សម្ពាធ គេងមិនលក់ តានតឹង ថប់បារម្ភ ភ័យខ្លាច រំភើប សុទ្ធសឹងតែជាអារម្មណ៍ដែលសិស្សានុសិស្ស ត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប កំពុងជួបប្រទះ។
បើតាមអ្នកជំនាញចិត្តសាស្ត្រ និងនិស្សិតដែលមានបទពិសោធន៍ឆ្លងកាត់ការប្រឡងនេះ បានបញ្ជាក់ថា នេះជារឿងធម្មតា ដែលមុនប្រឡងថ្នាក់ជាតិ សិស្សានុសិស្ស តែងមានអារម្មណ៍តានតឹង ប៉ុន្តែពួកគេត្រូវមានវិធីសាស្ត្រគ្រប់គ្រងអារម្មណ៍ទាំងនេះ។
យុវតី គិមឆែ សូនីន ជាអតីតសិស្សនិទ្ទេស A និង ជានិស្សិតឆ្នាំទី១ ជំនាញស្ថាបត្យកម្ម បានបង្ហាញការយល់ឃើញថា មានមូលហេតុចម្បង ៣ ដែលនាំឱ្យសិស្សថ្នាក់ទី១២ ព្រួយបារម្ភ និងមានសម្ពាធ នៅពេលការប្រឡងបាក់ឌុប កាន់តែខិតចូលមកដល់។ មូលហេតុទាំងនោះ មានដូចជា ការមើលថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តមិនបានល្អ, ត្រៀមខ្លួនមិនបានល្អសម្រាប់ការប្រឡង និងគ្រប់គ្រងពេលវេលារៀនសូត្រមិនបានត្រឹមត្រូវ។
យុវតី គិមឆែ សូនីន ជាអតីតសិស្សនិទ្ទេស A និង ជានិស្សិតឆ្នាំទី១ ជំនាញស្ថាបត្យកម្ម ។
បើតាមបទពិសោធន៍របស់ សូនីន កាលណា ដែលទទួលអារម្មណ៍ថា មានសម្ពាធច្រើន នោះសិស្សានុសិស្ស នឹងពិបាកផ្ចង់អារម្មណ៍ទៅលើគោលដៅ និងផែនការសិក្សា។
យុវជន ឡោ ប៊ុនលី ជាអតីតសិស្សនិទេ្ទស A ឆ្នាំ២០២៤ និងជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យខេមតិច បានលើកឡើងថា សម្រាប់ការប្រឡងថ្នាក់ជាតិនេះ គឺសិស្សថ្នាក់ទី១២ គ្រប់គ្នា ជៀសមិនផុតពីអារម្មណ៍ភ័យខ្លាចខ្លះនោះទេ ព្រោះនេះជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ជីវិតពួកគេ។
យុវជន ឡោ ប៊ុនលី ជាអតីតសិស្សនិទេ្ទស A ឆ្នាំ ២០២៤ និងជានិស្សិតឆ្នាំទី ១ នៃសាកលវិទ្យាល័យខេមតិច។
សម្រាប់យុវជន ប៊ុនលី ដើម្បីគ្រប់គ្រងអារម្មណ៍ភ័យខ្លាច និងទប់ទល់សម្ពាធផ្លូវចិត្តមុនការប្រឡងមកដល់ លោកបានអនុវត្តវិធីសាស្ត្រមួយចំនួន ដូចជា ចំណាយពេលជជែកជាមួយមិត្តភក្ដិ គ្រួសារ និងស្រូបខ្យល់អាកាសបរិសុទ្ធ ដើម្បីជម្រះភាពស្មុគស្មាញក្នុងខួរក្បាល។
លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និងជាស្ថាបនិកសេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត (KCPS) មានប្រសាស៍ថា ជាការពិត មុនការប្រឡងមកដល់ សិស្សានុសិស្សច្បាស់ជាមានអារម្មណ៍បារម្ភខ្លះ ប៉ុន្តែជំនួសឱ្យការព្រួយបារម្ភ លោកជំរុញឱ្យសិស្សានុសិស្សថ្នាក់ទី១២ ត្រូវធ្វើលំហាត់ប្រាណឱ្យបានជាប់លាប់ ធ្វើលំហាត់ដង្ហើម សម្មាធិ និងលំហាត់សម្រាកកាយចិត្ត ព្រោះសកម្មភាពទាំងនេះ នឹងជួយកាត់បន្ថយភាពស្មុគស្មាញ និងអារម្មណ៍តានតឹង។
បើតាមលោក សេធុល វិធីសាស្ត្រម្យ៉ាងទៀត ដើម្បីកាត់បន្ថយភាពតានតឹង សិស្សានុសិស្សត្រូវប្រឹងប្រែងរៀនសូត្រ និងត្រៀមខ្លួនពីដើមឆ្នាំសិក្សាឱ្យបានល្អ ព្រោះការត្រៀមខ្លួនបានល្អ នឹងធ្វើឱ្យពួកគេមានទំនុកចិត្តលើខ្លួនឯង នៅមុន និងអំឡុងពេលប្រឡង។
“ការបារម្ភច្រើនពេក ធ្វើឱ្យយើងច្របូលច្របល់គិតអ្វីមិនចេញ។ សម្រាប់ការសិក្សា ជាការល្អ មិនអាចសម្រុករៀនភ្លាមៗនោះទេ គឺត្រូវការពេលវេលាច្រើនក្នុងការពង្រឹងវាម្តងបន្តិចៗ ជាផ្នែកមួយដែលល្អ ប្រសិនបើបានត្រៀមពីដើមឆ្នាំ គឺជាដើមទុនសំខាន់ណាស់”
លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និងជាស្ថាបនិកសេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត (KCPS) ។
ទាំងអ្នកចិត្តសាស្ត្រ និងអ្នកដែលទទួលភាពជោគជ័យ ក្នុងការប្រឡងបាក់ឌុប សុទ្ធតែបានសង្កត់ធ្ងន់ថា ការសម្រាក ញ៉ាំអាហារ និងញ៉ាំទឹក បានគ្រប់គ្រាន់ គឺជារឿងសំខាន់ ព្រោះនៅពេលដែលសុខភាពរាងកាយល្អ គំនិតបញ្ញា របស់សិស្សានុសិស្ស នឹងគិតបានរហ័សនៅពេលប្រឡង។
លើសពីនេះ ប្រសិនបើសិស្សានុសិស្ស មានក្រុមស្វ័យសិក្សាសម្រាប់ការប្រឡង ពួកគាត់គួរតែចែករំលែកបទពិសោធន៍គ្នាទៅមកពាក់ព័ន្ធនឹងអារម្មណ៍តានតឹង ហើយរៀនលើកទឹកចិត្តគ្នាទៅវិញទៅមក ផ្ដល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក ព្រោះសកម្មភាពនេះក៏ជួយបន្ធូរបន្ថយសម្ពាធ និងអារម្មណ៍តានតឹងបានច្រើនផងដែរ៕