មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានជំរុញដល់ឪពុកម្ដាយទាំងឡាយ ត្រូវចិញ្ចឹមថែទាំកុមារឱ្យចម្រើនវ័យបានល្អតាមរយៈការផ្តល់អាហារូបត្ថម្ភសមស្រប ដោយថា វាគឺជាមូលដ្ឋានគ្រឹះសម្រាប់ការរស់រាន សុខភាពល្អ និងការអភិវឌ្ឍរបស់កុមារ។ ទន្ទឹមគ្នានេះ អាហារូបត្ថម្ភមានសារៈសំខាន់ជួយដល់ការលូតលាស់រាងកាយ ក៏ដូចជាសតិបញ្ញារបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់កុមារតូចៗ។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ប្រសិនប្រជាពលរដ្ឋយល់ច្បាស់អំពីអាហារូបត្ថម្ភ នោះនឹងអាចដឹងថា ត្រូវហូបអាហារបែបណាដែលជួយទ្រទ្រង់រាងកាយឱ្យមានសុខភាពល្អ ហើយអាហារបែបណាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លួនឯង និងសុខភាពរបសកូន។ លើសពីនេះ ត្រូវជៀសផុតពីជំងឺមួយចំនួន ជាពិសេសជំងឺមិនឆ្លងដែលជាក្ដីព្រួយបារម្ភរបស់រាជរដ្ឋាភិបាល។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល
រដ្ឋលេខាធិការក្រសួងសុខាភិបាល បន្ថែមថា កាលណាទារក ឬកុមារទទួលបានអាហារូបត្ថម្ភល្អគ្រប់គ្រាន់ នឹងធ្វើឱ្យពួកគេមានការលូតលាស់ល្អត្រឹមត្រូវទៅតាមស្តង់ដា ហើយក៏អាចធ្វើឱ្យគាត់មានឱកាសនៅក្នុងការចូលរៀនបានជាប់លាប់ដោយសារកុមារមិនមានបញ្ហាសុខភាព។
បើយោងតាម សៀវភៅណែនាំសម្រាប់អ្នកម្ដាយ និងអ្នកថែទាំកុមារ ស្ដីពី វិធីរៀបចំអាហារបន្ថែម សម្រាប់កុមារអាយុពី ៦-២៤ខែ បានបង្ហាញថា ចាប់ពីអាយុ ៦ខែ ឡើងទៅ គឺជាពេលដែលត្រូវធ្វើការផ្ដល់អាហារបន្ថែមដល់កុមារ (ដោយគិតអំឡុងពេលចាប់ពីអាយុ ៦-២៤ខែ) ហើយវាគឺជាពេលដែលងាយរងគ្រោះបំផុត។ អំឡុងពេលនេះ កុមារតូចភាគច្រើនទទួលរងនូវបញ្ហាកង្វះអាហារូបត្ថម្ភ ហើយធ្វើឱ្យមានអត្រាកង្វះអាហារូបត្ថម្ភខ្ពស់សម្រាប់កុមារអាយុក្រោម ២ឆ្នាំ។ យ៉ាងណាមិញ កង្វះអាហារូបត្ថម្ភរបស់កុមារតូច គឺអាចការពារបានដោយផ្ដល់អាហារបន្ថែមដែលសម្បូរសារជាតិចិញ្ចឹម និងមានសុវត្ថិភាពឱ្យបានគ្រប់គ្រាន់។
ផ្តល់អាហារូបត្ថម្ភសមស្របសម្រាប់កូន
ការផ្តល់អាហារបន្ថែមល្អ មានន័យថា ផ្ដល់ឱ្យកូនរបស់អ្នកនូវអាហារបន្ថែម (បបរពិសេស) ជារៀងរាល់ថ្ងៃ ព្រមទាំងផ្តល់អាហារក្រៅដែលសម្បូរសារធាតុចិញ្ចឹម។ អ្នកអាចធ្វើអាហារបន្ថែម ដោយប្រើប្រាស់អាហារផ្សេងៗ ដែលមាននៅក្នុងមូលដ្ឋាន អាហារដែលមានស្រាប់នៅតាមផ្ទះ សួនដំណាំ ឬទិញពីផ្សារ។ លើសពីនេះ អាហារបន្ថែម គឺត្រូវជ្រើសរើសអាហារមួយមុខ (មួយណាក៏បាន) ពីក្រុមនីមួយៗ ខុសៗគ្នា ដើម្បីធ្វើអាហារបន្ថែម។ ក្នុងនោះ ផ្លាស់ប្ដូរមុខអាហាររបស់កុមាររៀងរាល់ថ្ងៃ និងបន្ថែមអាហារក្រៅពេល ដូចជាល្ហុងទុំកោស ស្វាយទុំកោស។ កូនរបស់អ្នកនឹងចង់ញ៉ាំអាហារជាងមុន ប្រសិនបើអ្នកបញ្ចុកកូនជាមួយអាហារខុសៗគ្នាប្រចាំថ្ងៃ។
គួរជម្រាបជូនថា ឪពុកម្ដាយអាចជ្រើសរើសដើម្បីធ្វើអាហារបន្ថែមសម្រាប់កូន ដូចជា អង្ករ ដំឡូងជ្វា ឬត្រាវ ត្រី ពពួកសាច់ ថ្លើម ស៊ុត ឬពពួកសណ្ដែក (សណ្ដែកដី សណ្ដែកបាយ) បន្លែ ដូចជា ត្រកួន ស្លឹកបាស ស្លឹកងប់ ផ្ទី ត្រួយ ឬ ផ្លែល្ពៅ ។ល។ បន្ថែមប្រេងឆាបន្តិច ដើម្បីឱ្យអាហារមានរសជាតិឆ្ងាញ់ នឹងបង្កើនថាមពល។ កត់សម្គាល់ថា ការបញ្ចុកអាហារបន្ថែមឱ្យបានគ្រប់គ្រាន់ដល់កូនរបស់អ្នក ហើយផ្ដល់ផ្លែឈើផ្សេងៗទៀត រៀងរាល់ថ្ងៃនោះកូនអ្នកនឹងមានកម្លាំងមមួន សុខភាពល្អ និងឈ្លាសវៃ៕