សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។
គ្រូបង្រៀនភាសាអង់គ្លេស នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប អ្នកគ្រូ កឹម ច័ន្ទលក្ខិណា បានជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកបង្រៀនភាសា ក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់ SEAQIL Kartini Award (SEKAR) ឆ្នាំ២០២៤នេះ ដែលរៀបចំដោយ SEAMEO QITEP in Language Center ប្រទេសឥណ្ឌូនេស៊ី ដោយមានបេក្ខជនចូលរួមប្រកួតមកពី ១១ប្រទេសជាសមាជិកអង្គការរដ្ឋមន្រ្តីអប់រំអាស៊ីអាគ្នេយ៍ (SEAMEO)។ ពានរង្វាន់នេះ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអប់រំ និងការពង្រឹងអំណាចនៃអ្នកអប់រំនៅក្នុងតំបន់។
អ្នកគ្រូ កឹម ច័ន្ទលក្ខិណា និយាយថា អ្នកគ្រូបានដឹងពីកម្មវិធីប្រកួតប្រជែងពានរង្វាន់នេះ តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅដើមខែកញ្ញា ហើយក៏សម្រេចចិត្តចុះឈ្មោះប្រកួត ដោយការសរសេរអត្ថបទវិទ្យាសាស្ដ្រ ជាភាសាអង់គ្លេស និងវីដេអូខ្លី ផ្ញើទៅកាន់គណៈកម្មការប្រកួត នៅចុងខែកញ្ញាតែម្ដង។
អ្នកគ្រូ កឹម ច័ន្ទលក្ខិណា ជាប់ចំណាត់ថ្នាក់លេខ១ ពានរង្វាន់ SEKAR ផ្នែកបង្រៀនភាសា
គ្រូបង្រៀនវ័យ ២៩ឆ្នាំរូបនេះ បានសរសេរអត្ថបទវិទ្យាសាស្ដ្រ ជាភាសាអង់គ្លេស ចន្លោះពី ៣ពាន់ពាក្យទៅ៥ពាន់ពាក់ លើប្រធានបទ «ការជួយអភិវឌ្ឍចំណេះដឹងភាសាអង់គ្លេសរបស់សិស្សនៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប តាមរយៈកម្មវិធី X-Reading»។ ជាអត្ថបទដែលសរសេរត្រូវឆ្លុះបញ្ចាំងពីសកម្មភាពបង្រៀនសិស្សផ្ទាល់ ដោយបង្ហាញពីនវានុវត្ត ផលជះត្រឡប់ទៅលើការបង្រៀន និងការជួយសិស្សឱ្យអភិវឌ្ឍសមត្ថភាពរៀនភាសាអង់គ្លេសបានល្អប្រសើរ។
អ្នកគ្រូ កឹម ច័ន្ទលក្ខិណា មានប្រសាសន៍ថា ការទទួលបានលទ្ធផលល្អក្នុងការប្រកួតនេះ គឺដោយសារអ្នកគ្រូបានបំពេញគ្រប់លក្ខខណ្ឌប្រកួត អត្ថបទឆ្លើយតបប្រធានបទដែលកម្មវិធីចង់បាន ក្នុងនោះការអានបែបឌីជីថលនៅក្នុងកម្មវិធី X-Reading ជានវានុវត្តប្រកបដោយនិរន្តរភាពនៃការបង្រៀន។ អ្នកគ្រូ ច័ន្ទលក្ខិណា បន្តថា តាមរយៈការបញ្ចូលកម្មវិធី X-Reading នៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប សិស្សមានភាពប្រសើរឡើងផ្នែកភាសាអង់គ្លេស មានទំនុកចិត្តនិយាយភាសាអង់គ្លេស សិស្សងាយស្រួលស្វែងរកសៀវភៅអានតាមកម្រិតរបស់ខ្លួន អាចតេស្តសមត្ថភាពអានភាសាអង់គ្លេសរបស់សិស្ស ហើយគ្រូអាចតាមដានការសិក្សារបស់សិស្សបានផងដែរ។
អ្នកគ្រូ កឹម ច័ន្ទលក្ខិណា គ្រូបង្រៀនភាសាអង់គ្លេស នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប
” ខ្ញុំភើបហើយមានមោទនភាពដែលយើងអាចធ្វើបាន យើងទទួលបានកិត្តិយសសម្រាប់ខ្លួនឯង គ្រួសារ ស្ថាប័នការងារដែលកំពុងបម្រើការ ជាពិសេសទៀត រំភើបដែលអាចតំណាងឱ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួតថ្នាក់តំបន់អាស៊ាន “
អ្នកគ្រូ កឹម ច័ន្ទលក្ខិណា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២៣ ខែធ្នូ ថា ពានរង្វាន់ SEKAR ផ្តល់ជូនក្នុងគោលបំណងទទួលស្គាល់ និងគាំទ្រដល់គ្រូបង្រៀនភាសា និងបុគ្គលិកអប់រំឆ្នើម ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងសកម្មក្នុងការលើកកម្ពស់អក្ខរកម្ម។ ជ័យលាភីក្នុងការប្រកួតប្រជែងនេះ នឹងរួមចំណែកក្នុងការលើកកម្ពស់អក្ខរកម្ម ការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់គ្រូបង្រៀនភាសា និងការកែលម្អគុណភាពអក្ខរកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអបអរចំពោះអ្នកគ្រូ កឹម ច័ន្ទលក្ខិណា ក៏ដូចជាសាលាជំនាន់ថ្មីទាំងអស់ ដែលបានខិតខំប្រឹងប្រែង ហើយទទួលបានជោគជ័យ។ លោកជំទាវថា ក្រសួងអប់រំតែងតែបង្កលក្ខណៈ ក៏ដូចជាសហការជាមួយដៃគូពាក់ព័ន្ធ ស្វែងរកនូវឱកាសល្អៗ និងព្យាយាមធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីឱ្យលោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សទទួលបានឱកាសល្អបន្ថែមទៀត មិនត្រឹមតែការប្រកួតប្រជែងផ្នែករៀន និងបង្រៀននោះទេ ក៏មានការប្រកួតប្រជែងលំដាប់ថ្នាក់អន្តរជាតិផ្សេងៗ រួមមាន ផ្នែកគណិតវិទ្យា វិទ្យាសាស្រ្តជាដើម។
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា
” ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ក៏សូមអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រូផ្ទាល់ ក៏ដូចជាគណៈគ្រប់គ្រងសាលា និងសាលារៀន នៅក្នុងការជំរុញ និងស្វិតស្វាញក្នុងការចូលរួមនៅក្នុងកម្មវិធីនេះ “
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា
គួរជម្រាបជូនថា កម្មវិធីប្រកួតប្រជែងពានរង្វាន់ SEAQIL Kartini Award (SEKAR) ឆ្នាំ២០២៤ ផ្នែកបង្រៀនភាសា រួមមាន កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១, ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ២ និងឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ ជាប់លេខ៣។ ក្នុងនោះ ជ័យលាភីលេខ១ ទទួលបានថវិកា ១ពាន់ដុល្លារ រួមជាមួយវិញ្ញាបនបត្របញ្ជាក់ចំណាត់ថ្នាក់ ក៏ដូចជាការចូលរួមសិក្ខាសាលាមួយដែលរៀបចំឡើងនៅប្រទេសថៃ៕