សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP កាលពីពេលថ្មីនេះ បានរៀបចំកម្មវិធី Open House ដោយមានអ្នកចូលរួមប្រមាណ៦រយនាក់ ដើម្បីជាឱកាសក្នុងការបង្ហាញជូន នូវព័ត៌មានទៅកាន់សាធារណៈជន ក៏ដូចជាសិស្ស ឬអាណាព្យាបាល ជាពិសេសសិស្សានុសិស្ស ដែលទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដែលមានបំណងស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សា តម្លៃសិក្សា ឱកាសអាហាររូបករណ៍។
កញ្ញា ហង់ សុគន្ធា ប្រធានផ្នែកទីផ្សារនិងរដ្ឋបាល នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP បានឱ្យដឹងថា សាកលវិទ្យាល័យដើរតាមស្តង់ដាររបស់អាមេរិកកាំង ហើយមហាវិទ្យាល័យនៅអាមេរិកក៏ដោយនៅអ៊ីរ៉ុបក៏ដោយ គឺតែងតែមានកម្មវិធី Open House ឬមួយក៏ហៅមួយបែបទៀតថា Open day ។ យ៉ាងណាមិញ ចំពោះកម្មវិធី Open House របស់ AUPP ក៏មិនខុសគ្នានោះដែរ គឺបង្កើតឡើង ក្នុងគោលបំណងសម្រួលដល់សិស្សវិទ្យាល័យជាចម្បង ពីព្រោះជាដំណាក់កាល ដែលពួកគាត់ត្រូវការស្វែងយល់ពីជំនាញ ពីកម្មវិធីរៀន និងឯកសារដែលពាក់ព័ន្ធនឹងការសិក្សាជំនាញនៅមហាវិទ្យាល័យ។
ប្រធានផ្នែកទីផ្សារនិងរដ្ឋបាលរូបនេះបន្ថែមថា កម្មវិធី Open House កន្លងមកសាកលវិទ្យាល័យក៏ធ្លាប់បង្កើតឱ្យមាន ដោយមួយខែ ឬពីរខែនឹងប្រព្រឹត្តឡើងម្តង ឬបើកឱ្យមាន ក្នុងអំឡុងពេលត្រូវការបើកវគ្គថ្មីៗ និងពេលដែលសិស្សវិទ្យាល័យគាត់ចង់បានព័ត៌មានបន្ថែម ។ ការមកចូលរួមក្នុងកម្មវិធី Open House គឺអាចជាឱកាសឱ្យសិស្សបានដឹងច្រើន និងទទួលបានព័ត៌មានទូលាយ។ ដូច្នេះក្រោយពេលដែលពួកគាត់បានចូលរួមកម្មវិធី គឺផ្តល់ភាពងាយស្រួលចំពោះសិស្ស ឬនិស្សិត ក្នុងការស្គាល់អំពីបរិយាកាសសាលា ជំនាញសិក្សា និងដឹងអំពីតម្រូវការពេលសម្រេចចិត្តថា តើជំនាញមួយណា ដែលចង់រៀនពេលដែលសម្រេចចិត្តបន្តដំណើរនៅមហាវិទ្យាល័យ។