បើយោងតាមសេចក្តីថ្លែងការណ៍របស់ JCI Cambodia-Phnom Penh គោលបំណងធំៗរបស់គម្រោង Bag To School គឺដើម្បីលើកទឹកចិត្តសិស្សឱ្យចូលរៀនដោយការចែករំលែកកាបូប និងលើកទឹកចិត្តឪពុកម្តាយអំពីអត្ថប្រយោជន៍នៃការអប់រំ ជំរុញទម្លាប់អានរបស់សិស្សនៅតាមជនបទ ចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅសាលាបឋមសិក្សាតាមជនបទ និងផ្តល់ស្នាមញញឹមដល់សិស្សានុសិស្សទាំងអស់តាមរយៈសម្ភារៈសិក្សា។
មិនតែប៉ុណ្ណោះ គម្រោង Bag To School ក៏បានជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និង អាណាព្យាបាលសរុប ៥០រូប ហើយក៏មានការចែកកាដូមួយចំនួនជូនទៅកាន់ពួកគាត់ ក្នុងនោះក៏មានការផ្តល់ជាធុងចម្រោះទឹកស្អាត និងអង្ករចំនួន២០០គីឡូក្រាមទៅកាន់សាលារៀនផងដែរ។
“គម្រោងកម្មវិធីទៅរៀនដើម្បីអនាគតខ្ញុំ២០២៥ – Bag To School 2025 ជាភស្តុតាងដែលបានបង្ហាញសម្រាប់គ្រប់គ្នាឱ្យឃើញពីការទទួលបាននូវការអប់រំ និងក្តីសង្ឃឹម។ យើងជឿជាក់ថា សកម្មភាពតូចៗទាំងអស់នេះ នឹងបង្កើតបានជាការផ្លាស់ប្តូរ ក៏ដូចជាការជះឥទ្ធិពលវិជ្ជមាននាពេលអនាគត”
សូមជំរាបជូនថា គម្រោង “ទៅរៀនដេីម្បីអនាគតខ្ញុំ” (Bag To School) គឺជាគំនិតផ្តួចផ្តេីមដោយ JCI Cambodia-Phnom Penh និង JCI Marina (Singapore) តាំងពីឆ្នាំ២០១១ និងមានដៃគូយុទ្ធសាស្ត្រ World Vision Cambodia ដើម្បីលើកកម្ពស់ការអប់រំរបស់សិស្សបឋមសិក្សាដែលនៅស្រុកដាច់ស្រយាលនៃប្រទេសកម្ពុជា ដោយផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ឪពុកម្តាយ និងកុមារ។ លើសពីនេះទៅទៀត Bag To School ក៏បានរៃអង្គាសថវិកា និងសម្ភារៈសិក្សាដើម្បីជួយដល់សិស្សដែលមានតម្រូវការ និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ ដែលអាណាព្យាបាលរបស់ពួកគាត់កំពុងជួបផលវិបាក៕