ក្នុងឆ្នាំ១៩៨៤ លោកស្រី Yeoh បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខ្សែភាពយន្តប្រយុទ្ធ Mao tou ying yu xiao fei xiang (The Owl vs. Bumbo) ។ ថ្វីត្បិតតែជាតួរងក៏ដោយ ប៉ុន្តែលោកស្រីបានធ្វើឱ្យអ្នកគាំទ្រភាពយន្តចាប់អារម្មណ៍ខ្លាំងបំផុតនៅក្នុងវគ្គប្រយុទ្ធ (ក្បាច់គុន) ក្បាច់រាំដ៏ប៉ិនប្រសប់ ព្រមទាំងសិល្បៈសំដែងរស់រវ៉ើក ។ លោកស្រីក៏បានចូលរួមសំដែងភាពយន្តជាបន្តបន្ទាប់រហូតមកទល់បច្ចុប្បន្ន ។ អ្វីដែលសាធារណជនកត់សម្គាល់ខ្លាំងបំផុតទៅលើលោកស្រី Yeoh គឺជាតារាភាពយន្តដែលតស៊ូហ្វឹកហាត់ ជាបុគ្គលមានសេចក្តីអត់ធ្មត់ ក្លាហាន ព្រមទាំងបង្ហាញជំហរលើកទឹកចិត្តដល់ស្ត្រីជានិច្ច ។
ម្ចាស់ពានរង្វាន់ Academy Award របស់អូស្ការ អាយុ ៦០ឆ្នាំរូបនេះ បានបញ្ជាក់បន្ថែមថា ៖ “ក្នុងនាមជាតារាសម្តែងខ្ញុំពិតជាស្រឡាញ់និងពេញចិត្តអ្វីដែលខ្ញុំអាចធ្វើបាន ! អាជីពនេះខ្ញុំពិតជាសំណាងណាស់ ព្រោះវាមិនមែនជាការងារទេ តែវាពិតជាចំណង់ចំណូលចិត្ត។”
សម្រាប់ភាពយន្តបែបកំប្លែង Sci-Fi “Everything Everywhere All at Once” ជាខ្សែភាពយន្តហូលីវូដដំបូងដែលលោកស្រី Michelle Yeoh ដើរតួជាតួឯកស្រី Evelyn Wang សម្ដែងជាម្ចាស់ហាងបោកអ៊ុតសម្លៀកបំពាក់ ប៉ុន្តែបានប្រែខ្លួនជាតួអង្គផ្សេងៗជាច្រើនដើម្បីជួយសង្គ្រោះមនុស្សដោយប្រើភាពឆ្លាតវៃ (បែបកំប្លែងៗ) ព្រមទាំងក្បាច់គុនដោះស្រាយបញ្ហា ។
គួរបញ្ជាក់ថា នៅក្នុងភាពយន្ត “Everything Everywhere All At Once” លោក Ke Huy Quan ឈ្នះពានជាតួសម្តែងរងប្រុសល្អបំផុត និងតារាសម្តែងស្រី កញ្ញា Stephanie Hsu ឈ្នះពានតួសម្តែងរងស្រីល្អជាងគេបំផុតនៅក្នុងកម្មវិធីប្រគល់ពានអូស្ការ កាលពីថ្ងៃចន្ទ ទី១៣ ខែមីនាថ្មីៗនេះ នៅទឹកដីសហរដ្ឋអាម៉េរិក ។ ខ្សែភាពយន្តពានអូស្ការខាងលើនេះ បានចូលរួមប្រជែងពានរង្វាន់អូស្ការឆ្នាំនេះក្នុងចំណោម ១១ពាន រួមមានពានរង្វាន់ Best Picture, ពានរង្វាន់ Best Editing , ពានរង្វាន់ Best Director និងពានរង្វាន់ Best Original Screenplay ជាដើម ៕
លោក ម៉ៅ សំណាង | Mr. Mao Samnangជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។