សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត
តាមរយៈបណ្តាញសង្គមនៅថ្ងៃនេះ (៤ មីនា) សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជន ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរឱ្យស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ។
សម្ដេចធិបតីបញ្ជាក់បន្ថែមថា ក្នុងមួយរយៈនេះ សម្ដេចសង្កេតឃើញមានសកម្មភាព ឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។ សម្តេចនាយករដ្ឋមន្រ្តីបន្តថា បើទោះបីជាសកម្មភាពស្របច្បាប់ ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម។ ដូច្នេះសូមធ្វើចំពោះអ្នកដទៃ ដូចអ្វីដែលយើងចង់ឱ្យយអ្នកដទៃធ្វើចំពោះយើង និងកុំធ្វើអ្វីចំពោះអ្នកដទៃ ដូចអ្វីដែលយើងមិនចង់ឱ្យអ្នកដទៃធ្វើមកលើយើង។
“ខ្ញុំគិតថាអ្នកដែលធ្វើសកម្មភាពឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ពីសំណាក់អ្នកមើល ឬអ្នកស្ដាប់ចំពោះសកម្មភាព ឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថាជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថា សកម្មភាព ឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់អ្នកដែលត្រូវទទួលរងពីសកម្មភាព ឬពាក្យសំដីទាំងនោះទេ”
លោកជំទាវ ស ស៊ីណែត អ្នកនាំពាក្យក្រសួងកិច្ចការនារី បានមានប្រសាសន៍ដោយគាំទ្រលើអនុសាសន៍របស់សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ដោយថា មនុស្សគ្រប់គ្នាមានសិទ្ធិបញ្ចេញមតិយោបល់ តែមតិយោបល់ត្រូវប្រកបដោយការគោរព ការឱ្យតម្លៃ មានសេចក្តីថ្លៃថ្នូរ ជាពិសេសការទំនាក់ទំនងប្រកបដោយសុជីវធម៌ និងគុណតម្លៃ។ លោកស្រីថា ទាំងនេះ ធ្វើឱ្យសង្គម ក្រុមគ្រួសារ និងការរស់នៅរបស់យើងសុខដុមរម្យនា។
លោកស្រី ស ស៊ីណែត អ្នកនាំពាក្យក្រសួងកិច្ចការនារី
លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ក៏បានគាំទ្រអ្វីដែលជាអនុសាសន៍លើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តីដែរ ដោយថា មនុស្សម្នាក់ៗមានសិទ្ធិសេរីភាព ក៏ដូចជាកិត្តិយស ស័ក្តសមនឹងទទួលបានការគោរពស្មើៗគ្នា។ “ក្នុងន័យនេះ ម្នាក់ៗត្រូវចេះគោរពស្រឡាញ់គ្នា និងចេះយោគយល់គ្នាទៅវិញទៅមក”។
ក្នុងការងារដឹកនាំយុវជន លោកជំទាវ ស្រូយ សុជាតិ បន្ថែមថា នេះគ្រាន់តែជាទង្វើរបស់យុវជនមួយចំនួនតូចតែប៉ុណ្ណោះទេ មិនអាចធ្វើសេចក្ដីសន្និដ្ឋានថា សង្គមកម្ពុជាពោរពេញដោយយុវជនប្រើប្រាស់ពាក្យពេចន៍អសុរស ឬប្រើកាយវិការមិនសមរម្យចំពោះគ្នាទៅវិញទៅមកនោះទេ។ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន បញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមការដឹកនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់វិស័យអប់រំជាច្រើន ក្នុងនោះជំរុញឱ្យមានសាលារៀនគំរូ ដោយបញ្ជ្រាបយុវជនឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ពោលគឺបង្រៀនយុវជនឱ្យមានទាំងចំណេះដឹងសីលធម៌ និងសុជីវធម៌ ដើម្បីក្លាយជាពលរដ្ឋសកល។
លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា
សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា បច្ចុប្បន្នការបញ្ចេញមតិយោបល់មួយចំនួនពុំមានក្រមសីលធម៌ ដែលនាំឱ្យសង្គមធ្លាក់ចុះសីលធម៌ និងមិនផ្ដល់តម្លៃគ្នាទៅវិញទៅមក។ ជាពិសេស ពិធីករ ពិធីការិនី ជាអ្នកអដ្ឋាធិប្បាយ ជាអ្នកវិភាគទាំងឡាយ សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការបញ្ចេញមតិ ទស្សនៈ យោបល់ ព្រោះអ្នកទាំងអស់គ្នាសុទ្ធតែជាអ្នកដែលមានឥទ្ធិពលក្នុងបណ្ដាញសង្គម។ លោកថា កាលណានិយាយដោយខ្វះក្រមសីលធម៌ ខ្វះការគោរពគ្នា នឹងនាំឱ្យក្មេងៗយកគំរូតាម។ ដូច្នេះ គួរប្រកាន់ខ្ជាប់នូវក្រមសីលធម៌ល្អ ដើម្បីនាំឱ្យសង្គមយើងមានសុខុដុមរម្យនា។
យ៉ាងណាក៏ដោយ លោកបណ្ឌិត ស្នើឱ្យរាល់ការបញ្ចេញមតិ ឬនិយាយស្តីរបស់បុគ្គល គឺត្រូវគោរពនូវក្រមសីលធម៌ និងទស្សនៈក្នុងការបញ្ចេញមតិ ដោយមិនអាចឱ្យទស្សនៈក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនផ្ដល់ភាពមិនស្មើមុខមាត់ ឬម៉ាក់ងាយទៅដល់ជនណាម្នាក់ មិនថា ស្រី្តឬបុរស ក្មេងឬចាស់នោះឡើង ពោលគឺ ត្រូវគោរពសេចក្ដីថ្លៃថ្នូរទៅវិញទៅមក ទើបសមជាពលរដ្ឋខ្មែរដែលមានអរិយធម៌រុងរឿង។ លោកបណ្ឌិតថា ការប្រើប្រាស់ភាសាខុស ក៏នាំទៅរកជម្លោះ អំពើហិង្សា និងវិបត្តិសង្គមផងដែរ៕