ក្នុងឱកាសអបអរទិវា “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យា” ប្រធានផ្នែកបច្ចេកវិទ្យា នៃ SoulAdvisor បានលើកឡើងថា បច្ចុប្បន្នវត្តមានស្រ្តីក្នុងវិស័យឌីជីថលនៅតែមានកម្រិតនៅឡើយ, លោកស្រីថា ក្នុងយុគសម័យ AI គឺជាឱកាសសម្រាប់ក្មេងស្រីក្នុងការរៀនសរសេរកូដ និងអភិវឌ្ឍខ្លួន ដើម្បីកាត់បន្ថយគម្លាតបច្ចេកវិទ្យា និងបង្ហាញថា “ស្រ្តីក៏មានអំណាចក្នុងការកំណត់ជោគវាសនា” ក្នុងពិភពឌីជីថលផងដែរ។
បទពិសោធន៍ជាង ១០ឆ្នាំ ក្នុងនាមជា Full-stack Developer លោកស្រី សំណាង វិធាវី ចង់ឃើញក្មេងស្រីកាន់តែច្រើនចូលរួមក្នុងវិស័យបច្ចេកវិទ្យា ព្រោះថា ប្រសិនមនុស្សស្រីចូលរួមក្នុងវិស័យបច្ចេកវិទ្យាកាន់តែច្រើន នោះគម្លាតបច្ចេកវិទ្យា នឹងកាត់បន្ថយកាន់តែច្រើន។
ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យា
លោកស្រី សំណាង វិធាវី បានរៀបរាប់ពីដំណើរក្នុងការសិក្សា រហូតដល់បំពេញការងារ ដោយថា នៅឆ្នាំ២០០៨ ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ លោកស្រីមិនទាន់ស្គាល់ការសរសេរកូដនៅឡើយ គ្រាន់តែដឹងថា មានកុំព្យូទ័រ ហើយក៏ចាប់អារម្មណ៍ចង់ធ្វើជាអ្នករចនាកម្មវិធី ប៉ុន្តែក្រោយមក ក៏ជ្រើសរើសរៀនជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ។ លោកស្រី ក៏ទទួលបានពាក្យសម្ដីពីមនុស្សជុំវិញខ្លួនថា ជំនាញនេះពិបាករៀន ខ្លាចរៀនមិនចេះ ជាដើម, ប៉ុន្តែលោកស្រីបានជំនះ ដោយអនុញ្ញាតិឱ្យខ្លួនឯងសាកល្បងរៀនជំនាញនេះនៅឆ្នាំទី១ ហើយគិតថា ប្រសិនរៀនមិនចេះ ចាំប្ដូរជំនាញក៏មិនទាន់ហួសពេលដែរ តែជាក់ស្ដែងលោកស្រីក៏រៀនចេះ និងមិនពិបាកដូចអ្វីដែលគេនិយាយនោះឡើយ។
ប្រធានផ្នែកបច្ចេកវិទ្យា នៃ SoulAdvisor លើកឡើងពីបទពិសោធន៍ក្នុងការសិក្សាជំនាញបច្ចេកវិទ្យា ដោយថា ដើម្បីឱ្យការសិក្សាផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្ដែង នៅឆ្នាំសិក្សាទី៣ លោកស្រីក៏ដាក់ពាក្យចូលធ្វើការបណ្ដើរ និងរៀនបណ្ដើរ ដើម្បីឱ្យការរៀនសូត្រទៅមុខបានលឿន និងងាយស្រួល។
បើតាមលោកស្រី សំណាង វិធាវី វិស័យបច្ចេកវិទ្យាកាលពី ១០ឆ្នាំមុន មនុស្សស្រីក្នុងវិស័យនេះ គឺមានត្រឹមតែ១០ ទៅ២០ភាគរយប៉ុណ្ណោះ តែមកដល់បច្ចុប្បន្ន ធនធាននេះមានការកើនឡើងប្រមាណពី ២០ ទៅ ៣០ភាគរយ។ ក្នុងនោះ ការងារកម្រិតខ្ពស់ មានស្រ្តីត្រឹម ១៥ភាគរយ ហើយមុខតំណែងជាប្រធានផ្នែកបច្ចេកវិទ្យា (CTO) នៅលើពិភពលោកមានស្រ្តីត្រឹមតែ ៦ភាគរយប៉ុណ្ណោះ។
ទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន”
លោកស្រីបន្ថែមថា បញ្ញាសិប្បនិម្មិត (AI) មានការអភិវឌ្ឍយូរឆ្នាំមកហើយ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បច្ចេកវិទ្យាមួយនេះបានដើរលឿនខ្លាំង ហើយគុណភាពការងារកាន់តែល្អ។ ក្រុមហ៊ុនធំៗមួយចំនួនអនុញ្ញាតិឱ្យបុគ្គលិកចេះប្រើប្រាស់ AI សម្រាប់សរសេរកូដច្រើនទៅៗ។ ដូច្នេះ វាកាន់តែងាយស្រួល ដែលក្មេងស្រី និងស្រ្តី អាចចូលរួមក្នុងបច្ចេកវិទ្យា តាមរយៈការរៀនសរសេរកូដ ដោយប្រើប្រាស់ AI ឥតគិតថ្លៃ ឬអាចចូលរួមរៀនសរសេរកូដជាក្រុមជាមួយ sister of code ជាដើម។
លោកស្រី សំណាង វិធាវី បន្ថែមថា បញ្ញាសិប្បនិម្មិត ឬ AI មិនស្គាល់យេនឌ័រ ភេទប្រុស ឬភេទស្រីឡើយ ព្រោះវាជាម៉ាស៊ីន ដូច្នេះប្រសិនមនុស្សស្រីចូលរួមក្នុងវិស័យបច្ចេកវិទ្យាកាន់តែច្រើន នោះគម្លាតកាត់បន្ថយក៏កាន់តែច្រើន។ បើស្រឡាញ់កុំឱ្យការលំបាក ឬពាក្យសម្ដីដែលគេនិយាយជុំវិញ ធ្វើជាមូលហេតុដែលយើងមិនបានចូលរួម។ យើងមានអំណាចក្នុងការកំណត់អនាគតខ្លួនឯង!៕