ស្របពេលប្រព័ន្ធបច្ចេកវិទ្យាកំពុងរីកចម្រើនក្នុងពេលបច្ចុប្បន្ននេះ គ្រូបង្រៀនត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀន និងរៀន ហើយជាមួយគ្នា លោកគ្រូ អ្នកគ្រូ ក៏អាចប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីជួយសម្រួលដល់ការអប់រំប្រកបដោយការត្រិះរិះពិចារណា ការស្រាវជ្រាវ ក៏ដូចជាពង្រីកឱកាសឱ្យកាន់តែច្រើនក្នុងការសិក្សា និងធ្វើការនាពេលអនាគត។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
លោកជំទាវ ឃួន វិច្ឆិកា មានប្រសាសន៍ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានដើរតួនាទីជួយសិស្សក្នុងការស្វ័យសិក្សា ដោយអាចឆ្លើយសំណួរទៅតាមតម្រូវការរបស់អ្នកសួរម្នាក់ៗ។ ដោយឡែក ចម្លើយទាំងអស់នេះ ក៏ទាមទារការវិនិច្ឆ័យពីអ្នកអានផងដែរថា តើព័ត៌មានណាដែលអាចជឿជាក់ និងប្រើប្រាស់បាន ហើយព័ត៌មានណាដែលត្រូវប្រើប្រាស់បានដោយមានការប្រុងប្រយ័ត្ន។
លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា
អ្នកនាំពាក្យក្រសួងអប់រំ បន្ថែមថា ចាប់តាំងពីឆ្នាំ២០១៨ ក្រសួងអប់រំ បានកែលម្អកម្មវិធីសិក្សាដោយបង្កើតឱ្យមានបំណិនសតវត្សទី២១ រួមមាន សមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា ភាសាបរទេស ការសហការជាក្រុម និងចេះវិនិច្ឆ័យលើព័ត៌មានដែលទទួលបានជាដើម។ ក្រសួងអប់រំ បានកែលម្អកម្មវិធីសិក្សារបស់សិស្ស និងគរុនិស្សិតនៅតាមសាលាគរុកោសល្យនានា គឺដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ។ ក្នុងនោះ នៅវិទ្យាស្ថានជាតិអប់រំ ក្រសួងអប់រំ បានរៀបចំកម្មវិធីបណ្ដុះបណ្ដាល ១២+៤ សម្រាប់គ្រូដែលត្រូវចេញទៅបង្រៀននៅកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ហើយក្នុងឆ្នាំ២០២៣-២០២៤ បណ្ដុះបណ្ដាលបរិញ្ញាបត្រ+២ សម្រាប់គ្រូកម្រិតវិទ្យាល័យ។
សិស្សានុសិស្ស គ្រូបង្រៀន ត្រូវបន្តអភិវឌ្ឍសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាប្រយោជន៍ក្នុងការលើកកម្ពស់ការរៀន និងបង្រៀន ហើយជៀសវាងការប្រើប្រាស់មិនត្រឹមត្រូវនាំឱ្យប៉ះពាល់ដល់ការសិក្សា
លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានលើកឡើងនៅក្នុងបាឋកថាពិសេស ក្រោមប្រធានបទ “បញ្ញាសិប្បនិមិ្មត្ត និងការអប់រំនៅកម្ពុជា” កាលពីខែសីហា កន្លងទៅថា នៅពេលបញ្ញាសិប្បនិម្មិត (AI) ប្រើប្រាស់កាន់តែច្រើន អ្នកប្រាជ្ញជាច្រើន បានយល់ឃើញថា តួនាទីរបស់គ្រូបង្រៀន សាលារៀន ថ្នាក់ដឹកនាំវិស័យអប់រំ នឹងត្រូវផ្លាស់ប្ដូរមកប្រើប្រាស់វិធីសាស្រ្តបង្រៀនថ្មីដើម្បីលើកកម្ពស់បំណិនសតវត្សទី២១ ដែលទាមទារឱ្យសិស្សស្រាវជ្រាវជាជាងគ្រូគ្រាន់តែសូត្រឱ្យសិស្សស្ដាប់។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់បន្ថែមថា បើទោះជាបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត្ត (AI) រីកចម្រើនខ្លាំងយ៉ាងណាក៏ដោយ ក៏យើងនៅតែត្រូវការគ្រូល្អនៅថ្ងៃអនាគត។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បន្តថា គ្រូល្អគឺត្រូវចេះប្រើបញ្ញាសិប្បនិម្មិត (AI) ក្នុងការរៀន និងការបង្រៀន។ ស្របគ្នានេះ នៅពេលគ្រូចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ធ្វើឱ្យការបង្រៀនកាន់តែមានប្រសិទ្ធភាព កាត់បន្ថយបន្ទុកគ្រូ ដោយគ្រូអាចផ្ដោតតែលើការបង្រៀនទស្សនៈវិជ្ជាធំៗ។ ចំណែក អ្វីដែលល្មមៗកូនសិស្សអាចទៅសួរបញ្ញាសិប្បនិម្មិត (AI) ឱ្យឆ្លើយបាន ព្រោះវាងាយស្រួល។ ដូច្នេះ គ្រូអាចយកពេលវេលាទៅជួយគាំទ្រដល់សិស្សដែលខ្សោយបានផងដែរ។
ប្រសិនបើគ្រូមិនពង្រឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត្ត (AI) ការរៀន និងបង្រៀនមិនមានប្រសិទ្ធភាពទេ
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
បើយើងតាមគេហទំព័ររបស់អង្គការយូណេស្កូ បានឱ្យដឹងថា ជារឿងចាំបាច់បំផុតក្នុងការរៀបចំបញ្ជូលប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត្ត (AI) ទៅក្នុងការអប់រំសម្រាប់គ្រូបង្រៀន និងសិស្ស។ ប្រទេសមួយចំនួនដូចជា ប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ និងសិង្ហបុរី កំពុងដាក់បញ្ចូលកម្មវិធីសិក្សាដែលផ្តោតលើបញ្ញាសិប្បនិមិ្មត្ត (AI) សម្រាប់សាលារៀនរួចហើយ និងកំពុងស្នើសុំដាក់បញ្ចូលសមាសធាតុបញ្ញាសិប្បនិមិ្មត្ត (AI) នៅក្នុងការអប់រំគ្រូបង្រៀន ប៉ុន្តែប្រទេសផ្សេងទៀតនៅតែបន្តដំណើរការ។ គោលដៅ គឺដើម្បីណែនាំអំពីបញ្ញាសិប្បនិមិ្មត្ត (AI) និងធានាថា អ្នកអប់រំមានជំនាញឌីជីថលចាំបាច់ និងចំណេះដឹងផ្នែកបញ្ញាសិប្បនិមិ្មត្ត (AI) ដើម្បីដឹកនាំសិស្សឱ្យមានទំនួលខុសត្រូវ និងសីលធម៌ក្នុងការប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិមិ្មត្ត (AI) ទូទៅ៕