ក្រសួងអប់រំ យុវជន និងកីឡា នឹងសាកល្បងអនុវត្តគន្លងអប់រំថ្មីរួមមាន គន្លងវិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ នៅតាមវិទ្យាល័យនានាដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ដែលមានដំណើរការសេដ្ឋកិច្ច។
ក្នុងកិច្ចប្រជុំស្តីពី “ការត្រៀមអនុវត្តគន្លងអប់រំថ្មីនៅមធ្យមសិក្សាទុតិយភូមិ” កាលពីពេលពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការសាកល្បងអនុវត្តគន្លងអប់រំថ្មីនេះ គឺតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយក្រសួងអប់រំ នឹងអនុវត្តកម្មវិធីអប់រំតម្រង់ទិសការសិក្សាដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ នៅអនុវិទ្យាល័យ និងវិទ្យាល័យនានា។ សម្តេចនាយករដ្ឋមន្ដ្រីបានណែនាំក្រសួងអប់រំ ត្រូវពង្រឹងការអប់រំបច្ចេកទេស និងដាក់ឱ្យអនុវត្ត «គន្លងអប់រំ» តាមច្រកចំនួន៣ គឺគន្លងវិទ្យាសាស្ត្រពិត គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងអប់រំវិជ្ជាជីវៈ នៅតាមសាលារៀន ដើម្បីផ្តល់ឱ្យសិស្សានុសិស្ស និងយុវជននូវមាគ៌ាផ្សេងៗគ្នា ទៅកាន់អាជីពជោគជ័យ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
បើតាមប្រសាសន៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បច្ចុប្បន្នក្រសួងអប់រំ បាននិងកំពុងរៀបចំសេចក្តីព្រាង ស្តីពីសេចក្តីណែនាំការតម្រង់ទិស ការអនុវត្តការអប់រំបច្ចេកទេស និងការធ្វើមគ្គុទ្ទេសក៍អាជីព (Career guidance) ហើយឆាប់ៗនេះ ក្រសួងអប់រំ នឹងចេញសេចក្តីណែនាំឱ្យគ្រឹះស្ថានមធ្យមសិក្សាទាំងអស់អនុវត្តកម្មវិធីអប់រំតម្រង់ទិសការសិក្សា ដើម្បីឱ្យសិស្សសិក្សាឈ្វេងយល់ពីខ្លួនឯង រៀបចំផែនការសិក្សា និងផែនការអាជីព និងជួយសិស្សក្នុងការសម្រេចចិត្តជ្រើសរើសគន្លងអប់រំចាប់ពីថ្នាក់ទី១០ទៅ។
រដ្ឋមន្រ្តីក្រសួងអប់រំ បញ្ជាក់ថា ការពិនិត្យឡើងវិញនូវគន្លងអប់រំ ត្រូវបានធ្វើឡើងក្នុងបរិការណ៍មួយចាំបាច់ ដែលប្រទេសកម្ពុជាត្រូវរៀបចំប្រព័ន្ធអប់រំរបស់ខ្លួនឱ្យឆ្លើយតបទាន់ពេលវេលាទៅនឹងដំណើរវិវត្តនៃការអប់រំ និងសេដ្ឋកិច្ចក្នុងតំបន់ និងក្នុងសកលលោក។ ការរៀបចំគន្លងអប់រំដែលមានភាពបត់បែន និងផ្តោតលើសមត្ថភាព និងចំណង់ចំណូលចិត្តរបស់សិស្ស ជាយន្តការចាំបាច់ ដើម្បីដោះស្រាយបញ្ហាខ្វះមូលធនមនុស្សជំនាញ ឆ្លើយតបនឹងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា កាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សានៅមធ្យមសិក្សា ជំរុញការចូលរៀននៅឧត្តមសិក្សា ជាពិសេសលើជំនាញស្ទែម និងការបង្កើនអត្រាសិស្សចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលចាំបាច់សម្រាប់ទីផ្សារការងារ។
កិច្ចប្រជុំស្តីពី “ការត្រៀមអនុវត្តគន្លងអប់រំថ្មីនៅមធ្យមសិក្សាទុតិយភូមិ”
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា ការរៀបចំគន្លងអប់រំមួយដែលពិចារណាលើទិដ្ឋភាពចម្រុះ នឹងជំរុញកិច្ចពិភាក្សាលើការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងកម្មវិធីសិក្សា ដើម្បីតម្រង់ទិសសិស្សក្នុងភូមិសិក្សានីមួយៗ, កំណត់លទ្ធភាពវិនិយោគ និងគន្លងអប់រំតាមស្ថានភាពសាលារៀន និងកំណត់គុណវុឌ្ឍិគ្រូបង្រៀន ស្របតាមគន្លងអប់រំ និងស្ថានភាពសាលារៀនជាដើម។ ជាពិសេសនឹងផ្តល់អត្ថប្រយោជន៍ដូចជា ការបង្កើតថ្នាលអ្នកវិទ្យាសាស្រ្ត ថ្នាលសិស្សពូកែ និងការពង្រឹងទំនាក់ទំនងនិងភាពបត់បែនរវាងគន្លងអប់រំទូទៅ និងគន្លងអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានផ្តល់អនុសាសន៍ដល់ក្រុមការងារឱ្យបន្តយកចិត្តទុកដាក់សហការគ្នា ដើម្បីស្វែងរកទិន្នន័យជាក់លាក់ជាទឡ្ហីករណ៍សម្រាប់ការវិភាគ និងពន្យល់បន្ថែម, រៀបចំក្រុមការងារចុះទៅស្វែងយល់ពីសា្ថនភាពតាមតំបន់គោលដៅ និងសាលារៀន ដើម្បីសិក្សាពីតម្រូវការទីផ្សារជាក់ស្តែង មុខវិជ្ជាដែលត្រូវសិក្សា និងធនធានចាំបាច់សម្រាប់ដំណើរការកម្មវិធីសិក្សា ដើម្បីដាក់ចេញជាវិធានការឆ្លើយតប។ ធ្វើការពិនិត្យ និងវាយតម្លៃយន្តការបណ្ដុះបណ្ដាល និងមុខវិជ្ជាដែលសិក្សាកន្លងមក ដើម្បីបន្តកែលម្អឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារ ជាពិសេសរៀបចំយន្តការវាយតម្លៃ និងតាមដានអត្រាជោគជ័យនៃការទទួលបានការងារធ្វើរបស់សិស្សដែលបញ្ចប់ការបណ្ដុះបណ្ដាល និងបន្តពង្រឹងការផ្សារភ្ជាប់រវាងការបណ្តុះបណ្ដាល និងការអនុវត្តផ្ទាល់នៅក្នុងឧស្សាហកម្មជាក់ស្តែង៕