ក្នុងពិធីបើកវេទិកាសហគ្រិនឆ្នើម និងពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ប្រចាំឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ស្រ្តីជាបេះដូងនៃគ្រួសារ ជាព្រលឹងនៃសហគមន៍ និងជាវិចារណញាណនៃប្រទេសជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ការចិញ្ចឹមបីបាច់របស់ស្រ្តីផ្ដល់ឱ្យមានតុល្យភាព ហើយបញ្ញារបស់ស្រ្តីជួយឱ្យមានការសម្រេចចិត្តដ៏ត្រឹមត្រូវ និងភាពដឹកនាំប្រកបដោយការយល់ចិត្តគ្នាដែលនាំឱ្យមានសុខុដុមរម្យនា។ សម្តេចធិបតី បន្តថា ការចូលរួមយ៉ាងសកម្មរបស់ស្រ្តីនៅក្នុងសេដ្ឋកិច្ច និងតំបន់ មិនត្រឹមតែអាចជំរុញការអភិវឌ្ឍសហគ្រាសរបស់ខ្លួន ប៉ុន្តែរួមចំណែកពង្រឹងភាពធននៃសេដ្ឋកិច្ចក្នុងសហគមន៍ និងប្រទេសជាតិទាំងមូល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា ការផ្ដល់សិទ្ធអំណាចដល់ស្រ្តី ឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមចំណែក និងសក្តានុពលរបស់ស្រ្តីក្នុងការអភិវឌ្ឍសហគមន៍ធុរកិច្ច កំណើនសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ានទាំងមូល។ ទន្ទឹមគ្នានេះ ស្មារតីអង់អាចរបស់ស្រ្តីអាស៊ាន ដែលហ៊ានជំនះឧបសគ្គ មានមហិច្ឆតា និងហ៊ានដឹកនាំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ការផ្ដល់តម្លៃ និងការគោរពស្រ្តី បានដក់ជាប់ជ្រៅនៅក្នុងវប្បធម៌ប្រពៃណី និងការអប់រំប្រៀនប្រដៅរបស់យើង។ ជាក់ស្ដែង កម្ពុជាប្រើពាក្យ «មេ» នៅគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីបញ្ជាក់ពីអត្ថន័យចម្បងក្នុងការផ្ដល់តម្លៃខ្ពស់ដល់ស្រ្តី ។ ដោយសារពាក្យនេះ ផ្សារភ្ជាប់ជាមួយកិត្តិយស មុខតំណែង និងតួនាទីខ្ពស់បំផុត ទាំងក្នុងវិស័យឯកជន និងសាធារណៈ។
«នៅកម្ពុជាមូលដ្ឋានគ្រឹះសង្គមដែលប្រកបដោយសន្តិភាព ភាពសុខុដុមរម្យនា និងភាពធន់ ត្រូវបានបង្កើតឡើងដោយស្រ្តីជាច្រើនជំនាន់ មានន័យថា ម្ដាយ និងជីដូនរបស់យើង ជាច្រើនជំនាន់បានចិញ្ចឹម បីបាច់រក្សាយើងតាមប្រពៃណី និងបណ្ដុះគុណតម្លៃនៃសេចក្ដីក្ដីមេត្តា ការគោរព និងសាមគ្គីភាព។ កម្លាំងដ៏មុតស្រួច និងការណែនាំដ៏ទន់ភ្លន់របស់ស្រ្តី បានជួយរក្សាលំនឹងរបស់យើង នៅពេលឆ្លងកាត់កាលៈទេសៈដ៏ច្របូកច្របល់ និងអនុញ្ញាតិឱ្យប្រទេសជាតិមានការរីកចម្រើន»
វេទិកាសហគ្រិនឆ្នើម និងពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ប្រចាំឆ្នាំ ២០២៤
បើមើលក្នុងប្រវត្តិសាស្រ្តដ៏សម្បូរបែប និងរស់រវើករបស់កម្ពុជា ស្រ្តីតែងកាន់តំណែងប្រកបដោយអំណាច ថាមពល និងបន្សល់ទុកនូវស្នាដៃកេរ្តិ៍ដំណែលយ៉ាងធំធេងក្នុងការអភិវឌ្ឍប្រទេសជាតិ។ ស្រ្តីកម្ពុជា តែងរួមចំណែកលើសពីតួនាទីបែបប្រពៃណីរបស់មនុស្សស្រី និងបានបង្ហាញពីភាពជាអ្នកដឹកនាំដ៏ពិសេសក្នុងទិដ្ឋភាពផ្សេងៗ។ ជាក់ស្ដែង យើងក៏មានស្រ្តីជាច្រើនផ្សេងទៀតដូចជា ព្រះនាងជ័យរាជទេវី ព្រះនាងសោមា ព្រះនាងឥន្ទ្រទេវីជាដើម ដែលបានចូលរួមចំណែកកសាងប្រវត្តិសាស្រ្តនៃប្រជាជាតិយើង។ ស្រ្តីទាំងនេះ តែងផ្ដល់ជាការបណ្ដុះគំនិត កម្លាំង ភាពធន ភាពឆ្លៀសវៃ និងភាពជាអ្នកដឹកនាំ។
សម្រាប់លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍ថា នៅពេលដែលស្រ្តីចាប់ផ្ដើមព្យាយាមបង្កើនសមត្ថភាពរបស់ខ្លួន នោះប្រទេសជាតិនឹងមានការរីកចម្រើន។ ដូច្នេះ ស្រ្តីត្រូវផ្លាស់ប្ដូរការគិត ឬផ្នត់គំនិតថា «ស្រ្តីវិលចង្រ្កានមិនជុំ ឬស្រ្តីនៅតែផ្ទះ» ព្រោះយើងក៏អាចក្លាយជាសហគ្រិនស្រ្តីផងដែរ ក្រៅពីធ្វើការងារផ្ទះ។ យើងឃើញថា សំឡេងស្រ្តីត្រូវបានស្ដាប់ឮទៅគ្រប់មជ្ឈដ្ឋាន នោះនឹងមានការរីកចម្រើនលើសពីការរំពឹងទុក។
បើតាម លោកជំទាវ គ្រី ណាល់លីស យើងចាំបាច់ត្រូវចែករំលែកចំណេះដឹង ក៏ដូ្រចជាការពង្រឹងភាពអង់អាចរបស់ស្រ្តី ដោយធានាថា ស្រ្តីគ្រប់រូបត្រូវបានគាំពារ ព្រោះផ្លូវដែលយើងដើរទៅមុខមិនងាយស្រួលនោះទេ តែងតែមានបញ្ហា និងឧបសគ្គផ្សេងៗដែលត្រូវជម្នះ។ យ៉ាងណាមិញ យើងជឿជាក់ថា ការរួបរួមគ្នានឹងអាចសម្រេចបានភាពចម្រុះ និងអាចសម្រេចកិច្ចការកាន់តែធំជាងមុនថែមទៀត៕