សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត
គ្រូបង្រៀនថ្នាក់បឋមសិក្សាចំនួនពីររូប ក្នុងខេត្តសៀមរាប និងបាត់ដំបង បានជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស ជាគ្រូបង្រៀនល្អ ភាសាខ្មែរនិងគណិតវិទ្យា ថ្នាក់ទី១ ទី២ ទី៣ ពានរង្វាន់សម្ដេចតេជោហ៊ុនសែន។
ក្នុងនោះចំណាត់ថ្នាក់លេខ១ គ្រូបង្រៀនល្អ ភាសាខ្មែរថ្នាក់ទី២ ពានរង្វាន់សម្ដេចតេជោហ៊ុនសែន បានទៅលើលោកគ្រូ ដា មុនីរ័ត្ន ជាគ្រូបង្រៀនថ្នាក់ទី២ នៃសាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប និងចំណាត់ថ្នាក់លេខ១ គ្រូបង្រៀនល្អ គណិតវិទ្យា ថ្នាក់ទី១ ពានរង្វាន់សម្ដេចតេជោហ៊ុនសែន បានទៅលើ អ្នកគ្រូ តាន់ ចរិយា គ្រូបង្រៀននៃសាលាបឋមសិក្សាបោះពោធិ៍ ខេត្តបាត់ដំបង។
លោក ដា មុនីរ័ត្ន គ្រូបង្រៀននៅសាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប
លោកគ្រូ ដា មុនីរ័ត្ន ម្ចាស់ជ័យលាភីគ្រូបង្រៀនល្អភាសាខ្មែរ មានប្រសាសន៍ថា កត្តាដែលជំរុញឱ្យលោកគ្រូជាប់ជាគ្រូបង្រៀនល្អ ភាសាខ្មែរ គឺផ្ដោតសំខាន់លើគ្រូមានចំណេះដឹងជ្រៅជ្រះ មានជំនាញបង្រៀន និងមានសមត្ថភាពបង្រៀនដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមគ្នានេះ កត្តាសំខាន់មួយទៀតដែរនោះ គឺមានការជំរុញលើកទឹកចិត្តពីគណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូរួមអាជីព ព្រមទាំងមានការគាំទ្រពីសំណាក់មាតាបិតា និងសហគមន៍។ ជាពិសេស លទ្ធផលសិក្សាល្អរបស់សិស្សានុសិស្ស។
គ្រូបង្រៀនថ្នាក់ទី២ នៃសាលាបឋមសិក្សាមុខនាគ រូបនេះបន្ថែមថា ដើម្បីអាចក្លាយជាគ្រូបង្រៀនល្អ ភាសាខ្មែរបាន គ្រូបង្រៀនត្រូវបង្រៀនដោយអនុវត្តតាមកញ្ចប់អំណានកម្រិតថ្នាក់ដំបូងរបស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យមានប្រសិទ្ធភាព, ប្រើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបង្រៀន និងមានសិល្បៈក្នុងការបង្រៀន ដើម្បីអាចទាក់ទាញចិត្តកុមារឱ្យចូលរួមរៀនដោយក្ដីរីករាយ។ ទន្ទឹមគ្នានេះ ត្រូវចេះប្រើសម្ភារៈដែលជាវត្ថុពិតជាក់ស្ដែងផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីបង្រៀនកុមារ, មានក្ដីស្រឡាញ់ចំពោះកុមារ អត់ធ្មត់ចំពោះកុមារ និងចែករំលែកផ្ទេរចំណេះដឹងទៅកាន់កុមារដោយឥតលាក់លៀម។ លើសពីនេះ គ្រប់គ្រងថ្នាក់រៀនឱ្យមានប្រសិទ្ធភាព និងប្រើវិន័យបែបវិជ្ជមានទៅកាន់កុមារ, មានទំនាក់ទំនងល្អជាមួយមាតាបិតាសិស្ស លើកទឹកចិត្តមាតាបិតាអាណាព្យាបាលជួយជំរុញកូនឱ្យខិតខំរៀន និងជួយបង្រៀនកូនបន្ថែមនៅផ្ទះ។
លោកគ្រូ ដា មុនីរ័ត្ន បន្ថែមថា គ្រូក៏ត្រូវលើកទឹកចិត្តមាតាបិតាដែលប្រើទូរស័ព្ទស្មាតហ្វូន (smart phone) ត្រូវប្រើឱ្យបានជាប្រយោជន៍ ដើម្បីបម្រើដល់ការរៀនរបស់កូនៗ, ជួយកុមាររៀនយឺត លើកទឹកចិត្ត សរសើរ កុមាររៀនយឺតជាប្រចាំក្នុងពេលពួកគេធ្វើកិច្ចការ។ ទម្លាប់កុមារឱ្យចេះបង្រៀនគ្នា (កុមាររៀនពូកែជួយបង្រៀនកុមាររៀនយឺត), ឧស្សាហ៍ដឹកនាំកុមារចូលបណ្ណាល័យនិទានរឿងនិទានខ្លីៗឱ្យកុមារស្ដាប់ ដើម្បីបណ្ដុះទម្លាប់កុមារឱ្យចូលចិត្តអាន ស្រឡាញ់ការអានសៀវភៅ។ ជាពិសេស ទម្លាប់កុមារឱ្យចេះធ្វើការងារស្រាលៗប្រចាំថ្ងៃ ដូចជា ប្រមូលកិច្ចការមិត្តភក្កិ ចែកកិច្ចការទៅមិត្តភក្កិ ធ្វើអនាម័យថ្នាក់រៀន និងចេះរៀបចំសម្ភារៈសិក្សាឱ្យមានរបៀប មុននឹងចាប់ផ្ដើមសកម្មភាពរៀនជាមួយគ្រូ។
លោកស្រី តាន់ ចរិយា គ្រូបង្រៀននៃសាលាបឋមសិក្សាបោះពោធិ៍ ខេត្តបាត់ដំបង
ដោយឡែកអ្នកគ្រូ តាន់ ចរិយា គ្រូបង្រៀន ថ្នាក់ទី១ នៃសាលាបឋមសិក្សាបោះពោធិ៍ ខេត្តបាត់ដំបង ដែលជាប់ជាគ្រូបង្រៀនល្អគណិតវិទ្យា មានប្រសាសន៍ថា កត្តាជំរុញឱ្យជាប់ជាគ្រូបង្រៀនល្អ គឺដោយសារតែការវាយតម្លៃ ដែលគេពិនិត្យមើលទៅលើ ១. គុណវុឌ្ឍគ្រូបង្រៀនមានចំណេះដឹងចាប់ពីបរិញ្ញាបត្រឡើងទៅ, ២. មានចំណេះដឹងព័ត៌មានវិទ្យា, ៣. បច្ចេកទេសបង្រៀនច្បាស់លាស់, ៤. ភាពជាអ្នកដឹកនាំ, ៥. គំនិតច្នៃប្រឌិត និងការស្រាវជ្រាវ, ៦. បំណិនក្នុងការប្រាស្រ័យទាក់ទង, ៧. លទ្ធផលសិក្សារបស់សិស្ស ត្រូវធានាថាសិស្សចេះធ្វើលំហាត់បានចាប់ពី៨០%ឡើង, ៨. ការគ្រប់គ្រងថ្នាក់រៀន និង ៩. ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន។
អ្នកគ្រូ តាន់ ចរិយា បន្ថែមថា ក្រសួងអប់រំ បានចុះវាយតម្លៃនៅសាលាដោយផ្ទាល់ ដោយយកកូនសិស្ស៥នាក់ទៅធ្វើតេស្ត ហើយប្រសិនបើសិស្សមិនទទួលលទ្ធផល៨០% មិនអាចជាប់បានទេ។ ប៉ុន្តែជាក់ស្ដែង សិស្សរបស់អ្នកគ្រូ គឺទទួលបាននិទ្ទេស A គ្រប់គ្នា។
គ្រូបង្រៀនថ្នាក់ទី១ រូបនេះ បន្ថែមថា ប្រសិនបើចង់ក្លាយជាគ្រូល្អ សូមព្យាយាមខិតខំប្រឹងប្រែងបំពេញការងារដោយយកចិត្តទុកដាក់បំផុត ជាពិសេសត្រូវមានទំនាក់ទំនងល្អជាមួយមាតាបិតា សហគមន៍ ធ្វើយ៉ាងណាឱ្យការងារដំណើរការទៅដោយរលូន។
បើតាមអ្នកគ្រូ តាន់ ចរិយា មុននឹងក្លាយជាគ្រូល្អរបស់ក្រសួង របស់ថ្នាក់ជាតិ លោកគ្រូ អ្នកគ្រូ ត្រូវធ្វើជាគ្រូល្អរបស់សហគមន៍សិន ដើម្បីឱ្យសហគមន៍ទទួលស្គាល់ថា លោកគ្រូ អ្នកគ្រូ ជាគ្រូល្អ ជាគ្រូដ៏មានប្រជាប្រិយភាព ដែលកូនៗចង់មករៀន រៀនចេះ ទទួលលទ្ធផលល្អ និងកែប្រែឥរិយាបទ។ នៅពេលអនុវត្តក្នុងសហគមន៍បានល្អហើយ គឺងាយស្រួលក្នុងការឈានទៅគ្រូល្អថ្នាក់ជាតិ ហើយកុំភ្លេចអភិវឌ្ឍខ្លួនបន្ថែមទៅលើផ្នែកបច្ចេកវិទ្យា។ ជាពិសេស ការស្រាវជ្រាវ ក៏ជាវិធីសាស្រ្តឱ្យក្លាយជាគ្រូល្អបានដែរ ធ្វើយ៉ាងណាឱ្យខ្លួនឯងលេចធ្លោ ឱ្យខុសប្លែកពីគេ ទើបអាចក្លាយជាគ្រូល្អបាន៕