ក្នុងវេទិកាពិភាក្សាពីការវិវត្តន៍របស់បច្ចេកវិទ្យាឌីជីថលក្នុងការអប់រំ និងការអភិវឌ្ឍជំនាញ នៃសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ កាលពីពេលថ្មីៗនេះ ឯកឧត្តម ហ៊ាន សំបឿន អនុប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាជីឌីថលកម្ពុជា (CADT) លើកឡើងថា បញ្ហាគម្លាតជំនាញ ឬជំនាញមិនស្របតាមទីផ្សារការងារ គឺដោយសារគ្រឹះស្ថានអប់រំ ធ្វើការបណ្ដុះបណ្ដាលធនធានមនុស្សតែម្នាក់ឯង ដោយមិនមានការចូលរួមពីភាគីពាក់ព័ន្ធ។
ដូច្នេះជាដំណោះស្រាយ បើតាម ឯកឧត្តម ហ៊ាន សំបឿន ដើម្បីឱ្យសាលា និងក្រុមហ៊ុនឯកជនសហការគ្នាបណ្ដុះបណ្ដាលធនធានមនុស្សឱ្យស្របតាមទីផ្សារការងារ គឺទី១. ត្រូវមានការបញ្ជូនអ្នកជំនាញពីសហគ្រាស ឬក្រុមហ៊ុន មកធ្វើជាគ្រូឧទ្ទេសនៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យនិស្សិតបានដឹងអំពីការវិវត្តថ្មីៗនៅខាងសហគ្រាស និង ទី២. រៀបចំឱ្យសិស្សចុះកម្មសិក្សាទៅតាមសហគ្រាស ដើម្បីបានដឹងអំពីរបត់បរិយាកាសជំនាញដែលត្រូវការនៅក្រុមហ៊ុន ហើយពេលត្រឡប់មកវិញពង្រឹងសមត្ថភាពបន្ថែម។
ឯកឧត្តម ហ៊ាន សំបឿន អនុប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាជីឌីថលកម្ពុជា (CADT)
យ៉ាងណាក៏ដោយ សម្រាប់នៅ CADT បើតាម ឯកឧត្តម ហ៊ាន សំបឿន សាលាបង្រៀនជំនាញបច្ចេកវិទ្យាមួយនេះ បានបន្ថែមកម្មវិធីសិក្សាមួយទៀត ហៅថា Work Best Learning ដើម្បីអភិវឌ្ឍនិស្សិតទៅជំនាញកម្រិតខ្ពស់ ដែលអ្នកបង្រៀនសុទ្ធតែមកពីក្រុមហ៊ុនដៃគូសហការ។ ឯកឧត្តមបន្តថា កម្មវិធីសិក្សា Work Best Learning នេះអនុវត្តបាន២ជំនាន់ហើយ ដោយសាលារៀបចំនិស្សិតឱ្យមានជំនាញពេញលេញនៅពេលបញ្ចប់ការសិក្សាភ្លាមៗ។
លោក ម៉ារ សុភា មន្ត្រីជាន់ខ្ពស់ វិស័យអប់រំ និងជំនាញនៃធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា ដើម្បីឱ្យការបណ្ដុះបណ្ដាលឆ្លើយតបធនធានមនុស្សកម្ពុជា ឆ្លើយតបតម្រូវការទីផ្សារការងារ គឺចាំបាច់ត្រូវដឹងអំពីបញ្ហាដែលក្រុមហ៊ុនអាជីវកម្មកំពុងជួបប្រទះ ហើយវគ្គបណ្ដុះបណ្ដាលត្រូវតែផ្ដល់ដើម្បីរកដំណោះស្រាយ មានន័យថា ការផ្ដល់វគ្គបណ្ដុះបណ្ដាលត្រូវតែយល់អំពីសេចក្ដីត្រូវការនៃឧស្សាហកម្ម ឬជំនួញ។
លោក ទីន កូលហ្សា នាយកប្រតិបត្តិ និងសហស្ថាបនិកនៃ Coolbeans Digital
ជាមួយគ្នានេះ លោក ទីន កូលហ្សា នាយកប្រតិបត្តិ និងសហស្ថាបនិកនៃ Coolbeans Digital ដែលជាក្រុមហ៊ុនធ្វើទៅលើអេបទូរស័ព្ទដៃ និងការបង្កើតវេបសាយ មានប្រសាសន៍ថា សម្រាប់ស្ថានប័នឯកជន ជំនាញទាក់ទងបច្ចេកវិទ្យាដើរតួនាទីសំខាន់ និងកំពុងមានតម្រូវការខ្ពស់។ លោកថា រយៈពេល៣ឆ្នាំចុងក្រោយ ឃើញថា ទាក់ទងនឹងជំនាញថ្មីៗ ដូចជា បញ្ញាសិប្បនិម្មិត (AI) ម៉ាស៊ីនចេះរៀន ការរចនា UX/UI ជំនាញវិភាគទិន្នន័យ សុវត្ថិភាពអ៊ីនធឺណិត ជាវិស័យដែលកំពុងត្រូវការខ្លាំង។ ជាពិសេស សម្រាប់ស្ថាប័នឯកជន គឺពិតជាត្រូវការនិស្សិត ឬអ្នកមានបទពិសោធន៍ធ្វើការងារលើវិស័យទាំងនេះជាច្រើន។
គួរជំរាបថា ដោយសារកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា បាននាំឱ្យមានការកើនឡើងនូវតម្រូវការកម្លាំងពលកម្មជំនាញ ខណៈប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស នៅពុំទាន់អាចឆ្លើយតបនឹងការផ្លាស់ប្តូរនេះ ដែលបានធ្វើឱ្យមានគម្លាតជំនាញ។ យ៉ាងណាដើម្បីដោះស្រាយគម្លាតជំនាញនេះ ក្រសួងអប់រំយុវជន និងកីឡា កន្លងមកបានបង្ហាញពីការកំណត់លក្ខណៈចំនួន៥ រួមមាន ទី១. គោលនយោបាយរបស់រដ្ឋាភិបាល និងកំណែទម្រង់សាលារៀន ចាំបាច់ដើម្បីអភិវឌ្ឍជំនាញទន់ និងជំនាញសតវត្សរ៍ទី ២១, ទី២. កម្មវិធីសិក្សាដែលអាចបត់បែនបាន ហើយភ្ជាប់ទៅនឹងអាជីព, ទី៣. សាលារៀន និងសាកលវិទ្យាល័យជាមជ្ឈមណ្ឌលមួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព៖ វេទិកាសម្រាប់ការប្រកួតប្រជែងដើម្បីភ្ជាប់ការអប់រំទៅនឹងពិភពពិត, ទី៤. ការប្រកួតប្រជែងគំរូធុរកិច្ចដោយមានការចូលរួមពីវិស័យឯកជន ពិតមានប្រយោជន៍សម្រាប់សិស្សានុសិស្សក្នុងការស្វែងយល់ពីរបៀបដោះស្រាយបញ្ហាប្រឈមនៃសតវត្សរ៍ទី២១ និង ទី៥. ការតភ្ជាប់ផ្នែកសាកលវិទ្យាល័យ ជាមួយនឹងផ្នែកធុរកិច្ច ដើម្បីលើកកម្ពស់គម្រោងរួម និងការស្រាវជ្រាវ៕