ក្រោយប្រឡងចង់ថ្នាក់ទី១២ សិស្សានុសិស្សភាគច្រើនតែងមានបំណងចង់បន្តការសិក្សាលើជំនាញដែលខ្លួនស្រឡាញ់នៅសាកលវិទ្យាល័យនានាឯទីក្រុងភ្នំពេញ ដើម្បីអាចចាប់យកអាជីពក្នុងក្ដីស្រមៃរបស់ខ្លួន។ ទន្ទឹមគ្នានេះ សម្រាប់សិស្សស្រីដែលជាកូនអ្នកខេត្តឡើងមកបន្តការសិក្សានៅភ្នំពេញពុំមែនជារឿងងាយស្រួលនោះឡើយ ព្រោះត្រូវប្រឈមនឹងកត្តាជីវភាព និងសុវត្ថិភាពផ្ទាល់ខ្លួន។
ដើម្បីស្រាយកង្វល់របស់សិស្សានុសិស្សជាពិសេស សិស្សស្រីដែលជាកូនអ្នកខេត្តចង់មកបន្តការសិក្សានៅភ្នំពេញ អ្នកនាង ក្លឹង គឹមឡាង ជានិស្សិតមកពីខេត្តតាកែវបានចែករំលែកបទពិសោធន៍របស់ខ្លួនមកបន្តការសិក្សានៅភ្នំពេញ។
អ្នកនាង ក្លឹង គឹមឡាង បច្ចុប្បន្នជានិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស ផ្នែកគ្រប់គ្រង និងជាបុគ្គលិកធនាគារ
អ្នកនាង ក្លឹង គឹមឡាង បច្ចុប្បន្នជានិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស ផ្នែកគ្រប់គ្រង និងជាបុគ្គលិកធនាគារ បានប្រាប់ឱ្យដឹងថា ដោយសារជីវភាពគ្រួសារខ្វះខាត ក្រោយពេលប្រឡងបាក់ឌុបរួមភ្លាមត្រូវតស៊ូឡើងមកភ្នំពេញ ចូលរៀននៅអង្គការ PSE ថ្នាក់បរិញ្ញាបត្ររងផ្នែករដ្ឋបាល ថ្នាក់អាហារូបករណ៍ ចាប់ពីឆ្នាំ២០១៦ដល់២០១៩។ អ្នកនាង ក្លឹង គឹមឡាង បន្តថា អំឡុងពេលនោះបើទោះជាគ្រួសារមានជីវភាពខ្វះខាត ប៉ុន្តែនាងមិនបោះបង់ការសិក្សាឡើយ ដោយសារមានជួយជ្រោមជ្រែងផ្ដល់កម្លាំងចិត្ត ភាពកក់ក្ដៅ ធនធាន ពីគ្រួសារ បងប្អូន មិត្តភក្ដិ និងមនុស្សជុំវិញខ្លួន។
«ខ្ញុំកំណត់យកថវិកាពីគ្រួសារសម្រាប់ការចំណាយប្រចាំថ្ងៃមួយសប្ដាហ៍ ៥ម៉ឺនរៀលប៉ុណ្ណោះដោយត្រូវលៃលកយ៉ាងណាចាយឱ្យគ្រប់ ឬសល់ខ្លះកាន់តែល្អ ដើម្បីជួយកាត់បន្ថយការចំណាយរបស់ម្ដាយ លើសពីនេះ មានថវិកាបងប្អូនឱ្យបន្តិចបន្តួចក៏ជួយសម្រួលការចំណាយលើការសិក្សាផងដែរ»
អ្នកនាង ក្លឹង គឹមឡាង បច្ចុប្បន្នជានិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស ផ្នែកគ្រប់គ្រង និងជាបុគ្គលិកធនាគារ
និស្សិតមកពីខេត្តតាកែវរូបនេះបន្តថា ពេលមករៀននៅភ្នំពេញដំបូងៗអាចពិបាក ព្រោះត្រូវការផ្គត់ផ្គង់ពីគ្រួសារ ប៉ុន្តែក្រោយរៀនចប់ឆ្នាំទី១ នោះសាលាអាចឱ្យចុះឱ្យហាត់ការងារតាមក្រុមហ៊ុន ឬស្ថាប័នការងារនានា ដែលយើងអាចរៀនបណ្ដើរធ្វើការបណ្ដើរដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់ខ្លួនឯងបាន។ អ្នកនាង បន្តថា សម្រាប់សិស្សស្រី ពេលមករៀនភ្នំពេញត្រូវចេះរាប់អានមិត្តភក្ដិល្អ ហើយជៀសវាងរាប់អានមិត្តភក្ដិណាដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា និងកិត្តិយសខ្លួន ព្រោះទោះបីជីវភាពគ្រួសាររបស់យើងមិនធូរធារដូចគេតែយើងក៏មានតម្លៃក្នុងនាមជាមនុស្ស។
អ្នកនាង ក្លឹង គឹមឡាង តែងតែយកពាក្យសម្ដីអវិជ្ជមានពីអ្នកដទៃមកធ្វើជាកម្លាំងចិត្តខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅ គិតថា គ្រួសារខ្វះខាតប្រសិនបើមិនតស៊ូប្រឹងប្រែងដោយខ្លួនឯងទេ គ្មានអ្នកណាមកជួយនោះទេ។ អ្នកនាងបន្តថា ពេលមករៀននៅភ្នំពេញសម្ភារៈនិយមល្អៗ យើងតែងតែចង់មានប្រើដូចគេ ប៉ុន្តែអ្វីដែលសំខាន់យើងត្រូវខិតខំជំនះការលំបាករបស់យើងជាមុនសិន ព្រោះយើងកំពុងនៅក្នុងវ័យសិក្សា។ ដូច្នេះ យើងត្រូវសប្បាយចិត្តចំពោះអ្វីដែលខ្លួនមាន ព្រោះរបស់ទាំងនោះនឹងមកតាមក្រោយ។
អ្នកនាង ក្លឹង គឹមឡាង បច្ចុប្បន្នជានិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស ផ្នែកគ្រប់គ្រង និងជាបុគ្គលិកធនាគារ
អ្នកនាង ក្លឹង គឹមឡាង ក៏បានលើកទឹកចិត្តដល់សិស្សស្រីជាកូនអ្នកខេត្តហើយចង់មកបន្តការសិក្សានៅទីក្រុងភ្នំពេញ ត្រូវដឹងថា ក្នុងនាមជាមនុស្សស្រី គឺទី១. ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីសម្រេចគោលដៅ កុំភ្លើតភ្លើនសេពគប់មិត្តភក្ដិមិនល្អដែលនាំឱ្យធ្លាក់ទៅក្នុងផ្លូវមិនល្អ ។ ទី២. កុំបាក់ទឹកចិត្ត បើទោះជាជីវភាពគ្រួសារខ្វះខាតបែបណាក៏ដោយកុំបោះបង់ការសិក្សាចោល ត្រូវខិតខំប្រឹងប្រែងបន្តក្ដីស្រមៃ បើទោះជាកាលៈទេសៈណាក៏ដោយ ព្រោះម្ដាយឪពុកខំដើម្បីយើង យើងក៏ត្រូវខំដើម្បីខ្លួនឯង ពួកគាត់ដូចគ្នា៕