កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៣ ទើបតែបានរកឃើញម្ចាស់ជ័យលាភីកាលពីថ្ងៃទី១២ ខែសីហា កន្លងទៅនេះ ក្រោយធ្វើការប្រកួតជម្រុះជាច្រើនដំណាក់កាលអស់រយៈពេលជាច្រើនខែ ដោយក្នុងនោះ ក្រុមយុវជនមកពីសាលាមីគីវ៉េ រាជធានីភ្នំពេញ បានឈ្នះជ័យលាភី ខណៈយុវជនមកពីសាលាបញ្ញាសាស្រ្តអន្តរជាតិ ខេត្តបាត់ដំបង ទទួលបានជ័យលាភីរង។ ក្រុមយុវជនជ័យលាភី សុទ្ធសឹងតែបានអះអាងដូចៗគ្នា កត្តាដែលជំរុញឱ្យពួកគេឈានបានលទ្ធផលល្អនេះ គឺដោយសារតែកត្តាគ្រួសារ សាលារៀន និងមិត្តភក្តិ។
យុវតី ហួ លីហ័រ តំណាងក្រុមជ័យលាភី សាលាមីគីវ៉េ និយាយថា កត្តាដែលជំរុញឱ្យក្រុមរបស់ខ្លួនខិតខំប្រឹងប្រែង រហូតឈានចូលមកដល់វគ្គផ្តាច់ព្រ័ត្ត និងទទួលជោគជ័យ គឺមានដូចជា ឪពុកម្តាយ លោកគ្រូអ្នកគ្រូ និងមនុស្សជំរុញខ្លួន ដែលពួកគាត់តែងតែជំរុញ និងលើកទឹកចិត្តពួកខ្លួនជានិច្ច។
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គ្រូបង្វឹកបេក្ខជន និងអាព្យាបាលសិស្ស អបអរសាទរចំពោះ ក្រុមជ័យលាភីលេខ ១ ក្នុងកម្មវិធីជជែកដេញដោលថ្នាក់ជាតិ ឆ្នាំ ២០២៣។
ដោយឡែកយុវជន សុធា សុទស្សី តំណាងក្រុមជ័យលាភីរង មកពីសាលាបញ្ញាសាស្រ្តអន្តរជាតិខេត្តបាត់ដំបង ក៏បានអះអាងស្រដៀងគ្នាដែរថា កត្តាដែលធ្វើឱ្យពួកគេឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ គឺដោយសារសមាជិកក្រុមទាំងអស់សហការគ្នាយ៉ាងល្អ លើកទឹកចិត្តគ្នា និងខិតខំប្រឹងប្រែងរួមគ្នា។ ក្នុងនោះ អាណាព្យាបាល និងលោកគ្រូអ្នកគ្រូ ក៏ជាចំណែកសំខាន់ផងដែរ។
លោកស្រី ថន ថានីរ័ត្ន ជាម្ដាយរបស់បេក្ខនារី វិសាល ច័ន្ទរតនា ដែលជាសមាជិកម្នាក់មកពីសាលាបញ្ញាសាស្ត្រអន្តរជាតិខេត្តបាត់ដំបង បានបានលើកឡើងថា លោកស្រីពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្ត ដែលបានឃើញកូនបង្ហាញសមត្ថភាពដ៏អស្ចារ្យ ។ ហើយលោកស្រីជឿជាក់ថា កត្តាដែលធ្វើឱ្យកូនលោកស្រីទទួលបានលទ្ធផលល្អនេះ គឺបានមកពីការជួយបង្ហាត់បង្ហាញរបស់លោកគ្រូអ្នកគ្រូ ។ យ៉ាងណាមិញ លោកស្រី ថានីរ័ត្ន ក៏តែងតែផ្តល់ពេលវេលាគ្រប់គ្រាន់ និងជំរុញទឹកចិត្តពួកគេ។
លោកស្រី ថន ថានីរ័ត្ន ត្រូវជាម្ដាយយុវតី វិសាល ច័ន្ទរតនា មកពីបេក្ខនារី មកពីបញ្ញាសាស្ត្របាត់ដំបងអន្តរជាតិ ខេត្តបាត់ដំបង។
គាត់រៀនដោយខ្លួនឯង ប៉ុន្តែអ្វីដែលយើងបណ្ដុះគឺ វិន័យ និងគុណធម៌។
លោកស្រី ថន ថានីរ័ត្ន អាណាព្យាបាល យុវតី វិសាល ច័ន្ទរតនា
សម្រាប់លោក សេង សំអាត ឪពុករបស់យុវតី សេង ធីតាវត្តី មកពីក្រុមសាលាមីគីវ៉េរាជធានីភ្នំពេញ មានប្រសាសន៍ថា កត្តាដែលធ្វើឱ្យកូនរបស់លោកក្លាយជាយុវជនឆ្នើម រហូតក្លាយជាម្ចាស់ជ័យលាភីកម្មវិធីជជែកដេញដោលថ្នាក់ជាតិ គឺមកពីការខិតខំប្រឹងប្រែង ការគាំទ្រពីមិត្តភក្តិ និងការចូលរួមពីលោកគ្រូអ្នកគ្រូ ។ ក្នុងនោះ លោកក៏កោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់កូន ព្រមទាំងការជួយជ្រោមជ្រែងរបស់លោកគ្រូអ្នកគ្រូផងដែរ ខណៈរូបលោកផ្ទាល់មិនសូវមានពេលវេលាច្រើនសម្រាប់កូននោះ។
លោក សេង សំអាត អាណាព្យាបាលយុវតី សេង ធីតាវត្តី បង្ហាញការគាំទ្រដល់កូនស្រី នៅអំឡុងការប្រារព្ធពិធីជជែកដេញដោលថ្នាក់ជាតិ ឆ្នាំ ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ។
ខ្ញុំមិនសូវបានណែនាំអ្វិច្រើនទេ ព្រោះរវល់ធ្វើការច្រើន ប៉ុន្តែតែងតែបង្ហាញការគាំទ្រ និងលើកទឹកចិត្តឱ្យកូនប្រឹងប្រែងសិក្សាជានិច្ច។
លោក សេង សំអាត អាណាព្យាបាល យុវតី សេងធីតាវត្តី
លោក ស៊ិន ឌីម៉ង់ ជាគ្រូបង្វឹកនៃក្រុមយុវជនមកពីសាលាចំណេះដឹងទូទៅ មីគីវ៉េ បានបង្ហាញអារម្មណ៍ថាលោកពិតជាសប្បាយរីករាយ ព្រោះលោក និងប្អូនៗ ដែលជាសមាជិកក្រុមធ្វើការជាមួយគ្នា តាំងពីខែ១១ ឆ្នាំ ២០២២ ហើយធ្វើការជាមួយគ្នា ប្រកបដោយភាពស្វិតស្វាយ ហើយទោះជាមានបញ្ហាអ្វីក៏ដោយ ក៏នៅតែបន្តធ្វើការ និងស្រុះស្រួលគ្នា ពិភាក្សាគ្នា រកដំណោះស្រាយរួម។
គួរបញ្ជាក់ថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ត្រូវបានបង្កើតឡើង ជាការផ្តល់វេទិកាវោហាកោសល្យ និងការសម្តែងមតិសម្រាប់យុវជន ដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាព ជំនាញ និងបំណិន ដូចជា ការស្រាវជ្រាវ ការនិយាយជាសាធារណៈ នវានុវត្តន៍ ការផ្តួចផ្តើមគំនិតថ្មីៗ និងការដោះស្រាយបញ្ហា។ តាមរយៈកម្មវិធីនេះ ក៏ជាការបណ្តុះនូវស្មារតីវប្បធម៌សន្ទនា ការបញ្ចេញមតិប្រកបដោយទំនួលខុសត្រូវ និងប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមានក្នុងចំណោមយុវជនផងដែរ៕