ការអប់រំនៅថ្នាក់វិទ្យាល័យគឺជាដំណាក់កាលសំខាន់មួយក្នុងជីវិតសិស្ស ដើម្បីត្រៀមខ្លួនសម្រាប់ការចាប់យកជំនាញ និងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ ទោះជាយ៉ាងណា ស្ថានភាពសិស្សបោះបង់ការសិក្សានៅកម្រិតថ្នាក់វិទ្យាល័យ ត្រូវគេមើលឃើញថា មានចំនួនច្រើនគួរឱ្យកត់សម្គាល់ ក្រោមមូលហេតុផ្សេងៗ, តែយ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពី “ការត្រៀមអនុវត្តគន្លងអប់រំថ្មីនៅមធ្យមសិក្សាទុតិយភូមិ និងយុទ្ធសាស្រ្តបង្កើនការចូលរៀននៅមធ្យមសិក្សាទុតិយភូមិ” កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញអំពីដំណោះស្រាយមួយចំនួនដើម្បីកាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សានៅកម្រិតថ្នាក់វិទ្យាល័យនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ពាក់ព័ន្ធនឹងយុទ្ធសាស្រ្តបង្កើនការចូលរៀននៅមធ្យមសិក្សាទុតិយភូមិ ការអប់រំកម្រិតមធ្យមសិក្សា ត្រូវការកែទម្រង់ជាចាំបាច់ ដើម្បីកែលម្អនូវអត្រាត្រួតថ្នាក់ អត្រាបោះបង់ការសិក្សា និងលទ្ធផលសិក្សារបស់សិស្សឱ្យប្រសើរឡើង។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
រដ្ឋមន្រ្តីអប់រំបន្ថែមថា ទោះបីកម្ពុជាទទួលបានជោគជ័យក្នុងការបង្កើនចំនួនសិស្សចូលរៀនក្នុងរយៈពេលកន្លងមក ដោយកុមារស្ទើរតែទាំងអស់អាចចូលរៀននៅកម្រិតបឋមសិក្សាក៏ដោយ ក៏កម្ពុជាត្រូវពង្រឹងបន្ថែមទៀត ជាពិសេសនៅកម្រិតមធ្យមសិក្សា ទាំងបរិមាណ និងគុណភាព ឱ្យបានប្រសើរឡើង និងឈានទៅសម្រេចគោលដៅឆ្នាំ២០៣០។
បើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ដើម្បីកាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សានៅថ្នាក់វិទ្យាល័យ គឺចាំបាច់ត្រូវបង្កើនការផ្តល់អាហារូបករណ៍សម្រាប់សិស្សក្រីក្រ និងជនងាយរងគ្រោះ និងសិស្សមានពិការភាព, ពង្រឹង និងពង្រីកការអនុវត្តកម្មវិធីសាលារៀនគំរូ, ផ្តល់អគារសិក្សា បង្គន់ បន្ទប់ថែទាំសុខភាពបន្ថែមដល់សាលាមធ្យមសិក្សា, ជំរុញការអនុវត្តកម្មវិធីប្រព័ន្ធរំលឹកសិស្សជាមុន និងកម្មវិធីប្រឹក្សាយោបល់សិស្សឱ្យបានសកម្ម, ជំរុញការចូលរួមរបស់សហគមន៍លើការតាមដានការសិក្សា និងវត្តមានសិស្សជាប្រចាំ, ផ្សព្វផ្សាយ និងអនុវត្តគន្លងអប់រំ, ផ្តល់ជម្រើសជំនាញវិជ្ជាជីវៈសម្រាប់ការអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាជម្រើស នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ, ប្រើប្រាស់ការបង្កើតរូបភាពឌីជីថល (ការវិភាគទិន្នន័យ និងផែនទីឌីជីថល) ដើម្បីកំណត់ពីតម្រូវការសាងសង់ ជួសជុល កែលំអ និងស្តារសម្ភាររូបវន្តជាយុទ្ធសាស្ត្រនៅក្នុងសាលារៀន និងការពង្រាយគ្រូ ប្រកបដោយប្រសិទ្ធភាព។
បង្កើនអត្រាសិស្សចូលរៀនសិស្សកម្រិតមធ្យមសិក្សា
រដ្ឋមន្រ្តីក្រសួងអប់រំមានប្រសាសន៍ដោយបញ្ជាក់ថា ការអនុវត្តគន្លងអប់រំថ្មីនៅមធ្យមសិក្សា និងការដាក់ចេញនូវយុទ្ធសាស្ត្រនានាដើម្បីបង្កើនអត្រាសិស្សចូលរៀន គឺជាកិច្ចការគន្លឹះក្នុងការកសាងមូលធានមនុស្សប្រកបដោយគុណភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។
គួរជំរាបជូនថា ដើម្បីដោះស្រាយបញ្ហាខ្វះមូលធនមនុស្សជំនាញ ឆ្លើយតបនឹងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា កាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សានៅមធ្យមសិក្សា ក្រសួងអប់រំ នឹងសាកល្បងអនុវត្តគន្លងអប់រំថ្មីរួមមាន គន្លងវិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ នៅតាមវិទ្យាល័យដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ដែលមានដំណើរការសេដ្ឋកិច្ច។ ជាមួយគ្នាគន្លងអប់រំថ្មីនេះ ក៏ជំរុញការបណ្តុះបណ្តាលស្ទែម ដើម្បីបង្កើនអត្រាសិស្សចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលចាំបាច់សម្រាប់ទីផ្សារការងារ៕