រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ ជំរុញការរៀន និងបង្រៀនភាសាបារាំង ព្រមទាំងបន្ថែមការផ្សព្វផ្សាយបញ្រ្ជាបពីសារៈសំខាន់នៃភាសានេះ ទៅកាន់សិស្សានុសិស្ស។
ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា និងគ្រូបង្រៀនថ្នាក់ពីរភាសាបារាំង-ខ្មែរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធដើម្បីជ្រោមជ្រែងវិស័យអប់រំ ជាពិសេសការបន្តនិរន្តរភាពនៃការរៀននិងបង្រៀនភាសាបារាំងប្រកបដោយគុណភាព និងប្រសិទ្ធិភាព។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានជំនាញ និងក្រុមការងារលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការភាសាបារាំង ក្នុងការចូលរួមពង្រឹង និងលើកកម្ពស់ការបង្រៀន និងរៀនភាសាបារាំង រួមទាំងលទ្ធផលសម្រេចបាននាពេលកន្លងមក នៃការអនុវត្តកម្មវិធីសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ ជីវភាសាទី១-ទី២ រួមទាំងការព្យាយាមដោះស្រាយបញ្ហាប្រឈមនានា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ដើម្បីបន្តជំរុញ និងលើកកម្ពស់ការពង្រឹងការបណ្តុះបណ្តាលភាសាបារាំង ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសសន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ បន្ថែមការផ្សព្វផ្សាយបញ្ជ្រាបពីសារៈសំខាន់ និងឱកាសដែលទទួលបានពីការសិក្សាភាសាបារាំង ក៏ដូចជាបង្តើតក្លឹបសិក្សា តម្រង់ទិសវិជ្ជាជីវៈ និងជំនាញពាក់ព័ន្ធនឹងភាសាបារាំង និងឱកាសទទួលបានអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា។
ជាមួយគ្នានេះ ក៏ត្រូវពង្រឹងការបណ្តុះបណ្តាល និងបំប៉នសមត្ថភាពគ្រូបង្រៀនភាសាបារាំង រៀបចំជាវីដេអូដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយបង្កើនភាពទាក់ទាញរបស់ភាសាបារាំង ហើយជាពិសេសបង្កើតក្រុមប្រឹក្សាភាសាបារាំងនៅតាមវិទ្យាល័យ និង រៀបចំកម្មវិធីប្រឡងប្រណាំងនិយាយភាសាបារាំង លើកកម្ពស់ការសន្ទនាជាភាសាបារាំង បង្កើតមាតិកាជាភាសាបារាំង ក៏ដូចជាបង្កើតអ្នកមានឥទ្ធិពល (influencer) ដែលប្រើភាសាបារាំង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យបង្កើតបណ្ដាញសិស្ស និងនិស្សិតដែលនិយាយភាសាបារាំង និង សិក្សាពីបញ្ហាប្រឈមនៃការរៀនភាសាបារាំង ជាមួយនឹងការស្វែងរកដំណោះស្រាយ, ពង្រឹងការបណ្ដុះបណ្ដាល និងការបែងចែកធនធាន, ពិនិត្យឡើងវិញនូវសៀវភៅសិក្សាគោល កម្មវិធីសិក្សាភាសាបារាំង និងមុខវិជ្ជាឯកទេសផ្សេងៗដែលរៀនជាភាសាបារាំង។
ជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំនៃមន្ទីរអប់រំ យុវជន និងកីឡា និងគ្រូបង្រៀនថ្នាក់ពីរភាសាបារាំង-ខ្មែរក្នុងខេត្តសៀមរាប
ឯកឧត្តម ហង់ជួន ណារ៉ុន បានណែនាំឱ្យរៀបចំ និងការវាយតម្លៃឡើងវិញ នូវការរៀននិងបង្រៀនភាសាបារាំង ក៏ដូចជាពិនិត្យ និងផ្ដល់ជូនឧបករណ៍ឌីជីថល ការបង្កើតសម្ភារៈឧទ្ទេស ដើម្បីជំរុញឱ្យការរៀនភាសាមានភាពទាក់ទាញ និងការរៀបចំបង្កើតវិធីសាស្ត្របង្រៀនថ្មីៗ។
ភាសាបារាំងនៅតែមានសារៈសំខាន់ក្នុងប្រព័ន្ធអប់រំកម្ពុជា បើទោះបីបច្ចុប្បន្នភាសាអង់គ្លេសកំពុងមានឥទ្ធិពលខ្លាំងក៏ដោយ, លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការចេះភាសាបារាំងសំខាន់សម្រាប់ការងារទាក់ទងនឹងការស្រាវជ្រាវ ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ ដោយសារអ្នកប្រាជ្ញបារាំងបានសិក្សាទៅលើវប្បធម៌ អរិយធម៌ខ្មែរជាច្រើនក្នុងសម័យអាណាព្យាបាលបារាំង ហើយបានបន្សល់ទុកនូវឯកសារជាច្រើន។
បើតាមលោកជំទាវ ឃួន វិច្ឆិកា បច្ចុប្បន្ន ភាសាបារាំងនៅតែជាភាសាមួយក្នុងចំណោមភាសាសំខាន់ៗរបស់អង្គការសហប្រជាជាតិ (UN) ហើយក៏មានការប្រើប្រាស់ច្រើនទាំងនៅអាស៊ី និងអឺរ៉ុប និងនៅអាហ្វ្រិក ដែលផ្ដល់អត្ថប្រយោជន៍ដល់សិស្សានុសិស្ស អ្នកបំពេញការងារ ឬប្រកបអាជីវកម្មទៅអនាគត។ ហើយបើក្រឡេកទៅលើវិស័យទេសចរណ៍ ក៏ឃើញមានចំនួនភ្ញៀវទេសចរណ៍ដែលមកពីប្រទេសបារាំង ឬប្រទេសនិយាយភាសាបារាំងក៏មានចំនួនច្រើនដែលមកប្រទេសកម្ពុជា ដែលនេះក៏ជាឱកាសការងាររបស់ប្រជាជនកម្ពុជាដែរ។
បច្ចុប្បន្នក្រសួងអប់រំ បានដាក់ឱ្យដំណើរការកម្មវិធីសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ ចំនួន ២០សាលា ដែលមានសិស្សសរុបប្រមាណជាង ២ពាន់នាក់ នៅទូទាំង៧ រាជធានី/ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម បាត់ដំបង សៀមរាប តាកែវ និងខេត្តព្រះសីហនុ។ ចំណែក ការអនុវត្តកម្មវិធីសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ ជីវភាសាទី១-ទី២ បានអនុវត្តនូវក្នុងសាលាទូទាំងប្រទេស ជាពិសេសក្នុងសាលារៀនជំនាន់ថ្មី៕