ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា នៅខេត្តកណ្តាល កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា យុវជនមិនត្រឹមតែជាអនាគតនៃប្រទេសជាតិទេ ប៉ុន្តែជាថាមពលសំខាន់សម្រាប់ការបង្កើតឱកាសថ្មីៗ។ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ត្រូវការកម្លាំងយុវជនដែលមានចក្ខុវិស័យ មានទេពកោសល្យ និងសមត្ថភាពពេញលេញក្នុងការច្នៃប្រឌិតប្រកបដោយនវានុវត្តន៍។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើករំលេចអំពីកាតព្វកិច្ចចំនួន៤ របស់កុមារ និងយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី និងជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការជួយជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិ ៖
ទី១. កាតព្វកិច្ចរបស់កុមារ និងយុវជនចំពោះឪពុកម្ដាយ ៖ កាតព្វកិច្ចនេះ គឺផ្អែកលើតម្លៃសីលធម៌ ទំនៀមទម្លាប់ ប្រពៃណី និងការគោរពដឹងគុណ ដែលត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ។ កាតព្វកិច្ចទាំងនេះ មិនត្រឹមតែជាបន្ទុកទេ តែជាការបង្ហាញការគោរព និងការតបស្នងសងគុណផងដែរ។ នៅក្នុងបរិបទ “តួនាទី៣ល្អ” នេះស្ថិតក្នុងចំណុច “កូនល្អ”។
ទី២. កាតព្វកិច្ចចំពោះលោកគ្រូអ្នកគ្រូ ៖ គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងប្រព័ន្ធអប់រំរបស់កម្ពុជា ដែលផ្អែកលើគោលការណ៍ ការគោរពដឹងគុណ ចំពោះអ្នកផ្ដល់ចំណេះដឹង។ ក្នុងវប្បធម៌ខ្មែរ លោកគ្រូ អ្នកគ្រូត្រូវបានចាត់ទុកជា “ឪពុកម្តាយទី២” ដែលមានឋានៈស្មើនឹងឪពុកម្ដាយ ហើយការគោរពគ្រូ ត្រូវបានចាត់ទុកជាកត្តាចម្បងដែលនាំមកនូវភាពជោគជ័យក្នុងការសិក្សា និងជីវិត។ នៅក្នុងបរិបទ “តួនាទី៣ល្អ” នេះស្ថិតក្នុងចំណុច “សិស្សល្អ”។
ទី៣. កាតព្វកិច្ចចំពោះមិត្តភក្តិ ៖ គឺជាផ្នែកមួយនៃសីលធម៌សង្គម ដែលត្រូវបានបញ្ចូលនៅក្នុងចំណុច “មិត្តល្អ” នៃ “តួនាទីបីល្អ” សម្រាប់កុមារ និងយុវជនកម្ពុជា។ នៅក្នុងសង្គមខ្មែរ មិត្តភាពល្អតែងតែត្រូវបានលើកតម្កើង ហើយតែងប្រៀនប្រដៅថាមិត្តល្អ គឺជាមិត្តដែលហ៊ានស្តីបន្ទោស ឬណែនាំយើងឱ្យកែខ្លួននៅពេលយើងធ្វើខុស។ កាតព្វកិច្ចចំពោះមិត្តភក្តិ គឺភាពស្មោះត្រង់ ការទុកចិត្តគ្នា ការជួយឧបត្ថម្ភ ការជួយលើកទឹកចិត្ត ការគោរព ការចេះយោគយល់ ការចេះរួបរួមសាមគ្គី ព្រមទាំងចេះណែនាំមិត្តភក្តិឱ្យដើរលើផ្លូវល្អ ផ្លូវត្រូវ ជៀសវាងគ្រឿងញៀន និងអំពើហិង្សា ឬអំពើអបាយមុខផ្សេងៗ ដែលអាចបំផ្លាញអនាគតរបស់ពួកគេ។
តម្លៃសីលធម៌ ទំនៀមទម្លាប់ ប្រពៃណី និងការគោរពដឹងគុណ
ទី៤. កាតព្វកិច្ចរបស់កុមារ និងយុវជនកម្ពុជាចំពោះប្រទេសជាតិ ៖ កុមារ និងយុវជន ក៏ដូចពលរដ្ឋកម្ពុជាគ្រប់រូបដែរ គឺសុទ្ធតែមានកាតព្វកិច្ចមូលដ្ឋានចំពោះប្រទេសជាតិ។ កាតព្វកិច្ចទាំងនេះ មិនត្រឹមតែជាការអនុវត្តតាមច្បាប់ប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមកសាងអនាគតដ៏រឹងមាំរបស់សង្គមជាតិផងដែរ។ កាតព្វកិច្ចចម្បងរបស់កុមារ និងយុវជនកម្ពុជាចំពោះប្រទេសជាតិ គឺផ្អែកលើការគោរពច្បាប់ ការចូលរួមអភិវឌ្ឍន៍ និងការថែរក្សាបេតិកភណ្ឌជាតិ។ កាតព្វកិច្ចដ៏ធំបំផុតរបស់កុមារ និងយុវជន ចំពោះប្រទេសជាតិ គឺការខិតខំអភិវឌ្ឍខ្លួនឯងឱ្យមានសមត្ថភាពខ្ពស់ ដើម្បីត្រៀមខ្លួនជាអ្នកបន្តវេនក្នុងការដឹកនាំ និងកសាងប្រទេសជាតិប្រកបដោយភាពរុងរឿង។
គួរជំរាបជូនថា ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា ជារចនាសម្ព័ន្ធកម្មវិធីអភិវឌ្ឍយុវជន និងកុមារនៅក្នុងប្រព័ន្ធសាលារៀនដែលជំរុញឱ្យយុវជន និងកុមារ មានស្មារតីស្រឡាញ់ការសិក្សា អភិវឌ្ឍបំណិនសតវត្សរ៍ទី២១ ចូលរួមក្នុងសកម្មភាពសង្គម មានសីលធម៌ល្អ និងការទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង គ្រួសារ សង្គម និងប្រទេសជាតិ៕