នៅក្នុងតំណាក់កាលបម្រើការងារ មិនថានៅក្នុងក្រុមហ៊ុន ស្ថាប័ន វិស័យឯកជន ឬវិស័យសាធារណៈនោះទេ អ្នកធ្វើការ ឬបុគ្គលិក ចាំបាច់ត្រូវអភិវឌ្ឍជំនាញរបស់ខ្លួនឯងជាប្រចាំដើម្បីនៅតែជាតម្រូវការទីផ្សារ។ ទន្ទឹមគ្នានេះ ប្រសិនបើអ្នកធ្វើការ ឬបុគ្គលិក ឈប់អភិវឌ្ឍជំនាញរបស់ខ្លួន នោះអាចប្រឈមនឹងការបាត់ឱកាសល្អក្នុងវិស័យការងារ។
លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community មានប្រសាសន៍ថា អ្នកធ្វើការ ឬបុគ្គលិក ត្រូវពង្រឹងលើជំនាញខ្លួនឯង ព្រោះការអភិវឌ្ឍជំនាញ វាគឺជារឿងសំខាន់ណាស់។ លោកបន្តថា បញ្ហារបស់មនុស្សទូទៅ គឺឈប់ចង់បន្តអភិវឌ្ឍជំនាញនៅពេលចេញធ្វើការ។
លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community
ស្ថាបនិកសាលាបង្វឹក Startup Community បន្ថែមថា សម្រាប់មនុស្សមួយចំនួនទៀតដែលឈានទៅរកភាពជោគជ័យនៅថ្ងៃអនាគត ពួកគាត់នៅតែបន្តអភិវឌ្ឍជំនាញជានិច្ចដែលធ្វើឱ្យតួនាទីកាន់តែខ្ពស់ មានទំនួលខុសត្រូវកាន់តែច្រើន ដោយសារគាត់មានសមត្ថភាពអាចទទួលខុសត្រូវលើតួនាទី ឬឋានៈរបស់ខ្លួនបាន។ ដូច្នេះ ធ្វើឱ្យចំណូលរបស់គាត់កាន់តែកើនឡើង ហើយស្តង់ដានៃការរស់នៅកាន់តែប្រសើរឡើង។
ចំណែកបុគ្គមួយចំនួនទៀតដែលឈប់ចង់អភិវឌ្ឍជំនាញរបស់ខ្លួនបន្ថែម គឺធ្វើឱ្យជំនាញនោះលែងជាតម្រូវការសំខាន់របស់ស្ថាប័ន ដោយសារជំនាញនោះអ្នកណាក៏ធ្វើបាន។ ដូច្នេះ នៅពេលមានបុគ្គលិកថ្មីចូលមក គេអាចចំណាយពេលអភិវឌ្ឍខ្លួនរៀនពីការងារតែប៉ុន្មានឆ្នាំគេអាចចេះស្មើយើងបាន។ ដូច្នេះ យើងត្រូវដឹងដោយខ្លួនឯង ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ តើយើងបានរីកចម្រើនទៅលើជំនាញដែលបានបម្រើការងារឬនៅ? ប្រសិនបើកិច្ចការដែលយើងធ្វើប្រសើរឡើងបន្តិចបន្តួច យើងត្រូវខិតខំជារៀងរាល់ថ្ងៃពង្រឹងជំនាញខ្លួនឯងបន្ថែមទៀត។
បើតាម លោក គីម ដារ៉ា ដើម្បីអាចពង្រឹងជំនាញខ្លួនឯង ជារៀងរាល់ថ្ងៃ យើងគួរអនុវត្តដូចជា ទី១. ពង្រឹងជំនាញតាមរយៈការអាន សំដៅលើការអានសៀវភៅដែលពាក់ព័ន្ធជំនាញដែលយើងកំពុងធ្វើការឱ្យបានច្រើន ដើម្បីយល់ពីរបៀបគិត និងតាមឱ្យទាន់ការវិវត្តរបស់បច្ចេកវិទ្យា ការវិវត្តរបស់សង្គម ការវិវត្តរបស់ពិភពលោកទៅក្នុងជំនាញរបស់យើង។ « តើគេវិវត្តន៍ដល់ណាហើយ? ឥឡូវគេប្រើកម្មវិធីកុំព្យូទ័រអ្វីខ្លះដែលជួយសម្រួលការងារប្រចាំថ្ងៃ? ច្បាប់ទម្លាប់អ្វីខ្លះដែលមានការផ្លាស់ប្ដូរ?» ទី២. រៀនវគ្គសិក្សារយៈពេលខ្លី ឬវគ្គសិក្សារយៈពេលវែងបន្ថែម មានន័យថា នៅពេលមានវគ្គសិក្សារយៈពេលខ្លីពាក់ព័ន្ធជាមួយជំនាញដែលយើងធ្វើការ អាចចូលរៀនបន្ថែម។ ប្រសិនបើយើងគិតថា សមត្ថភាពយើងនៅស្ទើរខ្លាំង គឺអាចចូលរៀនវគ្គសិក្សារយៈពេលវែងបន្ថែម។ ដូច្នេះ ត្រូវបន្តការរៀនសូត្រ ក្នុងមួយថ្ងៃមួយម៉ោង ឬមួយម៉ោងកន្លះ ឬអាចរៀនដោយផ្ទាល់។ « ចំណុចនេះ សំខាន់ណាស់ បើទោះជាបុគ្គលិកបម្រើការងារនៅក្រុមហ៊ុន ឬស្ថាប័នណាមួយក៏ដោយ គឺត្រូវសុំការអនុញ្ញាតពីប្រធាន ដើម្បីបន្តការរៀនសូត្រ ព្រោះកាលណាយើងបន្តការរៀនសូត្រ គឺដើម្បីទាំងស្ថាប័នផង និងដើម្បីខ្លួនយើងផង»។
អភិវឌ្ឍជំនាញជាប្រចាំទើបទីផ្សារការងារនៅតែត្រូវការ
យើងមិនប្រាកដថា បម្រើការងារនៅស្ថាប័នណាមួយរហូតនោះទេ ដូច្នេះប្រសិនបើយើងមិនពង្រឹងសមត្ថភាព យើងនឹងក្លាយជាមនុស្សម្នាក់លែងជាតម្រូវការនៅក្នុងស្ថាប័ននោះ ហើយដើម្បីកុំឱ្យរឿងនេះ កើតឡើងចំពោះយើង គឺយើងត្រូវបន្តការរៀនសូត្រ
លោក គីម ដារ៉ា
បើតាម លោក គីម ដារ៉ា អ្វីដែលពាក់ព័ន្ធជាមួយជំនាញ គឺត្រូវតែដឹង និងតាមដាន រហូតក្លាយជាមនុស្សម្នាក់ដែលដឹងរឿងច្រើនជាងគេក្នុងជំនាញរបស់យើង។ ប្រសិនជានៅពេលណាមួយយើងគិតថា ចេះអស់ហើយក្នុងស្ថាប័នដែលយើងបម្រើការងារ មានន័យថា បញ្ហាដែលកើតមានទាក់ទងនឹងជំនាញដែលយើងធ្វើការ យើងអាចដោះស្រាយបាន។ ដូច្នេះ ត្រូវបន្តអភិវឌ្ឍជំនាញ បន្តការខិតខំប្រឹងប្រែង រហូតដល់អាចក្លាយជាអ្នកជំនាញក្នុងវិស័យរបស់ខ្លួនយ៉ាងពិតប្រាកដ៕