កាលពីពេលថ្មីៗនេះ BBC Media Action បានបង្ហាញពីលទ្ធផលស្រាវជ្រាវរបស់ខ្លួន ដោយរកឃើញថា ការចូលរួមរបស់យុវជនតាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយ បានរួមចំណែកជំរុញឱ្យយុវជន ចូលរួមចូលរួមកិច្ចការសង្គមកាន់តែច្រើនទៅៗ នេះបើធៀបទៅនឹងពេលដែលពួកគេមិនទាន់បានឃើញការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការរួមចំណែករបស់យុវជន ទៅកាន់សហគមន៍ ដែលពួកគេកំពុងរស់នៅ ឬការចូលរួមជាមួយកិច្ចការសង្គមជាទូទៅ។
ការស្រាវជ្រាវរបស់ BBC Media Action គឺតាមរយៈការស្វែងយល់ពីឥទ្ធិពលនៃខ្លឹមសារ និងសកម្មភាពពហុប្រព័ន្ធផ្សព្វផ្សាយទៅលើគម្រោង Klahan9 SPACE ដែលផ្តោតលើយុវជន និងចំណេះដឹង និងអាកប្បកិរិយារបស់ឪពុកម្តាយ ដើម្បីបង្កើនការចូលរួមរបស់យុវជនជាមួយសហគមន៍។
យោងតាមសេចក្តីប្រកាសរបស់ BBC Media Action បានឱ្យដឹងថា Klahan9 SPACE បានរីកសាយភាយទៅដល់ប្រជាជនជាង ២,៤លាននាក់នៅកម្ពុជា តាមរយៈមាតិកាប្រព័ន្ធផ្សព្វផ្សាយ និងសកម្មភាពផ្សព្វផ្សាយផ្សេងៗ ហើយតាមរយៈលទ្ធផលនៃការស្ទង់មតិបង្ហាញថា គម្រោងនេះបានជួយលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋ និងផ្តល់អំណាចដល់យុវជនកម្ពុជាជំនាន់ថ្មីឱ្យចូលរួមក្នុងសហគមន៍។ ជាឧទាហរណ៍ អត្រាចូលរួមផ្លូវការបានកើនឡើងពី ២៦ភាគរយក្នុងឆ្នាំ ២០២១ ដល់ ៤២ភាគរយក្នុងឆ្នាំ២០២៤។ និន្នាការស្រដៀងគ្នានេះត្រូវបានគេសង្កេតឃើញក្នុងចំណោមក្រុមមនុស្សវ័យចំណាស់ដែលបានចូលរួមក្នុងគម្រោង Klahan9 SPACE បានបង្ហាញឱ្យឃើញថា ៩០ភាគរយនៃក្រុមនេះ បានគាំទ្រដល់ការចូលរួមរបស់យុវជនក្នុងការប្រជុំសហគមន៍ផ្សេងៗ បើធៀបទៅនឹង ៧២ភាគរយក្នុងចំណោមអ្នកដែលមិនបានចូលរួម។