«ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០» នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសួនខាងមុខ City Hall កោះពេជ្រ ក្រោមប្រធានបទ “សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ”។
ថ្លែងក្នុងសន្និសីទ្ធសារព័ត៌មាន នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រៀបចំឡើងក្នុងគោលបំណងជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅ ហើយជាសារមួយដើម្បីបញ្ជូនដល់យុវជនឱ្យស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍចំណេះដឹង និងបង្កើនគំនិតសម្រាប់ការសិក្សា និងការងារ។ ស្របគ្នា ពិព័រណ៍នេះ ក៏ដើម្បីបណ្ដុះទឹកចិត្តកុមារឱ្យស្រឡាញ់ និងចូលចិត្តសៀវភៅតាំងពីតូចៗមក ក៏ដូចជាគាំទ្រឧស្សាហកម្មបោះពុម្ភផ្សាយនៅកម្ពុជា និងនៅក្នុងពិភពលោក។ ជាពិសេស លើកទឹកចិត្តដល់កវី អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ដើម្បីបង្កើនស្នាដៃថ្មីៗបន្ថែមទៀត ។
លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជាក់បន្ថែមថា សកម្មភាពនៅក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រួមមាន ១. ការចូលរួមតាំងសៀវភៅ ពីគ្រឹះស្ថានបោះពុម្ភផ្សាយ អ្នកនិពន្ធ និងបណ្ណាគារនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា សៀវភៅមួយចំនួននឹងដាក់លក់នៅក្នុងតម្លៃពិសេស។ ២. វេទិកាបោះពុម្ភផ្សាយតាមប្រពន្ធអេឡិចត្រូនិច ៣. ការធ្វើបទបង្ហាញនានាទាក់ទងនឹងអក្សរសិល្ប៍ខ្មែរ និងវិទ្យាសាស្រ្ត ៤. ការនិពន្ធសៀវភៅទៅជាខ្សែភាពយន្ត និងការអភិវឌ្ឍជំនាញការអានចាប់ផ្ដើមអំណានពីដំណាក់កាលដំបូងនៃជីវិតរួមទាំងអំណានថ្នាក់ដំបូង ៥. ការចូលរួមពិភាក្សា និងការទទួលយកបទពិសោធពីអ្នកនិពន្ធល្បីៗ និងមានការចុះហត្ថលេខាពីអ្នកនិពន្ធ និងវិចិត្រករ ៦. កម្មវិធីអានរឿង និងល្បែងសិក្សាសម្រាប់កុមារ និង៧. កម្មវិធីប្រគុំតន្រ្តីនិងសំណួរចម្លើយចាប់យករង្វាន់។
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា (Sipar) ជាប្រធានសមាគមបណ្ណាល័យកម្ពុជា និងជាអនុប្រធានសមាគមអ្នកបោះពុម្ពផ្សាយកម្ពុជា មានប្រសាសន៍ថា សៀវភៅកន្លងមកពិបាកផ្នែកទីផ្សារ ដូច្នេះហើយទើបពិពរ័ណ៍សៀវភៅកម្ពុជា មានគោលបំណងជំរុញឱ្យសៀវភៅក្លាយជាវិស័យឧស្សាហកម្មមួយ។ ក្នុងនោះ ឧស្សាហកម្មក្នុងវិស័យវប្បធម៌មានច្រើនរួមមាន ឧស្សាហកម្មភាពយន្ត ឧស្សាហកម្មសិល្បៈ សារៈមន្ទីរ សៀវភៅ ជាដើម។
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា (Sipar) ជាប្រធានសមាគមបណ្ណាល័យកម្ពុជា និងជាអនុប្រធានសមាគមអ្នកបោះពុម្ពផ្សាយកម្ពុជា
«យើងសប្បាយចិត្តដោយសារកម្មវិធីពិព័រណ៍សៀវភៅកម្ពុជាកន្លងមករយៈពេល៣ថ្ងៃមានមនុស្សចូលរួមត្រឹមតែ១ពាន់នាក់ តែមកដល់ឥឡូវអាចមានអ្នកចូលរួមជាង១០ម៉ឺននាក់ ដែលជាការលើកទឹកចិត្តដ៏ខ្លាំងមួយ ប៉ុន្តែតួលេខនេះក៏មិនទាន់អួតប្រាប់គេថាយើងមានអ្នកអានច្រើនដែរ»
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា (Sipar) និងជាអនុប្រធានសមាគមអ្នកបោះពុម្ពផ្សាយកម្ពុជា
លោក ហុក សុទ្ធិ បញ្ជាក់បន្ថែមថា សៀវភៅពុំមែនជាទំនិញដទៃដូចម្ហូបអាហារ ឬជាគ្រឿងស្រវឹងទេ ព្រោះសៀវភៅជាផលិតផលវប្បធម៌ ហើយពុំមែនបង្កើតឡើងដោយងាយៗទេ គឺជាការបង្កើតដោយមានសិល្បៈ ចំណេះ ជំនាញជាច្រើនបញ្ជូលគ្នាដើម្បីផ្ដល់គំនិត និងការអប់រំដល់អ្នកអាន។ ទន្ទឹមគ្នានេះ ក្រៅពីប្រទេសកម្ពុជា ពិព័រណ៍សៀវភៅក៏មានការប្រារព្ធធ្វើឡើងនៅប្រទេសវៀតណាម ថៃ ភូមា ផងដែរ ដើម្បីជាមធ្យោបាយជំរុញវិស័យសៀវភៅឱ្យរីកចម្រើនឡើង ព្រោះប្រសិនបើគ្មានពិព័រណ៍សៀវភៅនេះទេ យើងពិបាកនឹងផ្សព្វផ្សាយសៀវភៅដើម្បីធ្វើឱ្យសៀវភៅមានទីផ្សារ។
បើតាមមន្ត្រីគ្រប់គ្រងការរៀបចំពិព័រណ៍សៀវភៅ លោកស្រី ខ្លូត វិបុលឡា បានឱ្យដឹងថា ពិព័រណ៍សៀវភៅកម្ពុជារៀបចំឡើងដំបូងនៅឆ្នាំ២០១១ ដែលមានពាក្យស្លោកថា រួមគ្នាអានដើម្បីអភិវឌ្ឍន៍ ដែលគិតមកដល់ឆ្នាំ ២០២៣នេះ ពិព័រណ៍សៀវភៅត្រូវបានធ្វើឡើងចំនួន១០លើក។ លោកស្រី ខ្លូត វិបុលឡា បញ្ជាក់បន្ថែមថា កម្មវិធីពិព័រណ៍សៀវភៅលើកទី១០ ឆ្នាំ២០២៣ រំពឹងថានឹងមានអ្នកចូលរួមប្រហែល ១សែន៥ម៉ឺននាក់ទៅ១សែន៨ម៉ឺននាក់៕