ៗដែលធ្លាប់ចេញឆ្នាំមុនៗ ដូចជា វិញ្ញាសាចាប់ពីឆ្នាំ២០១៩, ២០២២, ២០២៣ យកមករួមចូលគ្នាហើយចងក្រងជាវិញ្ញាសាមួយដុំ ដើម្បីដោះស្រាយ។
បើតាម យុវសិស្ស ហុកខាយ បញ្ជាក់ថា ការប្រឡងគណិតវិទ្យា SIMOC មានវិន័យតឹងរឹងល្អ ដែលតម្រូវឱ្យសិស្សជាបេក្ខជនប្រឡង ត្រូវអង្គុយដោះស្រាយលំហាត់ដោយស្ងៀមស្ងាត់ និងមិនអនុញ្ញាតិឱ្យប្រើប្រាស់ម៉ាស៊ីនគិតលេខនោះទេ។ នេះអាចបញ្ជាក់បានថា គុណភាពនៃការប្រឡងមានស្តង់ដាខ្ពស់ និងអាចវាស់ស្ទង់សមត្ថភាពបានសិស្សពិតប្រាកដ។
កម្មវិធីប្រឡងគណិតវិទ្យាអន្តរជាតិសិង្ហបុរី-អាស៊ី (SIMOC) ឆ្នាំ២០២៤
ឆ្លៀតក្នុងឱកាសនេះ ហុកខាយ ក៏បានលើកទឹកចិត្តឱ្យយុវជនខ្មែរគ្រប់រូបដែលចូលចិត្ត និងស្រឡាញ់នូវមុខវិជ្ជាគណិតវិទ្យា សូមចូលរួមប្រឡងគណិតវិទ្យា SIMOC ឱ្យបានគ្រប់ៗគ្នា ព្រោះថាវាគឺជាកម្មវិធីមួយដែលធ្វើឱ្យយើងដឹងនូវចំណុចខ្វះខាត និងសមត្ថភាពគណិតវិទ្យារបស់យើងឱ្យបានកាន់តែច្បាស់។ លើសពីនេះ ជាកម្មវិធីមួយដែលវាស់ស្ទង់សមត្ថភាព និងប្រកួតប្រជែងជាមួយសិស្សមកពីប្រទេសដទៃទៀត។ ដូច្នេះ នៅពេលដែលយើងមានសមត្ថភាពផ្នែកគណិតវិទ្យា ហើយអាចដោះស្រាយបញ្ហាដោយប្រើប្រាស់គណិតវិទ្យា យើងក៏ត្រូវប្រើប្រាស់វាទៅប្រកួតប្រជែងជាមួយប្រទេសដទៃ ដើម្បីលើកមុខមាត់ប្រទេសកម្ពុជាថា សិស្សកម្ពុជាក៏អាចធ្វើបានដែរនៅលើឆាកអន្តរជាតិ នៅលើមុខវិជ្ជាគណិតវិទ្យា ហើយវាក៏ជារឿងមួយដែលធ្វើសិស្សកម្ពុជាគ្រប់រូបអាចឈានទៅមុខទទួលបាននូវភាពជោគជ័យ ព្រមទាំងអាចអភិវឌ្ឍសមត្ថភាពរហូតអាចជួយប្រែក្លាយប្រទេសកម្ពុជាឱ្យរីកចម្រើននៅពេលអនាគត។
គួរជម្រាបជូនថា យុវសិស្ស ង៉ូ ហុកខាយ ធ្លាប់ទទួលបានមេដាយមាស ក្នុងការប្រកួតគណិតវិទ្យា AMO 2023 ក៏ដូចជាការប្រកួតគណិតវិទ្យា SASMO 2023 ។ ដោយឡែកនៅឆ្នាំ២០២៤នេះ ហុកខាយ ក៏ទទួលបានមេដាយមាសក្នុងការប្រកួតគណិតវិទ្យា AMO 2024 , ទទួលបានមេដាយប្រាក់ក្នុងការប្រកួតគណិតវិទ្យា SIMSO 2024 និងទទួលបានមេដាយសំរឹទ្ធក្នុងការប្រកួតគណិតវិទ្យា WMI 2024 ៕