នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋខ្មែរគួរប្រកាន់យកឥរិយាបទធ្វើបុណ្យជុំគ្រួសារ ។ នេះបើតាមប្រសាសន៍លើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា។
លោកបណ្ឌិត យង់ ពៅ មានប្រសសន៍ថា មួយរយៈចុងក្រោយនេះឥរិយាបទប្រជាពលរដ្ឋក្នុងការជួបជុំគ្រួសារមិនបានគោរពតាមទំនៀមទម្លាប់ប្រពៃណី ដែលមានដូចជាជួបជុំឪពុកម្ដាយ ធ្វើបុណ្យជាមួយគ្នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឡើយ តែបែរជាណាត់គ្នាជួបជុំផឹកគ្រឿងស្រវឹងទៅវិញ។ លោកថា រូបភាពបែបនេះ ធ្វើឱ្យប៉ះពាល់ទាំងប្រពៃណី វប្បធម៌ ប៉ះពាល់សុខភាព សីលធម៌សង្គម បង្កអំពើហិង្សា សណ្ដាប់ធ្នាប់សង្គមជាដើម ដែលកើតចេញអំពីគ្រឿងស្រវឹង។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា
អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា បន្ថែមថា យើងគ្រប់រូបមានកាត្វកិច្ចចំពោះប្រពៃណី នេះមានន័យថា វប្បធម៌ប្រពៃណីខ្មែរនៅរដូវបុណ្យភ្ជុំបិណ្ឌ គឺតម្រូវឱ្យយើងទៅជួបជុំគ្រួសារធ្វើបុណ្យជុំគ្នា វេចនំអន្សម នំគម នំបត់ ជុំគ្នា ដើម្បីមានឱកាសជួបជុំគ្នាផង មានឱកាសពិសារនំជុំគ្នាផង និងយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តអារាមផង។
ខ្ញុំសំណូមពរប្រជាពលរដ្ឋខ្មែរទាំងអស់នៅរដូវកាលបុណ្យភ្ជុំបិណ្ឌគួរតែងាកមកគិតគូរអំពីការជួបជុំគ្រួសារតាមរបៀបប្រពៃណីខ្មែរយើងដែលមានស្រាប់ ជាពិសេសការរៀបចំចម្អិនអាហារជូនលោកអ្នកមានគុណ គឺឪពុកម្ដាយ
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា
ដូចគ្នានេះដែរ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ មានប្រសាសន៍ថា ក្នុងរដូវបុណ្យភ្ជុំនេះ ជាឱកាសបានឈប់សម្រាកពីការងាររបស់អ្នកធ្វើការងារគ្រប់វិស័យ ព្រោះវាជាថ្ងៃបុណ្យជាតិដែលរដ្ឋអនុញ្ញាតឱ្យឈប់សម្រាក និងទៅវត្តអារាមនៅស្រុកកំណើតដើម្បីជួបជុំបងប្អូន មិត្តភក្តិ ឬកន្លែងកម្សាន្តជាដើម។ លោកបណ្ឌិត បន្តថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រជាជនខ្មែរគួរចៀសវាយផឹកគ្រឿងស្រវឹងច្រើនដែលនាំឱ្យប៉ះពាល់សុខភាព ឬបង្កកើតជារឿងរ៉ាវជាមួយអ្នកដែលនៅក្បែរខាង ឬអ្នកនៅផឹកជុំគ្នា ឬស្រវឹងខ្លាំងអាចបង្កជាគ្រោះថ្នាក់នៅពេលបើកបរជាដើម។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ
ការធ្វើដំណើរតាមផ្លូវ សូមកុំបើកបរលឿនពេក និងប្រកាន់គន្លងផ្លូវចរាចរណ៍ គោរពច្បាប់ចរាចរណ៍ ស្រវឹងគួរតែកុំបើកបរ និងកុំពិសារគ្រឿងស្រវឹងច្រើនពេក។ ក្នុងករណីមានការកកស្ទះសូមមានការអត់ធ្មត់ និងនៅក្នុងគន្លងផ្លូវ សូមកុំងាកឆ្វេងស្ដាំ ឬជិះបញ្រ្ជាសទិសព្រោះអាចបង្កជាជម្លោះទាស់ទែងសម្ដីគ្នា និងបង្កឱ្យមានការកកស្ទះចរាចរណ៍កាន់តែខ្លាំង
លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ
លោកបណ្ឌិត ឈត ប៊ុនថង បន្ថែមថា យើងគួរយកឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ ជួបជុំគ្នា ជជែកគ្នា ចែករំលែកគ្នានិយាយពីធនធាន ការផ្ដល់យោបល់ ឬពិភាក្សាគ្នាប្រសិនបើមានអ្នកណាជួបវិបត្តិ។ ដូចនេះ អ្នកអាចចែករំលែកគ្នាទៅវិញទៅមកជាមួយបងប្អូន រួមទាំងអាចជួយជាធនធានផ្សេងៗដល់បងប្អូនដែលខ្វះខាតផងដែរ៕