អ្នកបើកបរទាំងអស់ត្រូវឱ្យតម្លៃថានៅតាមដងផ្លូវគ្រប់គ្នាសុទ្ធតែជាសមាជិកនៃគ្រួសារយើង ដែលត្រូវយកចិត្តទុកដាក់ យោគយល់អធ្យាស្រ័យ និងធ្វើយ៉ាងណាកុំបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ។ ប្រសិនគ្រប់គ្នាប្រកាន់យកឥរិយាបទបែបនេះបាន គឺជាការចូលរួមចំណែកយ៉ាងធំមួយកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម គង់ សុវណ្ណ ទីប្រក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ឯកឧត្តម គង់ សុវណ្ណ មានប្រសាសន៍ថា បើទោះជាស្ថានភាពឥរិយាបទរបស់អ្នកបើកបរបច្ចុប្បន្នមានការល្អប្រសើរជាងមុន រួមមាន ការពាក់មួកសុវត្ថិភាព មានការបើកតាមល្បឿនកំណត់ ប៉ុន្តែក៏នៅតែមានអ្នកបើកបរហួសលឿនកំណត់ អ្នកមិនគោរពច្បាប់ អ្នកបើកបរក្រោមឥទ្ធពលគ្រឿងស្រវឹង អ្នកបើកបរប្រើប្រាស់ទូរស័ព្ទដៃដោយគ្មានឧបករណ៍ជំនួយ អ្នកបើកបរល្មើសភ្លើង និងស្លាកសញ្ញា នៅពេលគ្មានវត្តមានមន្ត្រីអនុវត្តច្បាប់។ ឯកឧត្តម បន្តថា កត្តាទាំងនេះបានបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរច្រើន បង្កជាសោកនាដកម្ម មនុស្សស្លាប់ និងរបួសយ៉ាងច្រើន នាំឱ្យបាត់បង់ធនធានមនុស្សល្អៗដែលសុទ្ធសឹងតែជាសិស្សពូកែ ជាធនធានមនុស្សល្អទៅថ្ងៃអនាគត តែត្រូវបញ្ចប់ជីវិតត្រឹមជនដែលបើកបរក្រោមឥទ្ធពលគ្រឿងស្រវឹង មិនគោរពច្បាប់ចរាចរណ៍ទៅវិញ។
ឯកឧត្តម គង់ សុវណ្ណ ទីប្រក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
«អ្នកបើកបរទាំងអស់នៅទូទាំងប្រទេស នៅពេលកាន់ដៃចង្កូតបញ្ជាយានយន្តរបស់ខ្លួន ត្រូវមានអារម្មណ៍មួយគិតថា យើងត្រូវស្រឡាញ់ជីវិតខ្លួនយើង ស្រឡាញ់ជីវិតនៃសមាជិកគ្រួសារយើង អ្នកដទៃគេក៏ស្រឡាញ់ជីវិតរបស់ខ្លួនគេ ស្រឡាញ់ជីវិតនៃសមាជិកគ្រួសាររបស់គេដែរ»។
ឯកឧត្តម គង់ សុវណ្ណ ទីប្រក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ទីប្រក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បញ្ជាក់បន្ថែមថា អ្នកបើកបរដែលខ្វះសីលធម៌ មិនឱ្យតម្លៃជីវិត គ្មានឥរិយាបទសុវត្ថិភាពលើដងផ្លូវ ច្រើនបង្កើតហានិភ័យនិងការប្រឈមខ្ពស់បំផុតនៃគ្រោះថ្នាក់ចរាចរណ៍ ដែលអាចបណ្ដាលឱ្យអ្នកបើកបរដទៃទៀត ប្រជាពលរដ្ឋ ប្រឈមនឹងការស្លាប់ របួសធ្ងន់ធ្ងរ និងពិការភាព។ ឧទាហរណ៍ នៅក្នុងគ្រួសារមួយមានប្ដីជាជនបង្គោលត្រូវរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ហើយត្រូវស្លាប់ដោយជនដែលបើកបរគ្មានសីលធម៌ និងគ្មានឥរិយាបទសុវត្ថិភាព និងមិនចេះឱ្យតម្លៃជីវិតអ្នកដទៃ គ្រួសារនោះនឹងប្រឈមទៅរកភាពក្រីក្រ កូនបាត់បង់ឱកាសរៀនសូត្របានវែងឆ្ងាយ ដែលអាចក្លាយជាធនធានមនុស្សនៅថ្ងៃអនាគតសម្រាប់គ្រួសារ និងសង្គមជាតិ។
ឯកឧត្តម គង់ សុវណ្ណ បញ្ជាក់ថា ករណីសិក្សាអំពីការខាតបង់សេដ្ឋកិច្ច និងធនធានមនុស្ស ដែលបង្កមកពីគ្រោះថ្នាក់ចរាចរណ៍កន្លងទៅឃើញ មានការខាតបង់សេដ្ឋកិច្ចប្រមាណជាង ៣៣០លានដុល្លារក្នុងមួយឆ្នាំៗ ឡើងមក ៣៨០លានដុល្លារក្នុងឆ្នាំ២០២០ នឹងបន្តកើនឡើងជាបន្តបន្ទាប់ទៀត។ ទន្ទឹមគ្នានេះ ក្នុងមួយឆ្នាំៗមានមនុស្សជិត ២ពាន់នាក់ស្លាប់ និងរបួសធ្ងន់ ពិការភាពប្រមាណជិត ៤ពាន់នាក់។
ការអប់រំ ផ្សព្វផ្សាយ រឹតបន្តឹង និងអនុវត្តច្បាប់ចរាចរណ៍។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ ទីប្រក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកឡើថា កម្ពុជាមានច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលបានធ្វើវិសោធនកម្មច្រើនដង ព្រមទាំងអាចឆ្លើយតបស្ថានភាពនៃផ្លូវ និងសុវត្ថិភាពចរាចរណ៍បច្ចុប្បន្ន និងនៅពេលអនាគត ប៉ុន្តែអ្វីដែលសំខាន់នោះ គឺយន្តការអនុវត្តមាត្រានៃច្បាប់ និងមាត្រានៃបទដ្ឋានក្រោមច្បាប់នីមួយៗ រួមបញ្ជូលការអប់រំផ្សព្វផ្សាយ ការរឹតបន្តឹងវិន័យ និងការផាកវិន័យទៅលើជនបង្កដែលល្មើសច្បាប់។ ទន្ទឹមគ្នានេះ ការអប់រំ និងការរឹតបន្តឹងច្បាប់ត្រូវដើរទន្ទឹមគ្នា ដោយមិនអាចខ្វះមួយណាបានឡើយ ហើយការអនុវត្តច្បាប់ត្រូវតែធ្វើឱ្យចំទិសដៅទៅលើកត្តាហានិភ័យ និងបញ្ហាប្រឈមចម្បងៗ ដូចជា ករណីបើកបរហួសល្បឿនកំណត់ច្រើន ករណីបើកបរមិនគោរពភ្លើង ស្លាកសញ្ញា ករណីស្លាប់ និងរបួសច្រើន ត្រូវធ្វើទៅលើផ្នែកនោះជាមុន។
គួរជម្រាបជូនថា បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង១៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ក្នុងនោះ មូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
បើតាមមាត្រា៨២ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជនណាបើកបរដោយបង្កឱ្យស្លាប់ដល់អ្នកដទៃដោយអចេតនាត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ ឬ/និងពិន័យជាប្រាក់ពី ២លានរៀល ទៅ៦លានរៀល។ ត្រូវផ្ដន្ទាទោសដល់កម្រិតអតិបរមា ក្នុងករណីដែលការប្រព្រឹត្តបទល្មើសស្ថិតក្នុងស្ថានភាពណាមួយក្នុងចំណោមស្ថានភាពដូចជា បើកបរដោយគ្មានប័ណ្ណបើកបរ ឬមានប័ណបើកបរ តែមិនត្រឹមត្រូវតាមការកមណត់, ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី ០,៤០មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ, បណ្ដាលឱ្យមានស្លាប់មនុស្សច្រើននាក់ និងរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ៕