សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។
អំពើហិង្សាលើកុមារនៅតែជាបញ្ហារីករាលដាល និងជាបញ្ហាយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក នឹងត្រូវបានគេប៉ាន់ស្មានថា កុមារប្រមាណជាមួយពាន់លាននាក់រងផលប៉ះពាល ដោយអំពើហិង្សា នៅលើពិភពលោក។
នៅកម្ពុជា យោងតាមរបាយការណ៍ពីវិទ្យាស្ថានជាតិស្ថិតិ (CDHS) ឆ្នាំ២០២៣ បង្ហាញថា កុមារកម្ពុជាអាយុចន្លោះពី១ ទៅ១៤ឆ្នាំ ចំនួន ៦៦% បានប្រឈមមុខនឹងការអប់រំដោយប្រើអំពើហិង្សាលើរាងកាយនៅផ្ទះ ខណៈអង្គការយូនីសែហ្វ បង្ហាញថា កុមារ ១នាក់ ក្នុងចំណោម ២នាក់ មានបទពិសោធន៍ទទួលរងការវាយដំធ្ងន់ធ្ងរ។ ផ្អែកលើទិន្នន័យនេះ អ្នកជំនាញផ្លូវចិត្តលើកឡើងថា នេះជាអត្រាដ៏ខ្ពស់មួយក្នុងចំណោមកុមារកម្ពុជា។
លោកបណ្ឌិត ភឿន ប៊ុណ្ណា អ្នកជំនាញផ្នែកចិត្តសាស្ត្រ មានប្រសាស៍ថា ការវាយដំ និងប្រើសិទ្ធិអំណាចផ្តាច់ការ ក្នុងនាមជាអាណាព្យាបាលដើម្បីអប់រំកូន (មិនផ្តល់ឱកាសសមស្របដល់កុមារ នៃការរីកលូតលាស់ទៅតាមវ័យ ដែលកុមារគួរទទួលបាន) អាចបណ្ដាលឱ្យកុមារប្រឈមនឹងបញ្ហាជាច្រើននៅពេលពួកគេធំដឹងក្ដី ជាពិសេសបញ្ហាផ្លូវចិត្ត។
លោកបណ្ឌិត ភឿន ប៊ុណ្ណា អ្នកជំនាញផ្នែកចិត្តសាស្ត្រ។
លោកបន្តថា បើតាមការស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រ (Adverse Childhood Experiences “ACEs”) ដែលធ្វើឡើងក្នុងប្រទេសជឿនលឿន ដូចជា អាមេរិក ន័រវេស និងអាល្លឺម៉ង់ រួមទាំងប្រទេសជិតខាងយើង ដូចជា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ចិន ពីលីហ្វីន និង ប្រទេសថៃឡង់ បានរកឃើញថា អ្នកធ្លាប់ទទួលរងការរំលោភបំពានលើរាងកាយ អារម្មណ៍ និងការមិនអើពើពីសំណាក់អាណាព្យាបាល ពីកុមារភាព ឬ និយាយដោយខ្លី ការប៉ះទង្គិចផ្លូវចិត្តពីកុមារភាព នៅតែបន្តជះឥទ្ធិពលជាអវិជ្ជមានមកលើជីវិតរស់នៅ ទំនាក់ទំនង និងសុខមាលភាពរបស់ពួកគេ។
ការស្រាវជ្រាវនេះបានបញ្ជាក់ថា ការប៉ះទង្គិចផ្លូវចិត្តពីកុមារភាពកាន់តែធ្ងន់ធ្ងរ កាន់តែបង្កផលប៉ះពាល់ដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងអាកប្បកិរិយា។ លោកបញ្ជាក់ថា អ្នកដែលរងការប៉ះទង្គិចពីកុមារភាព ឬមានពិន្ទុ ACEs ពី 4 (ពិន្ទុពេញ ១០) មានទំនោរធ្វើអត្តឃាតរហូតដល់ ១២ដង និងអ្នកមានពិន្ទុលើសពី៦ មានទំនោរប្រើគ្រឿងញៀនដោយចាក់ ៤៦ដង និងដោយឡែកអ្នកមានពិន្ទុពី ៧ឡើងទៅ មានការប្រឈមបញ្ហាសុខភាព និងអន្តរទំនាក់ទំនងសង្គមខ្ពស់។
លោកបណ្ឌិត ភឿន ប៊ុណ្ណា បានគូសបញ្ជាក់ថា ក្រៅពីបញ្ហាដែលបានរៀបរាប់នេះ ការស្រាវជ្រាវបានរកឃើញថា កុមារដែលរងទារុណកម្មធ្ងន់ធ្ងរ ឬទទួលរងអំពើហិង្សា មានប្រព័ន្ធខួរក្បាលខុសប្រក្រតី។ បញ្ហានេះ បណ្ដាលឱ្យពួកគេពិបាកឆ្លើយតបទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ជាពិសេស គឺបញ្ហាទំនាក់ទំនង ដោយសារពួកគេឆាប់ខឹង ឆេវឆាវ និងមានទម្លាប់ឆ្លើយតបបែបហិង្សា។
បើតាមលោកបណ្ឌិត អ្នកដែលមានវិបត្តិរបួសផ្លូវចិត្ត ដោយសារអតីតកាលរបស់ខ្លួន (Childhood trauma) អាចមានអាការៈមួយចំនួនដូចជា រស់នៅដោយភាពភ័យខ្លាចព្រោះរឿងរ៉ាវទាំងនោះនៅតែតាមរំខាន់ផ្លូវចិត្ត, ឆាប់ខឹង ឆាប់អស់សង្ឃឹម ពិបាកប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ នឹកឃើញរឿងចាស់ៗពិបាកដកដង្ហើម ញ័រដៃញ័រជើង ឈឺក្បាល និងសុបិនអាក្រក់អំពីហេតុការណ៍ដែលបានកើតឡើងមកលើខ្លួន។
យ៉ាងណាក៏ដោយ បើតាមអ្នកជំនាញរូបនេះ បញ្ហារបួសផ្លូវចិត្តអាចព្យាបាលជាសះស្បើយ ខណៈការព្យាបាលដោយជួបអ្នកជំនាញជាវិធីសាស្ត្រដ៏ល្អបំផុត។
“ការព្យាបាល គឺអាចព្យាបាលជោគជ័យ និងជាសះស្បើយ ប៉ុន្តែប្រសិនបើយើងនិយាយពីប្រភេទនៃការព្យាបាល បើផ្អែកលើការណែនាំរបស់ WHO គេលើកទឹកចិត្តឱ្យទទួលការព្យាបាលពីអ្នកជំនាញ ច្រើនជាងការប្រើប្រាស់ឱសថ។ ក្នុងករណីធ្ងន់ធ្ងរសំខាន់ដល់មុខងារជីវិតប្រចាំថ្ងៃ យើងអាចទទួលការព្យាបាលទាំងពីរប្រភេទ…”
លោកបន្តថា អ្នកដែលមានបញ្ហានេះ ក៏អាចស្វ័យព្យាបាល ឬថែទាំខ្លួនឯងបានផងដែរ តាមរយៈការរៀនបច្ចេកទេស ការធ្វើសម្មាធិបែបសាសនា លំហាត់ចម្រើនសតិ (mindfulness) ថែទាំសុខភាពទូទៅ ដោយគិតអំពីសុខភាពរាងកាយ ដូចជា មានទម្លាប់ល្អ ហាត់ប្រាណ ៣០នាទីមួយថ្ងៃ ញ៉ាំអាហារមានគុណភាព និងជជែកជាមួយមិត្តភក្តិស្និទ្ធស្នាល នៅពេលមានភាពតានតឹង។ “ចូរមានក្តីសង្ឃឹម និងក្លាហានក្នុងការស្វែងរកជំនួយផ្លូវចិត្តដើម្បីគាំទ្រអ្នក”៕