សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។
មណ្ឌលបណ្តុះបណ្តាលបច្ចេកទេសធនាគារ ដែលបានបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធនាគារជាច្រើនជំនាន់មកហើយនោះ បានផ្លាស់ប្តូរទៅជាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសធនាគារ ដែលនឹងចូលរួមកាន់តែខ្លាំងក្លាក្នុងការពង្រឹងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការប្រែក្លាយនៃមណ្ឌលសិក្សាទៅជាវិទ្យាស្ថាន និងការសាងសង់អគារអន្តេវាសិកដ្ឋាន គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក៏ដូចជាវិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់ធនាគារជាតិ នៃកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា
អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បញ្ជាក់បន្ថែមថា ដើម្បីសម្រួល និងលើកទឹកចិត្តដល់និស្សិតដែលមានជីវភាពខ្វះខាត និងនិស្សិតមកពីតាមបណ្តាខេត្ត ឬទីតាំងឆ្ងាយ ដែលពិបាកក្នុងការធ្វើដំណើរ ធនាគារជាតិនៃកម្ពុជា បានសាងសង់អគារអន្តេវាសិកដ្ឋាន ដែលស្ថិតនៅក្នុងបរិវេណជាមួយអគារវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ សម្រាប់និស្សិតស្នាក់នៅបណ្តោះអាសន្ន។
មណ្ឌលសិក្សាបច្ចេកទេសធនាគារ ត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា នៅអំឡុងឆ្នាំ ១៩៩៤ ដែលមានទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប៉ុន្តែនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មណ្ឌលសិក្សានេះ បានផ្លាស់ប្តូរទៅទីតាំងថ្មីនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាទីតាំងបច្ចុប្បន្ន។ នៅខែតុលា ឆ្នាំ២០២៤ មណ្ឌលសិក្សានេះត្រូវបានអនុញ្ញាតឱ្យប្រែក្លាយទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ តាមរយៈអនុក្រឹត្យលេខ ២២៨ អនក្រ.បក ដោយជោគជ័យ ដែលនឹងធ្វើការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង លើមុខជំនាញគ្រប់គ្រងធនាគារ ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។
គិតមកដល់បច្ចុប្បន្ន វិទ្យាស្ថានបានទទួលបណ្តុះបណ្ដាលនិស្សិតថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់លើជំនាញធនាគារបានចំនួន ៣៣ជំនាន់ ដែលមាននិស្សិតសរុបចំនួន ៣.១៧៥នាក់ ក្នុងនោះនិស្សិតស្រីមានចំនួន ១.៩៩៧នាក់ និងមានសាស្រ្តាចារ្យសរុបចំនួន ៦៥នាក់។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការប្រែក្លាយមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសធនាគារ ទៅជាវិទ្យាស្ថាននេះ គឺជាការធ្វើឯកទេសកម្មស្របតាមស្ដង់ដា និងគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ តាមរយៈស្ថិតិនិស្សិត ដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារភាគច្រើនបានចូលបម្រើការងារនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលបានគូសបញ្ជាក់ឱ្យឃើញពីគុណភាពនៃការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សរបស់វិទ្យាស្ថាននាពេលកន្លងមក។
ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានអបអរសាទរចំពោះសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាសម្រេចបាននាពេលនេះ និងបានផ្តល់អនុសាសន៍ឱ្យវិទ្យាស្ថានបន្តកែលម្អកម្មវិធីសិក្សា ពង្រឹងគុណវុឌ្ឍិគ្រូបង្រៀនជាប់ជាប្រចាំ ដើម្បីធានាឱ្យបាននូវការបង្រៀនប្រកបដោយគុណភាព និងបម្រើតម្រូវការទីផ្សារកម្ពុជា និងស្របតាមការអភិវឌ្ឍនៃបច្ចេកវិទ្យា វិទ្យាសាស្រ្តក្នុងតំបន់ និងអន្តរជាតិ ជាពិសេសត្រូវបង្កើតកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិ និងអន្តរជាតិនានា ដើម្បីពង្រីកឱកាសផ្លាស់ប្តូរបទពិសោធន៍ និងចុះធ្វើកម្មសិក្សាដល់និស្សិតឱ្យទទួលបាននូវចំណេះដឹង និងពិសោធនៃការអនុវត្តជាក់ស្តែងក្នុងសង្គមការងារ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានផ្តាំផ្ញើទៅនិស្សិតទាំងអស់ត្រូវគោរពវិន័យ និងខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអាចឈានទៅចាប់បានឱកាសកាន់តែខ្ពស់សម្រាប់ជីវិត និងក្លាយជាកម្លាំងចលករចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា២០៥០៕