នៅប្រទេសយើងសព្វថ្ងៃនេះ ស្ទើរតែគ្រប់គ្រួសារ សុទ្ធតែមានស្មាតហ្វូន ឬថេប្លេតនៅផ្ទះ។ ចាប់ពីទីក្រុងភ្នំពេញ រហូតដល់តាមខេត្តនានា កុមារតូចៗច្រើនតែស៊ាំនឹងការមើលទូរសព្ទតាំងពីអាយុនៅតូច ជាងការកាន់សៀវភៅ។ ជាការពិត ការឱ្យកូនមើលទូរសព្ទ ជួយឱ្យឪពុកម្ដាយមានពេលធ្វើការងារផ្ទះ ឬសម្រាកខ្លះ។ ប៉ុន្តែសំណួរដែលឪពុកម្ដាយជាច្រើននាក់មិនទាន់បានដឹងច្បាស់នោះគឺ តើវិធីនេះប៉ះពាល់ដល់ការរៀនអាន និងការគិតរបស់កូនយើងដែរឬទេ?
អ្នកជំនាញផ្នែកខួរក្បាល និងការអាន បានធ្វើការសិក្សាស្រាវជ្រាវជាច្រើនឆ្នាំមកហើយ ដើម្បីស្វែងយល់ពីភាពខុសគ្នារវាងការអានលើក្រដាស និងការអានលើអេក្រង់។ លទ្ធផលនៃការសិក្សាទាំងនោះ គួរឱ្យចាប់អារម្មណ៍ណាស់សម្រាប់ឪពុកម្ដាយគ្រប់រូប ដែលគួរស្វែងយល់។
១. តើកុមារគួរចាប់ផ្ដើមអានអ្វីមុន?
សម្រាប់កូនតូចៗអាយុពី ០ ដល់ ៥ ឆ្នាំ ការស្រាវជ្រាវបានចង្អុលបង្ហាញពីលំដាប់ថ្នាក់ដូចខាងក្រោម៖
១ - សៀវភៅក្រដាស ជាជម្រើសល្អបំផុត ព្រោះជួយឱ្យកូនផ្ដោតអារម្មណ៍បានយូរ និងបង្កើនទំនាក់ទំនងជាមួយឪពុកម្ដាយពេលអានជាមួយគ្នា។
២ - ការស្ដាប់រឿង ឬបទចម្រៀង ជួយឱ្យកូនចេះស្រមើស្រមៃ និងគិតតាមរឿង។
៣ - ថេប្លេត ឬស្មាតហ្វូន គួរដាក់ជាជម្រើសចុងក្រោយបំផុត។
ហេតុអ្វីបានជាអេក្រង់ស្ថិតនៅចុងក្រោយគេ? ដោយសារវីដេអូ ឬហ្គេមលើទូរសព្ទ មានពណ៌ភ្លឺ សំឡេងរំភើប និងផ្លាស់ប្ដូររូបភាពលឿនៗ ធ្វើឱ្យខួរក្បាលកូនតូចត្រូវបានហ្វឹកហាត់ឱ្យ ”ចង់ដឹងចង់ឃើញរបស់ថ្មីៗ” ជានិច្ច។ លទ្ធផលគឺ កូននឹងទម្លាប់ការរំញោចខ្លាំង ហើយពេលឈប់លេងទូរសព្ទ ច្រើនតែស្រែកថា ”ធុញ” ព្រោះខួរក្បាលទទួលការរំញោចខ្លាំងពេកមកហើយ ធៀបនឹងសកម្មភាពធម្មតាដូចជាការអានសៀវភៅ ឬលេងក្រៅផ្ទះ។
២. ហេតុអ្វីបានជាការអានសំខាន់ចំពោះខួរក្បាល?
មនុស្សយើងមិនកើតមកមានផ្នែកខួរក្បាលសម្រាប់ “អាន” ដូចផ្នែកសម្រាប់និយាយ ឬមើលឃើញនោះទេ។ ការអាន គឺជាជំនាញដែលខួរក្បាលត្រូវ សិក្សាបង្កើតថ្មី ជារៀងរាល់ជំនាន់ ដោយភ្ជាប់ផ្នែកផ្សេងៗចូលគ្នា ទាំងផ្នែកមើលឃើញ ភាសា និងការគិត។ នេះជាមូលហេតុដែលកុមារត្រូវការពេលវេលាច្រើន និងការហាត់ម្ដងហើយម្ដងទៀត ដើម្បីឱ្យខួរក្បាលបង្កើតបណ្ដាញនេះឱ្យរឹងមាំ។ ការចាប់ផ្ដើមពីសៀវភៅក្រដាសតាំងពីតូច ជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ជំនាញនេះ។
៣. តើទូរសព្ទ ឬថេប្លេត អាក្រក់ទាំងអស់មែនទេ?
មិនមែនអញ្ចឹងទេ។ បច្ចេកវិទ្យាមានប្រយោជន៍ណាស់ក្នុងករណីខ្លះ ដូចជា៖
- ជួយកូនដែលមានការលំបាកក្នុងការអាន ដូចជាកូនអានយឺត ឬមានបញ្ហាចាំអក្សរ។ កម្មវិធីអប់រំលើទូរសព្ទអាចជួយឱ្យកូនហាត់បន្ថែមតាមល្បឿនផ្ទាល់ខ្លួន។
- ជួយគ្រូបង្រៀនតាមដានការរីកចម្រើន របស់សិស្ស ដូចជាល្បឿននៃការអាន ការចេះអក្សរ និងការបញ្ចេញសំឡេង។
ដូច្នេះ ចំណុចសំខាន់មិនមែននៅត្រង់ថា ”ហាមប្រើ” ទូរសព្ទទាំងស្រុងនោះទេ គឺនៅត្រង់ របៀបប្រើ និងពេលវេលាណាដែលសមស្រប។
៤. ហានិភ័យនៃការអានលើអេក្រង់ច្រើនពេក
មនុស្សជាច្រើននាក់គិតថា ខ្លួនអាននៅលើអេក្រង់បានលឿន និងបានច្រើនជាងអានលើក្រដាស។ ប៉ុន្តែជាក់ស្ដែង នេះគ្រាន់តែជាការ អូសមើលរហ័សៗ (scroll) ការស្វែងរកពាក្យគន្លឹះ ឬការអានស្រាលៗតែប៉ុណ្ណោះ មិនមែនជាការអានយកចិត្តទុកដាក់ពិតប្រាកដទេ។ បើអនុវត្តទម្លាប់នេះជាប្រចាំ អាចធ្វើឱ្យយើងបាត់បង់សមត្ថភាព គិតវិភាគស៊ីជម្រៅ ដែលចាំបាច់សម្រាប់ការសិក្សា ការធ្វើការ និងការសម្រេចចិត្តក្នុងជីវិត។
៥. អនុសាសន៍សម្រាប់ឪពុកម្ដាយ និងគ្រូបង្រៀន
1. ចាប់ផ្ដើមពីសៀវភៅក្រដាសមុន សូម្បីតែសៀវភៅរូបភាពសាមញ្ញៗ ឬសៀវភៅនិទានតាមផ្ទះ ក៏អាចជួយកូនបានច្រើនដែរ។ ចំណាយពេល ១៥-២០ នាទីអានជាមួយកូនរាល់ថ្ងៃ មានតម្លៃជាងអ្វីៗទាំងអស់។
2. កំណត់ពេលវេលាមើលអេក្រង់ឱ្យច្បាស់ ជាពិសេសសម្រាប់កូនអាយុក្រោម ៥ ឆ្នាំ។
3. ប្រើទូរសព្ទ ឬថេប្លេតជាឧបករណ៍ជំនួយ មិនមែនជាឧបករណ៍ចម្បងទេ ជាពិសេសសម្រាប់កូនដែលត្រូវការជំនួយបន្ថែមក្នុងការអាន។
4. បង្រៀនអានស៊ីជម្រៅជាមុន រួចទើបផ្ទេរទៅឌីជីថល នៅពេលកូនចេះអានក្រដាសបានល្អ និងចេះគិតវិភាគរឿងរ៉ាវហើយ ទើបបង្រៀនគេឱ្យប្រើអេក្រង់ដោយប្រុងប្រយ័ត្ន និងចេះពិចារណា។
សរុបមកវិញ សៀវភៅក្រដាស នៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍខួរក្បាល និងការគិតរបស់កូនៗយើង។ បើឪពុកម្ដាយចង់ឱ្យកូនចេះគិត វិភាគ និងចេះស្រមៃបានល្អនាពេលអនាគត សូមចាប់ផ្ដើមពីការអានសៀវភៅជាមួយកូនតាំងពីថ្ងៃនេះ៕