សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត
រដ្ឋាភិបាលវៀតណាមកំពុងលើកទឹកចិត្តឱ្យមានការអប់រំភាសាជប៉ុន សម្រាប់សិស្សចាប់ពីថ្នាក់ទី៣ ដល់ទី១២ ហើយតំបន់នីមួយៗ អាចបង្កើតផែនការផ្ទាល់ខ្លួន សម្រាប់ការបង្រៀនភាសាជប៉ុនជាមុខវិជ្ជាចាំបាច់នៅក្នុងសាលាមួយចំនួន, នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express ។
រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្ដុះបណ្ដាល លោក Nguyen Kim Son និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសវៀតណាម លោក Ito Naoki បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្រាប់ការបង្រៀនភាសាជប៉ុននៅអនុវិទ្យាល័យ ចំពោះមុខនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ នៅទីក្រុងហាណូយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្ដុះបណ្ដាល លោក Nguyen Kim Son និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសវៀតណាម លោក Ito Naoki បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្រាប់ការបង្រៀនភាសាជប៉ុន។ ប្រភព ៖ VN Express
នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba និងភរិយា បានមកដល់ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ ដើម្បីបំពេញទស្សនៈកិច្ចរយៈពេលបីថ្ងៃ។ ក្នុងជំនួបទេ្វភាគី ជប៉ុន និងវៀតណាមព្រមព្រៀងសហការ និងលើកកម្ពស់ការអប់រំភាសាជប៉ុន ដើម្បីទសវត្សរ៍បន្ទាប់។
ដោយផ្អែកលើតម្រូវការរបស់សិស្ស និងលក្ខខណ្ឌក្នុងស្រុក អាជ្ញាធរមូលដ្ឋានអាចពិចារណា លើការបង្រៀនភាសាជប៉ុន ជាភាសាបរទេសដំបូង (មុខវិជ្ជាចាំបាច់) នៅសាលាបឋមសិក្សា និងមធ្យមសិក្សាមួយចំនួន។
នៅក្នុងតំបន់ ដែលបង្រៀនភាសាជប៉ុនជាភាសាបរទេសទី២ (មុខវិជ្ជាជ្រើសរើស) នៅកម្រិតមធ្យមសិក្សា និងវិទ្យាល័យ អាជ្ញាធរវៀតណាមនឹងធានានូវការគាំទ្រ ដើម្បីឱ្យការសិក្សាមានស្ថិរភាព។
ប្រទេសជប៉ុននឹងផ្ដល់ការគាំទ្រដល់សាលារៀនដែលបង្រៀនភាសាជប៉ុន ដោយបញ្ជូនអ្នកជំនាញ ដើម្បីជួយកែលម្អកម្មវិធីសិក្សា និងអភិវឌ្ឍសៀវភៅសិក្សា ព្រមទាំងផ្ដល់សម្ភារៈសិក្សា និងឯកសារយោង។
តាមរយៈការគាំទ្រនេះ ជប៉ុននឹងផ្ដល់ការបណ្ដុះបណ្ដាលគ្រូ និងជួយបង្រៀនក្នុងថ្នាក់មួយចំនួន ព្រមទាំងផ្ដល់ឱកាសដល់សិស្ស និងគ្រូបង្រៀន ដើម្បីទៅទស្សនៈកិច្ចសិក្សា ចូលរួមក្នុងការផ្លាស់ប្ដូរវប្បធម៌នៅប្រទេសជប៉ុន។
ក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលប្រទេសទាំង ២ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ការណែនាំភាសាជប៉ុននៅកម្រិតបឋមសិក្សា និងពង្រឹងការបង្រៀននៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ។
ភាសាជប៉ុន ត្រូវបានសាកល្បងប្រើជាភាសាបរទេសទី២ ដែលចាប់ផ្ដើមនៅឆ្នាំសិក្សា ២០០៣-២០០៤ ហើយជាភាសាបរទេសទី១ នៅសាលាមួយចំនួនក្នុងឆ្នាំ២០១៦-២០១៧។
នៅឆ្នាំ២០២១ ក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម បានបង្កើតកម្មវិធីសិក្សាភាសាជប៉ុនថ្នាក់ជាតិ ដោយកំណត់ភាសាជប៉ុនជាភាសាបរទេសទី១ ហើយមុខវិជ្ជានេះ ត្រូវបានបង្កើតឡើង ជាជម្រើសសម្រាប់សិស្សចាប់ពីថ្នាក់ទី ៣។
ឆ្នាំនេះ កម្មវិធីប្រកួតប្រជែងសិស្សពូកែថ្នាក់ជាតិ ក៏មានរួមបញ្ចូលការប្រឡងភាសាជប៉ុនផងដែរ។ យោងតាមទិន្នន័យ ដែលចេញផ្សាយដោយក្រសួងក្នុងឆ្នាំ២០២៣ ក្នុងចំណោមសិស្សជាង ៦ម៉ឺននាក់ ដែលរៀនភាសាបរទេសក្រៅពីភាសាអង់គ្លេសនៅក្នុងសាលារៀន ភាគច្រើនសិស្សវៀតណាម ជ្រើសរើសរៀនភាសាបារាំង ឬជប៉ុន ប៉ុន្តែភាសាជប៉ុនត្រូវបានបង្រៀនជាភាសាចម្បងក្នុងទីក្រុងធំៗមួយចំនួន៕