សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។
ក្រោយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានបញ្ចប់ និងកំពុងរង់ចាំលទ្ធផល សិស្សានុសិស្ស ក៏ដូចជាអ្នកអាណាព្យាបាល កំពុងតែសម្លឹងមើលថា តើជំនាញណាខ្លះដែលនឹងមានតម្រូវការក្នុងទីផ្សារការងារនៅកម្ពុជា ទាំងបច្ចុប្បន្ន និងអនាគត ? សម្រាប់សហគ្រិនបានមើលឃើញជំនាញក្នុងវិស័យចំនួន៧ ដែលសិស្សានុសិស្សទើបប្រឡងបាក់ឌុបរួចគួរពិចារណា ដើម្បីអនាគតការងារនៅពេលខាងមុខ។
លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា មើលឃើញថា ទាក់ទងនឹងអាជីពការងារទៅថ្ងៃអនាគត គឺមានវិស័យចំនួន៧កំពុងតែខ្វះខាតធនធានមនុស្សកម្ពុជា ដូចជា វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច, លោកឧកញ៉ា មានប្រសាសន៍ថា វិស័យនេះធនធានមនុស្សរបស់យើងនៅមានកម្រិតនៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសដទៃ សម្រាប់ការច្នៃប្រឌិត វិធីសាស្រ្តនៅក្នុងការដំណើរការសណ្ឋាគារ ភោជនីយដ្ឋាន ទីកន្លែងកម្សាន្តជាដើម ដូច្នេះបើយុវជនយើងរៀនឱ្យបានខ្ពស់ មានគំនិតច្នៃប្រឌិត អាចគ្រប់គ្រងរៀបចំព្រឹត្តិការណ៍ធំៗ នោះមិនខ្វះការងារ និងមុខតំណែងល្អៗនោះទេ។
លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា
បន្ទាប់ពីវិស័យទេសចរណ៍ វិស័យហិរញ្ញវត្ថុ និងអាជីវកម្ម ក៏ជាវិស័យដែលនឹងមានតម្រូវការទីផ្សារការងារផងដែរ។ បើតាមលោកឧកញ៉ា ប៉ិច បូឡែន ប្រសិនបើយុវជនជ្រើសរើសយកជំនាញក្នុងវិស័យហិរញ្ញវត្ថុ សូមរៀនឱ្យដឹងពីទីផ្សារភាគហ៊ុន ការវិភាគហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុ យល់ដឹងពីសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យល់ដឹងពីដំណើរការនៃការវិនិយោគទីផ្សារភាគហ៊ុន ឬក៏ការទិញលក់ភាគហ៊ុន ក៏ដូចជាបញ្ចូលក្រុមហ៊ុនជាដើម ដោយប្រសិនបើនិស្សិតចេះវាច្បាស់នោះអនាគតពិតជាប្រសើរ។
ពាក់ព័ន្ធនឹងវិស័យលក់ និងការធ្វើទីផ្សារវិញ (Sales and Marketing) លោកឧកញ៉ានៅតែមើលឃើញថា វានៅតែមានតម្រូវការ គ្រាន់តែនៅក្នុងបរិបទទំនើប និស្សិតត្រូវចេះស្វែងយល់ពីបច្ចេកវិទ្យា និងមានគំនិតច្នៃប្រឌិតក្នុងការលក់ និងធ្វើទីផ្សារក្នុងសម័យឌីជីថល។
វិស័យដឹកជញ្ជូន គឺពិតជាសំខាន់សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍសេដ្ឋកិច្ច, តាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន គេពិតជាត្រូវការមិនអាចខ្វះបានអ្នកជំនាញក្នុងការចរាចរទំនិញផលិតផលពីប្រទេសមួយទៅប្រទេសមួយ អ្នកជំនាញក្នុងការគ្រប់គ្រងឃ្លាំងជាដើម។ ដោយឡែក វិស័យកសិឧស្សាហកម្ម កសិកម្មបែបទំនើប ពិសេសផ្តោតទៅលើកសិឧស្សាហកម្មកែច្នៃចំណីអាហារ ក៏ជាអាទិភាពមួយដែលប្រទេសកម្ពុជាយើងកំពុងត្រូវការអ្នកជំនាញ ក្នុងការកែច្នៃផលិតផលកសិកម្ម វេចខ្ចប់ ដើម្បីលក់ និងនាំចេញទៅក្រៅប្រទេស។
វិស័យដឹកជញ្ជូននៅតែមានសារៈសំខាន់សម្រាប់ប្រទេសអភិវឌ្ឍសេដ្ឋកិច្ច
វិស័យអភិវឌ្ឍអចលនវត្ថុ បើទោះបច្ចុប្បន្នហាក់នៅទ្រឹង តែលោកឧកញ៉ាមើលឃើញថា ប្រទេសកម្ពុជាកំពុងអភិវឌ្ឍកាន់តែច្រើន ដូច្នេះនឹងមានតម្រូវការច្រើនសម្រាប់អាជីពការងារអភិវឌ្ឍអចលនវត្ថុ ដូចជា វិស្វករ ស្ថាបត្យករ អ្នកជំនាញជាងទឹក ភ្លើង គូប្លង់ គ្រប់គ្រងអគារ តបណ្តាញប្រព័ន្ធទឹកភ្លើងជាដើម។
“ប្រទេសយើងកំពុងអភិវឌ្ឍ និងកាន់តែអភិវឌ្ឍទៅមុខទៀត ដូច្នេះការផ្គត់ផ្គង់បណ្តាញសង្វាក់ផលិតកម្ម អាជីវកម្ម មុខរបរពាក់ព័ន្ធជាមួយនឹងសំណង់ ជាមួយការកសាងផ្ទះសម្បែង អគារវានៅតែមានតម្រូវការ…”
វិស័យឌីជីថល និងបច្ចេកវិទ្យា គឺជាវិស័យដើរតួយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែបើតាមលោកឧកញ៉ា ប៉ិច បូឡែន បើយុវជនយើងចាប់យកជំនាញនេះ សូមរៀនឱ្យបានស៊ីជម្រៅ រៀនពីបណ្តាប្រទេសក្នុងតំបន់ឱ្យបានច្រើន ដើម្បីដឹងថា បច្ចេកវិទ្យាដើរដល់ណា ដូចជាបច្ចេកវិទ្យាហិរញ្ញវត្ថុ បច្ចេកវិទ្យាកសិកម្ម បច្ចេកវិទ្យាអប់រំ ក៏ដូចជាបច្ចេកវិទ្យាសុខាភិបាលជាដើម។ ហើយវិស័យចុងក្រោយដែលសំខាន់បំផុតនោះ គឺវិស័យសុខាភិបាល លោកឧកញ៉ាលើកទឹកចិត្តឱ្យយុវជនកម្ពុជា ចូលរៀនក្នុងវិស័យសុខាភិបាលឱ្យបានច្រើន ហើយខំរៀនទាំងក្នុងស្រុក ទាំងក្រៅស្រុក ហើយបើមានឱកាស មានលទ្ធភាព សូមនាំគ្នាវិនិយោគលើវិស័យសុខាភិបាលឱ្យខ្លាំងឡើងបន្ថែមទៀត៕