ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ ខេត្តកែបជាខេត្តទី៦ ដែលសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នាព្រឹកថ្ងៃទី១៥ ខែសីហា ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អំពាវនាវដល់ខេត្តដែលបានប្រកាសការបញ្ចប់បន្ទោរបង់ពាសវាលពាសកាល សូមកុំត្រឡប់មកជាខេត្តដែលបន្ទោរបង់ពាសវាលពាសកាលវិញ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា ខេត្តកែបជាខេត្តទី៦ហើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ។ ការសម្រេចបាននេះ មានន័យថា គ្រប់ខ្នងផ្ទះទាំងអស់នៅក្នុងខេត្តកែបមានបង្គន់អនាម័យផ្ទាល់ខ្លួន ឬមានបង្គន់អនាម័យរួមគ្នាប្រើប្រាស់ ។ ឯកឧត្តមបញ្ជាក់ថា លទ្ធផលដែលទទួលបាននាពេលនេះ បានឆ្លុះបញ្ចាំងពីការចូលរួម និងការខិតខំប្រឹងប្រែងរបស់ខេត្តទាំងមូល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត (PWG) មន្ទីរអភិវឌ្ឍន៍ជនបទ ក៏ដូចជាមន្ទីរពាក់ព័ន្ធដៃគូអភិវឌ្ឍន៍នានា និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។
«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅតែបន្តការចូលរួម និងជម្រុញការងារផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF»
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប លើកឡើងថា ឯកឧត្តមផ្ទាល់តែងតែមានការប្រុងប្រយ័ត្នចំពោះជ័យលាភីរបស់ខេត្តកែបតាំងពីដើមមក ដោយឯកឧត្តមមានទស្សនៈមួយថា ការដណ្ដើមយកពានរង្វាន់ ដណ្ដើមយកខ្សែក្រវ៉ាត់ ឬជ័យលាភីជារឿងមួយដ៏លំបាក ប៉ុន្តែអ្វីដែលលំបាកគឺការការពារខ្សែក្រវ៉ាត់ ការពារជ័យលាភី ដើម្បីកុំឱ្យធ្លាក់ ឬថយ ។ ឯកឧត្តមបណ្ឌិត បន្តថា ពេលនេះយើងបានបញ្ចប់នូវការបន្ទោរបង់ពាសវាលពាសកាល ដោយប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះ គ្រប់គ្រួសារ មានបង្គន់ប្រើប្រាស់ ប៉ុន្តែអ្វីដែលយើងខិតខំបន្តទៀត គឺការផ្សព្វផ្សាយ អប់រំ ប្រមូលផ្ដុំតាមសហគមន៍របស់ប្រជាពលរដ្ឋជាប្រចាំ រួមមានក្រុមការងារថ្នាក់ជាតិ ក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារផ្សេងៗទៀតក៏បានចុះទៅដល់ខ្នងផ្ទះ ផ្សព្វផ្សាយជាព័ត៌មាន បង្ការទប់ស្កាត់ និងឆ្លើយតបផងដែរ។
«ប្រជាពលរដ្ឋដែលប្រើប្រាស់បង្គន់រួមក្នុងគ្រួសារ ត្រូវតែជំរុញឱ្យមានបង្គន់ប្រើប្រាស់កាន់តែច្រើនទៀត»
ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប
ពានជ័យលាភី ODF និងប្រកាសនីយប័ត្រខេត្ត
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក៏បានសម្តែងការប្តេជ្ញាចិត្តដែរថា ខេត្តកែបនៅតែបន្តជំរុញការលើកកម្ពស់ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលបន្ថែមទៀតចំពោះករណីដែលនៅសល់ប្រមាណជាង ២០០ខ្នងផ្ទះ ឬស្មើនឹង៣ភាពរយ ។ ឯកឧត្តមបណ្ឌិតបន្តថា ការងារនេះមិនបញ្ចប់តែត្រឹមនេះទេ ត្រូវខំជំរុញបន្តទៀតតាមរយៈការរៀបចំផែនការសកម្មភាពបីឆ្នាំរំកិល និងផែនការអភិវឌ្ឍន៍ជាប្រចាំ។ ដូច្នេះ មន្ទីរអភិវឌ្ឍន៍ជនបទ ក៏ដូចជា អាជ្ញាធរក្រុងសង្កាត់ត្រូវបញ្ចូលផែនការសកម្មភាពនៃការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនេះ ដើម្បីជំរុញឱ្យមានការប្រើប្រាស់បង្គន់ និងបន្ទប់ទឹកគ្រប់ខ្នងផ្ទះនៅក្នុងភូមិសាស្រ្តរបស់ខេត្តកែប។
គួរជម្រាបជូនថា នៅក្នុងពិធីនេះ ក៏មានការផ្ដល់ជូនពានជ័យលាភី ODF និងប្រកាសនីយប័ត្រខេត្តដល់អភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ផ្ដល់ជូនបណ្ណសរសើរជូនទៅដល់ថ្នាក់ដឹកនាំខេត្ត និងអង្គការដៃគូ ព្រមទាំងមានការហែរក្បួនអបអរសាទរខេត្តកែប ជាខេត្តលែងមានការបន្ទោរបង់ពាសវាលពាសកាល៕