ចលនាដាំដុះបន្លែសុវត្ថិភាព ដែលជាការផ្ដួចផ្ដើមបំផុសដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗហើយនៅតាមសាលារៀន និងតាមសហគមន៍នានា ដើម្បីយកទៅផ្ដល់ជូនដល់វីរកងទ័ពនៅសមភូមិមុខ វីរនគរបាលជាតិ និងប្រជាពលរដ្ឋដែលកំពុងភៀសសឹកនៅតាមជំរំសុវត្ថិភាព។
ចលនា “យើងរួមគ្នាដើម្បីជាតិ” គឺជាចលនាបំផុសសកម្មភាពដាំបន្លែ ដែលអាចឆាប់ប្រមូលផលនៅតាមសាលារៀន ផ្ទះសម្បែង វត្តអារាម និងដីសហគមន៍ សំដៅកសាងកសិផលជាតិ ដើម្បីទ្រទ្រង់ដល់វីរកងទ័ព វីរនគរបាលជួមុខការពារព្រំដែន និងជនភៀសសឹកដោយសារការឈ្លានពីសំណាក់យោធាថៃ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងចូលរួមប្រមូលផលបន្លែក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ!” នៅសាលាបឋមសិក្សាភ្នំពេញថ្មី កាលពីថ្ងៃអាទិត្យ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ដោយបង្ហាញនូវមោទនភាព និងក្តីរំភើបយ៉ាងក្រៃលែង ចំពោះចលនាដាំបន្លែដែលត្រូវបានធ្វើឡើងនៅទូទាំងប្រទេស ក្រោមស្មារតីស្នេហាជាតិ និងសាមគ្គីភាពខ្មែរតែមួយ។ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរព្រះគុណដល់ព្រះសង្ឃ និងអរគុណដល់អាជ្ញាធររាជធានី-ខេត្ត សាលារៀន វត្តអារាម សហគមន៍ និងសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមដាំបន្លែស្រស់ៗប្រកបដោយសុវត្ថិភាព ដើម្បីឱ្យវីរកងទ័ពដែលកំពុងឈរការពារបូរណភាពទឹកដី និងជនភៀសសឹក មានបន្លែសម្រាប់បរិភោគដែលជំនួយដល់សុខភាព។
ផលបន្លែនៅសាលាបឋមសិក្សាភ្នំពេញថ្មី
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានបង្ហាញនូវការជឿជាក់ថា ចលនានៃការគាំទ្រដល់ វីរយុទ្ធជនកម្ពុជា និងជួយដល់អ្នកភៀសសឹកនេះ នឹងនៅបន្តក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយបន្តសហការគ្នា ដើម្បីកម្ពុជាមានកម្លាំងដ៏ខ្លាំងក្លា ថែរក្សាការពារប្រទេសជាតិ ។
បើតាមប្រសាសន៍ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានសាលារៀនជាង១៧០កន្លែង បានកំពុងចូលរួមក្នុងចលានាដាំបន្លែ សម្រាប់ផ្ដល់ជូនវីរកងទ័ព វីរនគរបាលជាតិ និងប្រជាពលរដ្ឋភៀសឹក ហើយបន្លែដែលប្រមូលបាន នឹងត្រូវនាំទៅផ្ដល់ជូនពួកគាត់ភ្លាមៗ។
នាយកសាលាបឋមសិក្សាភ្នំពេញថ្មី និងនាយកសាលាបឋមសិក្សាគោកបញ្ជាន់ មានប្រសាសន៍ថា បន្ទាប់ពីមានការបំផុសចលនា ដែលផ្ដួចផ្ដើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងនាមថ្នាក់ដឹកនាំសាលា លោកបានរួមគ្នាជាមួយលោកគ្រូអ្នកគ្រូ ដឹកនាំសិស្សានុសិស្ស ដាំបន្លែសុវត្ថិភាព ដើម្បីផ្ដល់ជូនវីរកងទ័ព វីរនគរបាលជាតិ និងជនភៀសសឹក ជាមួយនឹងទឹកចិត្តសាមគ្គីជាតិ។
សកម្មភាពប្រមូលផលបន្លែនៅក្នុងកសិដ្ឋានកសិកម្មជនភៀសសឹក មណ្ឌលសុវត្ថិភាពបាត់ផ្តៅ
គួរជំរាបដែរថា ចលនាការដាំបន្លែនេះ មិនត្រឹមតែធ្វើនៅតាមសាលារៀន ទូទាំងប្រទេសប៉ុណ្ណោះទេ នៅតាមជំរំភៀសសឹកមួយចំនួន អាជ្ញាធរខេត្តក៏បានបំផុសឱ្យមានការដាំបន្លែផងដែរ។ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ក៏បានចុះជួយប្រមូលផលបន្លែនៅក្នុងកសិដ្ឋានកសិកម្មជនភៀសសឹក ស្ថិតនៅមណ្ឌលសុវត្ថិភាពបាត់ផ្តៅ, ឯកឧត្តមមានប្រសាសន៍ថា ការប្រមូលផលបន្លែផ្គត់ផ្គង់ដោយផ្ទាល់ទៅកាន់កងទ័ពជួរមុខ និងជនភៀសសឹក គឺបានឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តគ្រប់គ្រងគ្រោះអាសន្នដ៏ឆ្លាតវៃ ដោយបានផ្លាស់ប្តូរស្ថានភាពពីការរង់ចាំជំនួយ មកជាម្ចាស់ការលើខ្លួនឯង ក្នុងការធានាយ៉ាងរឹងមាំនូវខ្សែសង្វាក់ផ្គត់ផ្គង់ម្ហូបអាហារ៕