កាលពីពេលថ្មីៗនេះ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំធ្វើការសាកល្បងប្រព័ន្ធបង្រៀន “Live Teaching” នៅអាគារកម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះយុគន្ធរ ។
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ប្រព័ន្ធ Live Teaching ឬការបង្រៀនជាលក្ខណៈសមកាលកម្ម គឺ ជាការបង្រៀនដែលគ្រូត្រូវបង្រៀនពីថ្នាក់រៀនមួយ ហើយផ្សាយបន្តផ្ទាល់ទៅកាន់ថ្នាក់រៀន មួយ ឬច្រើនទៀត ដែលសិស្សនៅថ្នាក់រៀនទាំងនោះអាចមានអន្តរកម្មដោយផ្ទាល់ជាមួយគ្រូ តាមប្រព័ន្ធ Online ។ ការរៀបចំប្រព័ន្ធបែបនេះ គឺត្រូវមានបំពាក់កាមេរ៉ា ប្រព័ន្ធសំឡេង និងបណ្តាញអ៊ីនធឺណិតទៅតាមលក្ខណៈគរុកោសល្យនៃការបង្រៀន។
អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់បន្ថែមថា គោលបំណងសំខាន់នៃប្រព័ន្ធនេះ គឺផ្តល់ការជួយគាំទ្រដោយផ្ទាល់ ចំពោះសិស្សានុសិស្សដែលរៀនយឺត ឬរៀនពុំទាន់សិស្សដទៃ ដោយធានាបានថា សិស្សទាំងនោះអាចទទួលបានការ «សិក្សាតាមបែបពន្លឿន» ដោយទទួលបានការគាំទ្រផ្នែកស្មារតី និងការអប់រំប្រកបដោយសមធម៌ និងបង្ការពួកគេពីភាពឯកោនិងបោះបង់ការសិក្សា។
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា
លោកជំទាវ ឃួន វិច្ឆិកា បន្ថែមថា កម្មវិធីនេះនឹងចាប់ផ្តើមនៅដើមខែកុម្ភៈ ឆ្នាំ២០២៤ ហើយបន្តរហូតពេញមួយឆ្នាំ។ ទន្ទឹមគ្នានេះ នៅរយៈពេល៣ខែមុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ប្រឡងបាក់ឌុប) កម្មវិធីនេះនឹងផ្តោតបន្ថែមលើការជួយបង្រៀនបេក្ខជនស្វ័យរិន និងបេក្ខជនត្រៀមប្រឡង។ លោកជំទាវ បន្តថា ការបង្រៀននេះនឹងធ្វើនៅរៀងរាល់រសៀលថ្ងៃសៅរ៍ និងពេញមួយថ្ងៃអាទិត្យ។ ការផ្សាយបន្តផ្ទាល់ នឹងភ្ជាប់ទៅកាន់វិទ្យាល័យគោលដៅចាប់ផ្តើមពី៨វិទ្យាល័យ រួចបន្តឱ្យបាន១៦វិទ្យាល័យ ក៏ដូចជាការផ្សាយបន្តផ្ទាល់លើគេហទំព័រ www.duraseksa.com ។
ឯកឧត្ដម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងសហការីនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ បានលើកឡើងថា ប្រព័ន្ធ Live Teaching នេះអាចសម្រួលឱ្យលោកគ្រូអ្នកគ្រូបង្រៀននៅបន្ទប់មួយ ហើយអាចចែកចាយរូបភាព សំឡេង និងសកម្មភាព ទៅកាន់សាលារៀនគោលដៅផ្សេងទៀត ហើយសិស្សនៅសាលារៀនគោលដៅ អាចលើកដៃសួរ និងជជែកដោយផ្ទាល់ជាមួយគ្រូ។
ឯកឧត្ដម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងសហការីនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ
អនុរដ្ឋលេខាធិការក្រសួងអប់រំ បញ្ជាក់បន្ថែមថា ការបង្រៀននេះ គឺធ្វើទៅតាមការអនុវត្តស្តង់ដាសាលារៀនគំរូដែលជាកំណែទម្រង់កម្រិតសាលារៀន ក្នុងន័យជួយដល់សិស្សដែលរៀនយឺត ឬរៀនខ្សោយ អាចមានឱកាសបង្កើតជាក្លឹបសិក្សា ហើយរៀនសូត្រដោយផ្ទាល់ជាមួយគ្រូដែលមានបទពិសោធន៍ក្នុងការបង្រៀន។
«ខ្ញុំសង្ឃឹមថា កម្មវិធីនេះអាចជួយដល់សិស្សានុសិស្សយើង ដើម្បីលើកកម្ពស់លទ្ធផលនៃការសិក្សារបស់ពួកគេ»។
ឯកឧត្ដមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ
គួរជម្រាបជូនថា ប្រព័ន្ធ Live Teaching ជាការរៀបចំដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយកម្មវិធីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សាស្រ្តាចារ្យ និងគ្រូដែលមានបទពិសោធន៍នៃការបង្រៀនខ្ពស់ អញ្ជើញមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងជួយបង្រៀនសម្រាប់កម្រិតថ្នាក់ទី១២ ចំណែកគ្រូមកពីកម្មវិធីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ នឹងជួយបង្រៀនសម្រាប់ថ្នាក់ទី១០ និងទី១១៕