ថ្លែងក្នុងសិក្ខាសាលាស្ដីពី “ការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន ឆ្ពោះទៅរកបរិវត្តកម្មការអប់រំឌីជីថល” កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងការអនុវត្តយុទ្ធសាស្រ្តថ្មីរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ បានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំផ្ដោតលើការលើកកម្ពស់គុណភាពអប់រំ សំដៅលើការកសាងមូលធនមនុស្សប្រកបដោយសក្តានុពលពេញលេញលើផ្នែកបច្ចេកវិទ្យាព័ត៌មាន។
ឯកឧត្តម ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា ដើម្បីធ្វើឱ្យគោលនយោបាយនេះដំណើររការបានទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតប្រព័ន្ធព័ត៌មានឌីជីថលមួយចំនួនដូចជា ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ កម្មវិធីគ្រប់គ្រងបុគ្គលិក ប្រព័ន្ធចែកចាយសៀវភៅសិក្សាសាលារៀន ប្រព័ន្ធគ្រប់គ្រងអាហារូបករណ៍ ប្រព័ន្ធតាមដានព័ត៌មាននិស្សិត ប្រព័ន្ធតាមដានសាលា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន SIS និងប្រព័ន្ធគ្រប់គ្រងបណ្ណាល័យជាដើម។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ក្រោមការសហការរវាងក្រសួងអប់រំ យុវជន និងកីឡាជាមួយក្រុមហ៊ុនមិត្តហ្វូន ចាប់ពីឆ្នាំ២០២០ បានដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀន (SIS) នៅកម្រិតវិទ្យាល័យ ។ មកទល់បច្ចុប្បន្ននេះ មានសាលារៀនចំនួន ២៦៦ សាលា នៅទូទាំងប្រទេសបាន និងកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន SIS ។
តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សង្កេតឃើញថា បានផ្ដល់នៅអត្ថប្រយោជន៍ជាច្រើន ដូចជា មុខងារការគ្រប់គ្រងព័ត៌មានសាលារៀន ការសិក្សាតាមអេឡេចត្រូនិច ការទំនាក់ទំនង និងព័ត៌មាននានាសម្រាប់ធ្វើសេចក្ដីសម្រេចចិត្ត ដែលបង្កភាពងាយស្រួលសម្រាប់ការប្រើប្រាស់ និងគ្រប់គ្រង។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្នើសុំភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រក្នុងការពង្រីកការអនុវត្តប្រព័ន្ធព័ត៌មានសាលារៀននេះ ឱ្យបានដល់សាលារៀនគ្រប់កម្រិត នៅក្នុងខេត្តកំពង់ចាម ។ ជាពិសេស ស្នើសុំឱ្យក្រុមហ៊ុនមិត្តហ្វូន បញ្ចូលគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូចូលទៅក្នុងគម្រោងរួមមានវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យបាត់ដំបង មជ្ឈមណ្ឌលភូមិភាគទាំង ៤ នៅខេត្តតាកែវ ព្រៃវែង កណ្ដាល និងខេត្តកំពង់ចាម និងសាលាគរុកោសល្យ និងវិក្រឹតការចំនួន ១៥ ខេត្ត ដើម្បីបង្កភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធនេះបន្ទាប់ពីគរុសិស្ស គរុនិសិ្សត ចេញបម្រើការតាមសាលា និងគ្រឹះស្ថានអប់រំនានា ក្រោយការបញ្ចប់ការសិក្សា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្នើសុំភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រក្នុងការពង្រីកការអនុវត្តប្រព័ន្ធព័ត៌មានសាលារៀននេះ ឱ្យបានដល់សាលារៀនគ្រប់កម្រិត នៅក្នុងខេត្តកំពង់ចាម។ ជាពិសេស ស្នើសុំឱ្យក្រុមហ៊ុនមិត្តហ្វូន បញ្ចូលគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូចូលទៅក្នុងគម្រោងរួមមានវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យបាត់ដំបង មជ្ឈមណ្ឌលភូមិភាគទាំង ៤ នៅខេត្តតាកែវ ព្រៃវែង កណ្ដាល និងខេត្តកំពង់ចាម និងសាលាគរុកោសល្យ និងវិក្រឹតការចំនួន ១៥ ខេត្ត ដើម្បីបង្កភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធនេះបន្ទាប់ពីគរុសិស្ស គរុនិសិ្សត ចេញបម្រើការតាមសាលា និងគ្រឹះស្ថានអប់រំនានា ក្រោយការបញ្ចប់ការសិក្សា។
គួរជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់អាទិភាពទៅលើការអប់រំឌីជីថល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលតាមសាលារៀន តាមរយៈការបញ្ចូលទៅក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍធនធានមនុស្ស” និងមុំទី១ “ការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”៕