ចំពោះប្រទេសហ្វាំងឡង់ ដែលជាប្រទេសទទួលបានការកោតសរសេរសម្រាប់ប្រព័ន្ធអប់រំ ដែលមានគុណភាពខ្ពស់ បានទទួលយកបច្ចេកវិទ្យា AI ជាមួយនឹងការប្ដេជ្ញាចិត្តថ្នាក់ជាតិយ៉ាងម៉ឹងម៉ាត់ក្នុងការអប់រំប្រជាពលរដ្ឋរបស់ខ្លួន តាមរយៈការផ្ដល់វគ្គសិក្សាដោយឥតគិតថ្លៃ។
នៅក្នុងប្រទេសចិន រដ្ឋាភិបាលបានបណ្ដាក់ទុនយ៉ាងច្រើន តាមរយៈការកាត់បន្ថយពន្ធ និងការលើកទឹកចិត្តផ្សេងទៀត ទៅលើឧបករណ៍ AI ដូចជា វេទិកាបង្រៀន Squirrel AI ដែលពឹងផ្អែកលើសំណុំទិន្នន័យទ្រង់ទ្រាយធំ និងការឃ្លាំមើលដោយកាមេរ៉ា។ បច្ចេកវិទ្យា AI ក្នុងវិស័យអប់រំ ដែលចិនបានផលិត ភាគច្រើនផ្ដោតលើការពង្រឹង ការអនុវត្តតេស្តស្ដង់ដា ដូច្នេះសម្រាប់សិស្សដែលគ្រួសាររបស់គេមានលទ្ធភាពឱ្យរៀនដោយប្រើបច្ចេកវិទ្យានេះ អាចវិវត្តន៍សមត្ថភាពលឿនជាងសិស្សដទៃ។ ដោយឡែកនៅក្នុងប្រទេសចិន បញ្ហាក្រមសីលធម៌ សិទ្ធិទទួលបានសមធម៌ ឯកជនភាព និងហានិភ័យដែលបណ្ដាលមកពី AI ផ្សេងទៀត មិនមែនជារឿងអាទិភាព ដែលចិនគិតគូរនោះទេ។
ផ្ទុយទៅវិញ កម្មវិធី AI in learning របស់ប្រទេសហ្វាំងឡង់ ដែលបង្កើតឡើងដោយការសហការពីសំណាក់ក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនជាច្រើន មានគោលបំណង លើកកម្ពស់សមធម៌ និងគុណភាពនៃការសិក្សាក្នុងស្រុក និងជាសកល។
ចំពោះរដ្ឋាភិបាលអាម៉េរិក ក៏បានគិតគូរអំពីការដាក់ AI ទៅក្នុងផែនការបច្ចេកវិទ្យាអប់រំជាតិរបស់ខ្លួនដែរ ដោយផ្ដោតលើការកាត់បន្ថយហានិភ័យ និងបង្កើនឱកាសឱ្យបានច្រើនបំផុត តាមរយៈការប្រើប្រាស់ AI ដើម្បីធ្វើឱ្យសិស្សអាម៉េរិក អាចត្រៀមខ្លួន និងប្រកួតប្រជែងក្នុងយុគសម័យសេដ្ឋកិច្ច AI ៕