យោងតាម WE Forum បានឱ្យដឹងថា ប្រទេសក្នុងតំបន់អាមេរិកឡាទីន បានកំពុងបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការក្លាយជាមជ្ឈមណ្ឌលគន្លឹះសម្រាប់ការបង្កើតថ្មី និងសហគ្រិនភាពរបស់ពិភពលោក។ នៅឆ្នាំ២០២២ ធុរកិច្ចថ្មី (Start-up) បានបង្កើតឡើងចំនួន ២២០ នៅទូទាំងតំបន់។ លើសពីនេះ ការលេចចេញនូវក្រុមហ៊ុន Unicorn ល្បីៗ និងការមកដល់នៃក្រុមហ៊ុនបណ្ដាក់ទុនសំខាន់ៗដូចជា Sequoia, Andreessen Horowitz, Accel Partners និង Y Combinator នៅក្នុងតំបន់នេះ បានទាក់ទាញចំណាប់អារម្មណ៍អ្នកចូលចិត្តធុរកិច្ចថ្មី (Start-up) និងសហគ្រិនភាពមកពីជុំវិញពិភពលោក។
ការចេញផ្សាយចុងក្រោយបំផុតនៃរបាយការណ៍ដែលមានឈ្មោះថា សន្ទស្សន៍ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីសកលចំនួន ១០០០ ក្នុងឆ្នាំ ២០២៣ (1,000 Global Startup Ecosystem Index 2023) បានរកឃើញថា ទីក្រុងចំនួន ៧៧ មកពីប្រទេសចំនួន ១១ ក្នុងតំបន់អាមេរិកឡាទីន បានកើនឡើងចំណាត់ថ្នាក់គួរឱ្យកត់សម្គាល់ ដែលក្នុងនោះមានដូចជាប្រទេស ប្រេស៊ីល ម៉ិកស៊ិក ឈីលី កូឡុំប៊ី និងអាហ្សង់ទីន បានវ៉ាដាច់ទីផ្សារបង្កើតថ្មីនៅខាងក្រៅតំបន់។
ទីក្រុង Quito របស់ប្រទេស Ecuador, អាមេរិកខាងត្បូង
ទស្សនៈវិស័យរបស់សមាជិកនៃសហគមន៍នវានុវត្តកររបស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលជាក្រុមអ្នកជំនាញផ្នែកធុរកិច្ចថ្មី (Startup) ពង្រីកអាជីវកម្ម (Scale up) និង ការធ្វើឱ្យក្រុមហ៊ុនមួយមានតម្លៃលើស ១ប៊ីលានដុល្លារ បានបង្ហាញឱ្យដឹងថា អាមេរិកឡាទីនបានឆ្លងកាត់នូវប្រវត្តិសាស្ត្រ ដែលត្រូវប្រឈមនឹងបញ្ហាដែលមិនអាចដោះស្រាយបានអស់រយៈពេលយ៉ាងយូរ ។ ជាក់ស្ដែង បញ្ហាសេវាកម្មធនាគារ និងដំណោះស្រាយការទូទាត់ មិនត្រូវបានវិស័យសាធារណៈ និងឯកជនយកចិត្តទុកដាក់ដោះស្រាយអស់រយៈពេលជាច្រើនឆ្នាំ ហើយរូបភាពនេះ គឺជាកាលៈទេសៈអំណោយផល សម្រាប់សហគ្រិនក្នុងស្រុកចាប់យកឱកាស និងបង្កើតដំណោះស្រាយសម្រាប់បញ្ហាដែលកំពុងកើតមានទាំងនោះ។ នេះជាឱកាសដ៏ល្អសម្រាប់សហគ្រិនក្នុងការសាកល្បងគំនិតថ្មី និងយកគំនិតដែលបានអនុវត្តជោគជ័យក្នុងប្រទេសដទៃមកអនុវត្តក្នុងទីផ្សារប្រទេសខ្លួនឯង។
«សេដ្ឋកិច្ចអាមេរិកឡាទីន ជាមួយនឹងបញ្ហាប្រឈមទាំងអស់ដែលពួកគេបានជួបប្រទះអស់រយៈពេលជាច្រើនឆ្នាំ គឺជាទិដ្ឋភាពដ៏ល្អឥតខ្ចោះសម្រាប់ការចាប់ឱកាស និងការច្នៃប្រឌិត។» នេះជាការលើកឡើងរបស់លោកស្រី Ana Maria Zucato នាយកប្រតិបត្តិ ក្រុមហ៊ុន Noh Pay ក្នុងប្រទេសប្រេស៊ីល។
លើសពីនេះ ការចាប់ផ្ដើមអាជីវកម្មថ្មីៗបានធ្វើការតភ្ជាប់ សហការ និងជំរុញប្រព័ន្ធអេកូឡូស៊ីនៃភាពជាសហគ្រិនឱ្យកាន់តែរឹងមាំ ខណៈពេលដែលភាពជោគជ័យនៃទីផ្សាររបស់ក្រុមហ៊ុនដែលតម្លៃលើស ១ប៊ីលានដុល្លារ (Unicorn) ជាច្រើននៅក្នុងតំបន់បានបំផុសគំនិតសហគ្រិនជាច្រើនឱ្យចាប់ផ្ដើមធុរកិច្ចថ្មី (Startup) ដើម្បីដោះស្រាយបញ្ហា និងតម្រូវការផ្សេងៗដែលមានក្នុងសង្គម។
លោក Tomas Bercovich ជា CEO និងជាសហស្ថាបនិកក្រុមហ៊ុន Global 66 ក្នុងប្រទេសឈីលី បានលើកឡើងថា «ភាពជោគជ័យដ៏ត្រចះត្រចង់របស់របស់ក្រុមហ៊ុន Unicorns ជំរុញឱ្យសហគ្រិនផ្សេងទៀត ចាប់ផ្ដើមគិតធំ និងហ៊ានប្រថុយក្នុងការបង្កើតអាជីវកម្ម។»
បច្ចុប្បន្ន រដ្ឋាភិបាលតាមប្រទេសនីមួយៗ ក៏កំពុងតែទទួលស្គាល់សារៈសំខាន់នៃការគាំទ្រ ការបង្កើតថ្មី និងចាត់វិធានការលើកកម្ពស់សហគ្រិនភាពផងដែរ។ វិធានការទាំងនេះ រួមបញ្ចូលក្របខ័ណ្ឌបទប្បញ្ញត្តិ ដែលជួយសម្រួលដល់សហគ្រិនក្នុងការទទួលបានធនធាន និងការផ្តល់មូលនិធិ ក៏ដូចជាគំនិតផ្តួចផ្តើមដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលចាំបាច់សម្រាប់ការធ្វើសមាហរណកម្មយ៉ាងរលូនទៅក្នុងទិដ្ឋភាពទីផ្សារ។
កិច្ចសហការ ក្នុងការបង្កើតថ្មី
បណ្តាប្រទេស ដូចជាប្រទេសកូឡុំប៊ី បានបង្កើតបរិយាកាសអំណោយផលសម្រាប់ការបង្កើតថ្មី តាមរយៈការផ្តល់មូលនិធិសម្រាប់សហគ្រិនក្នុងស្រុក គាំទ្រដល់តម្រូវការនៃការចាប់ផ្តើមអាជីវកម្មសម្រាប់បុគ្គលិកជំនាញ និងការបង្កើនចំណេះដឹងផ្នែកបច្ចេកវិទ្យានៅក្នុងទីក្រុងតូចៗទូទាំងប្រទេស។ គំនិតផ្ដួចផ្ដើមផ្សេងទៀត ដូចជា Startup Chile រដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ គាំទ្រសហគ្រិនក្នុងស្រុក និងសហគ្រិនជាង ២,០០០ នាក់ មកពីជុំវិញពិភពលោក ក្នុងទីក្រុង Santiago ដើម្បីបង្កើនសក្តានុពលប្រព័ន្ធអេកូសហគ្រិនភាព ក្នុងប្រទេសឱ្យកាន់តែខ្លាំងក្លាឡើង។
លោក Guillermo Pepe នាយកប្រតិបត្តិក្រុមហ៊ុន Mamotest ប្រទេសអាហ្សង់ទីន បានបង្ហាញការយល់ឃើញថា ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពក្នុងការប្រើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលបានផ្ដល់ឱកាសដល់សហគ្រិនបានប្រើប្រាស់វេទិកាឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាទូរស័ព្ទ ដើម្បីប្រើទីផ្សារកាន់តែទូលំទូលាយ បង្កើនប្រសិទ្ធភាព និងពង្រីកអាជីវកម្មរបស់ពួកគេ។ ចំណុចនេះ បានបង្ហាញថា ការរួបរួមគ្នា ផ្ដួចផ្ដើមគំនិតសម្រាប់ការបង្កើតថ្មី ជាលក្ខណៈឯកជន ដោយមានការគាំទ្រពីរដ្ឋាភិបាល ក៏បានទាក់ទាញចំណាប់អារម្មណ៍នៃការបណ្ដាក់ទុនកាន់តែច្រើន ដែលនាំឱ្យមានការផ្ដល់មូលនិធិផ្សេងៗ ការផ្លាស់ប្ដូរចំណេះដឹង ការបង្កើតបណ្ដាញ និងពង្រីងអាជីវកម្ម។
លោក Juan Pablo Ortega សហស្ថាបនិក និងជានាយកប្រតិបត្តិ Yuno ប្រទេសកូឡុំប៊ី បន្ថែមថា លទ្ធភាពទទួលបានមូលនិធិបណ្តាក់ទុនពីទីផ្សារដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុបបានធ្វើឱ្យអាជីវកម្មចាប់ផ្តើមរីកចម្រើនយ៉ាងឆាប់រហ័ស និងអភិវឌ្ឍបច្ចេកវិទ្យាក្នុងល្បឿនដែលមិនអាចធ្វើទៅបានពីមុនមក។ ការសហការវិនិយោគជាមួយដៃគូក្នុងស្រុក បានពង្រឹងប្រព័ន្ធអេកូឡូស៊ីពេលចាប់ផ្តើមអាជីវកម្ម ខណៈពេលដែលកាត់បន្ថយហានិភ័យសម្រាប់អ្នកបណ្តាក់ទុនអន្តរជាតិផងដែរ។
ខណៈអាមេរិកឡាទីនក៏ត្រូវបានទទួលស្គាល់ថាជាតំបន់មួយដែលសម្បូរទៅដោយកម្លាំងពលកម្មជំនាញ ហើយកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជនមានសារៈសំខាន់សម្រាប់ការពង្រឹងអ្នកជំនាញ។
កិច្ចសហការរវាងស្ថាប័នអប់រំ រដ្ឋាភិបាល និងសាជីវកម្មអាចនាំទៅដល់ការបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញ និងគំនិតផ្តួចផ្តើមដែលផ្តល់កម្លាំងពលកម្មជាមួយនឹងជំនាញចាំបាច់សម្រាប់ការងារបច្ចេកវិជ្ជា ដែលផ្តល់លទ្ធភាពឱ្យការផ្គត់ផ្គង់អ្នកមានជំនាញសម្រាប់អាជីវកម្មចាប់ផ្តើម និងទីផ្សារ
លោក Virginia Folgueiro នាយកប្រតិបត្តិក្រុមហ៊ុន Menta ប្រទេសអាហ្សង់ទីន
អ្នកជំនួញប្រជុំ ដើម្បីបង្កើតគំនិតថ្មីៗ ដើម្បីចាប់ផ្ដើមធុរកិច្ចថ្មី
សម្ព័ន្ធភាពសាធារណៈ និងឯកជនដ៏ស្វាហាប់នេះមានសក្តានុពលក្នុងការជំរុញឱ្យមានការជឿនលឿនផ្នែកបច្ចេកវិទ្យាគួរឱ្យកត់សម្គាល់ និងចិញ្ចឹមប្រព័ន្ធអេកូឡូស៊ី ដែលធន់ និងអាចដោះស្រាយបញ្ហាប្រឈមជាច្រើន ក្នុងពេលបច្ចុប្បន្ន និងអនាគត។
យោងតាម IDB Lab ការចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យានៅអាមេរិកឡាទីន និងការាបៀនត្រូវបានគេព្យាករណ៍ថា នឹងឈានដល់តម្លៃ ២ ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ហើយទោះបីជាការចាប់ផ្ដើមអាជីវកម្មនៅក្នុងតំបន់កំពុងប្រឈមនឹងការកាត់បន្ថយដ៏ធំនៃមូលនិធិបណ្តាក់ទុនក៏ដោយ ក៏ពួកគេនឹងត្រូវជំរុញវិធីរបស់ពួកគេ ដើម្បីទទួលបានប្រាក់ចំណេះចេញដដែល។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជនពិតជាមានសារៈសំខាន់ ហើយនៅពេលដែលកិច្ចសហការយ៉ាងម៉ឺងម៉ាត់នេះរវាងរដ្ឋាភិបាល និងអ្នកចាប់ផ្តើមអាជីវកម្មបន្តវិវឌ្ឍ នោះអាមេរិកឡាទីន នឹងអាចក្លាយជាមហាអំណាចនវានុវត្តន៍សកល៕