លោកស្រី Kim Gap-nyeo បានបញ្ចប់ការសិក្សាពីវិទ្យាល័យ Ilsung Women’s High School ដែលជាស្ថាប័នអប់រំសម្រាប់មនុស្សចាស់ នៅទីក្រុងសេអ៊ូល នៅថ្ងៃទី២៥ ខែកុម្ភៈ ហើយលោកស្រីនឹងបន្តសិក្សាជំនាញ សុខុមាលភាពសង្គម (Social Welfare) នៅសាកលវិទ្យាល័យ Sookmyung Women’s University ក្នុងខែមីនានេះ។
Kim Gap-nyeo នៅពេលដែលគាត់បង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ “You Quiz on the Block” ដោយប៉ុស្តិ៍ទូរទស្សន៍ tvN ក្នុងខែតុលា ឆ្នាំ 2024 ។
លោកស្រីបានផ្ដល់កិច្ចសម្ភាសន៍ជាមួយកាសែត Korea Times ថា សម្រាប់ការសិក្សានេះ លោកស្រីមិនមានគោលដៅអ្វីនោះទេ លោកស្រីគ្រាន់តែរីករាយនឹងការសិក្សា និងចង់ជួបជុំជាមួយមនុស្សឱ្យបានច្រើនប៉ុណ្ណោះ។
រឿងរ៉ាវរបស់លោកស្រី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនកូរ៉េ បន្ទាប់ពីលោកស្រីបានបង្ហាញខ្លួន ក្នុងកម្មវិធីទូរទស្សន៍មួយឈ្មោះថា “You Quiz on the Block” នៅលើប៉ុស្តិ៍ tvN កាលពីខែតុលាឆ្នាំមុន។ ដោយលោកស្រី បានប្រាប់ពិធីករ ដែលសម្ភាសន៍លោកស្រីថា ជីវិតរបស់លោកស្រី ហាក់មើលឃើញពិភពលោកទូលាយជាងមុន បន្ទាប់ពីបានចូលរៀន។
លោកស្រី Kim កើតនៅឆ្នាំ ១៩៣៨ ក្នុងតំបន់ Cheongwon County ខេត្ត Chungcheong ខាងជើង។ ក្នុងវ័យកុមារភាព លោកស្រី បានចូលរៀនថ្នាក់បឋមសិក្សានៅឆ្នាំ១៩៤៥ ប៉ុន្តែត្រូវឈប់ពាក់កណ្ដាលទី ដើម្បីជួយឪពុកម្ដាយធ្វើស្រែចម្ការ និងមើលថែប្អូនប្រុស។
នៅអាយុ ៨០ឆ្នាំ លោកស្រី Kim បានសម្រេចចិត្តត្រឡប់ទៅរៀនវិញ។ តាមរយៈការណែនាំពីមិត្តភក្ដិម្នាក់ លោកស្រីបានចុះឈ្មោះចូលរៀននៅបឋមសិក្សា Yangwon ដែលជាស្ថាប័នអប់រំ សម្រាប់មនុស្សចាស់។
សាកលវិទ្យាល័យ Sookmyung Women’s University នៅទីក្រុងសេអ៊ូល ជាកន្លែងដែល Kim នឹងចាប់ផ្តើមសិក្សាផ្នែកសុខុមាលភាពសង្គមនៅខែមីនា។ រូបថត៖ LinkedIn/Sookmyung Women’s University