សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។
បច្ចុប្បន្នប្រទេសកម្ពុជាកំពុងរីកចម្រើនទៅមុខ ហើយបច្ចេកវិទ្យាក៏កំពុងដើរតួនាទីសំខាន់ក្នុងទីផ្សារការងារសព្វថ្ងៃ ដែលត្រូវការអ្នកជំនាញបច្ចេកវិទ្យាច្រើន ខណៈដែលគេក៏មើលឃើញថា សិស្សស្រីដែលរៀនជំនាញនេះនៅតិចនៅឡើយ ដែលទាមទារឱ្យមានការចូលរួមបន្ថែម។
លោក ឌុច គីមលុច អ្នកសម្របសម្រួលកម្មវិធី Insight Tech Festival លើកឡើងថា ខណៈទីផ្សារការងារកំពុងមានតម្រូវការអ្នកជំនាញបច្ចេកវិទ្យា តែបើងាកមកមើលចំនួនសិស្សស្រីដែលរៀនជំនាញព័ត៌មានវិទ្យា គឺនៅមិនទាន់មានច្រើននៅឡើយ ដូច្នេះលោកលើកទឹកចិត្តដល់សិស្សស្រីដែលមានចំណាប់អារម្មណ៍ចង់រៀនបច្ចេកវិទ្យាក្តី ព័ត៌មានវិទ្យាក្តី សូមស្វែងយល់ពីជំនាញទាំងនេះបន្ថែម ដើម្បីចាប់យកជាអាជីពនាពេលអនាគត។
លោក ឌុច គីមលុច អ្នកសម្របសម្រួលកម្មវិធី Insight Tech Festival 2024
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ យុវជនមួយក្រុម នៃក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) បានរៀបចំកម្មវិធី Insight Tech Festival ក្នុងបំណងបំផុសស្មារតីយុវជន ជាពិសេស យុវតីកម្ពុជា ឱ្យចាប់យកជំនាញក្នុងវិស័យបច្ចេកវិទ្យា ខណៈជំនាញនេះកំពុងតែមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ។ កម្មវិធីដែលធ្វើឡើងពេញមួយថ្ងៃនៅ Factory Phnom Penh មានជាការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងពីអ្នកជំនាញធ្វើការងារនៅលើវិស័យបច្ចេកវិទ្យា, ឱកាសអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក និងមានជាស្តង់ពិព័រណ៍ ដើម្បីយុវជនបានស្វែងយល់អំពីជំនាញសិក្សាជាដើម។
យុវតី ហុន នីហ្សា ជាសិស្សទើបប្រឡងបាក់ឌុបរួច និងដែលបានចូលរួមក្នុងកម្មវិធីនោះនិយាយថា ការចូលរួមកម្មវិធីនេះ គឺព្រោះតែនាងចាប់អារម្មណ៍អំពីឱកាសការងារស្ម័គ្រចិត្ត និងការដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក។ នីហ្សា បន្តថា ក្នុងកម្មវិធីនេះ នាងទទួលបានចំណេះដឹងថ្មីៗដែលមិនធ្លាប់ជួបពីមុនមក ដោយនៅតាមស្តង់ជាច្រើនមានសិស្សច្បងចាំឆ្លើយសំណួរអំពីការជ្រើសរើសជំនាញ, ឱកាសការងារស្ម័គ្រចិត្ត, ឱកាសហាត់ការងារ និងឱកាសអាហារូបករណ៍ផ្សេងៗជាច្រើន។
យុវតី ហុន នីហ្សា ជាសិស្សទើបប្រឡងបាក់ឌុបរួច
ជាមួយគ្នានេះ នីហ្សា ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តការសិក្សាជំនាញវិស្វកម្មសុវែរ (Software Engineering) ព្រោះតែនាងស្រឡាញ់ផ្នែកបច្ចេកវិទ្យាតាំងពីរៀននៅវិទ្យាល័យ ហើយគិតថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងត្រូវការអ្នកជំនាញផ្នែកនេះច្រើន ខណៈទីផ្សារការងារផ្នែកនេះ ក៏មានតម្រូវការច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស។
យុវសិស្ស ដន មករា ជាសិស្សថ្នាក់ទី១០ នៃសាលាដុនបូស្កូ
ដោយឡែកយុវសិស្ស ដន មករា ជាសិស្សថ្នាក់ទី១០ មកពីសាលាដុនបូស្កូ និយាយថា ការចូលរួមកម្មវិធី Insight Tech Festival នេះ រូបគេបានទស្សនាស្តង់ពិព័រណ៍ ហើយចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការសរសេរកូដ (Coding) និងការបង្កើតគេហទំព័រ (Web Development)។ យុវសិស្ស ដន មករា បន្តថា Insight Tech Festival នេះ ពិតជាល្អ ដែលបានជួយផ្សព្វផ្សាយអំពីព័ត៌មាន នៃជ្រើសរើសជំនាញសិក្សាដល់សិស្សានុសិស្សឱ្យបានដឹងកាន់តែច្បាស់ និងសម្រេចចិត្តជ្រើសរើសជំនាញសិក្សាបានត្រឹមត្រូវ៕