សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត
ក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់មធ្យមសិក្សាទុតិយភូមិ ដល់សិស្សានុសិស្ស សាលារៀនអន្តរជាតិផារ៉ាហ្គន កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីជួយឱ្យយុវជនក្លាយខ្លួនជាពលរដ្ឋឌីជីថល ពួកគេចាំបាច់ត្រូវចេះនូវជំនាញថ្មីៗចំនួន១០។
បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជំនាញថ្មីៗទាំង១០ ដែលយុវជនត្រូវចេះនៅក្នុងយុគសម័យឌីជីថលនេះ រួមមាន ៖ ១). ចំណេះដឹងផ្នែកឌីជីថល, ២). ការវាយតម្លៃព័ត៌មាន, ៣). ការយល់ដឹងអំពីសុវត្ថិភាពតាមអ៊ីនធឺណិត, ៤). ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព, ៥). ជំនាញសហការ, ៦). ការត្រិះរិះពិចារណា និងការដោះស្រាយបញ្ហា, ៧). ការសរសេរកូដ និងការគិតបែបគណនា (Coding and Computational Thinking), ៨). ការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ, ៩). ការយល់ដឹងពីវប្បធម៌ នៃជាតិសាសន៍ដទៃ និង ១០). ការគ្រប់គ្រងខ្លួនឯង និងការគ្រប់គ្រងពេលវេលា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ជំនាញជាមូលដ្ឋានដូចបានរៀបរាប់ខាងលើនេះ នឹងផ្តល់ភាពអង់អាចដល់ក្មួយៗ ក្នុងការរស់នៅ និងទាញយកប្រយោជន៍ពីយុគសម័យឌីជីថលប្រកបដោយប្រសិទ្ធភាព ដើម្បីក្លាយខ្លួនជាពលរដ្ឋឌីជីថល ប្រកបដោយទំនួលខុសត្រូវ និងសមត្ថភាព។
នៅចំពោះមុខសិស្សដែលបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តពួកគេឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដោយថា ការបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនេះ គឺគ្រាន់តែជាចំណុចចាប់ផ្តើមនៃវិថីសិក្សា និងជីវិតប៉ុណ្ណោះ ដូច្នេះក្មួយៗ ត្រូវចេះក្តាប់ឱកាសឱ្យជាប់ក្នុងការក្រេបជញ្ជក់យកចំណេះដឹង ជំនាញ និងរស់នៅប្រកបដោយវិន័យ សីលធម៌ និងចរិយាធម៌ល្អ ដើម្បីបណ្តុះសមត្ថភាពឱ្យក្លាយជាអ្នកដឹកនាំដ៏មានសក្តានុពល ប្រកបដោយព្រហ្មវិហារធម៌។
ពិធីប្រគល់សញ្ញាបត្របញ្ចប់មធ្យមសិក្សាទុតិយភូមិ ដល់សិស្សានុសិស្ស ជំនាន់ទី២៤ សាលារៀនអន្តរជាតិផារ៉ាហ្គន ក្នុងឆ្នាំសិក្សា ២០២៤-២០២៥
ជាមួយគ្នា ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តសិស្សានុសិស្សត្រូវឈ្វេងយល់ពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាប្រយោជន៍ក្នុងការសិក្សារបស់ខ្លួន ព្រោះសក្ដានុពលបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំគ្មានដែនកំណត់នោះទេ។
គួរជំរាបជូនថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកចក្ខុវិស័យកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខមាលភាពសង្គមផ្អែកលើប្រក្រតីភាពតាមគន្លងថ្មី ។ ដើម្បីអនុវត្តចក្ខុវិស័យនេះបាន កម្ពុជាចាំបាច់ត្រូវការសរសរស្តម្ភចំនួនបីរួមមាន ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ហើយក្នុងនោះសរសរស្តម្ភដែលចាំបាច់ត្រូវដាំមុនគេ គឺពលរដ្ឋឌីជីថល ។ ពលរដ្ឋឌីជីថល គឺសំដៅលើពលរដ្ឋដែលមានចំណេះដឹង និងមានជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ទំនាក់ទំនងនិងដោះស្រាយបញ្ហា ដែលអាចប្រើប្រាស់ផ្តល់ ឬបង្កើតព័ត៌មាន ។ លើសពីនេះ ពលរដ្ឋឌីជីថលត្រូវយល់ដឹងជាមូលដ្ឋានពាក់ព័ន្ធសន្តិសុខសាយប័រ ឬក៏សន្តិសុខឌីជីថល៕