បដិវត្តន៍ឧស្សាហកម្មទីបួន ឬដែលគេហៅជាញឹកញាប់ថា ឧស្សាហកម្ម ៤.០ កំពុងមានឥទ្ធិពលយ៉ាងខ្លាំងលើរបៀបបណ្តុះបណ្តាលមនុស្សជំនាន់ថ្មីនាពេលបច្ចុប្បន្ននេះ ដើម្បីឱ្យពួកគេត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត។
តាមការសិក្សាស្រាវជ្រាវរបស់អ្នកអប់រំពិភពលោក កុមារថ្ងៃនេះ យ៉ាងហោចណាស់ត្រូវដូរការងារ៧ដងក្នុងមួយជីវិតរបស់ពួកគេ ហើយការងារចំនួន៥ នៅក្នុងចំណោមការងារទាំងនោះ គឺនៅមិនទាន់មានរូបរាងនៅឡើយ ហើយគេក៏មិនដឹងដែរថា អ្វីដែលកុមារកំពុងរៀននៅសាលានាពេលបច្ចុប្បន្ន វាឆ្លើយតបទៅនឹងការងារក្នុងរយៈពេល១៥ឆ្នាំទៀតដែរឬទេ? ហើយបើតាមការសន្និដ្ឋាន នៅឆ្នាំ២០៣០ មនុស្សវ័យក្មេងជាងពាក់កណ្តាល នឹងគ្មានការងារធ្វើ ដោយសារតែម៉ាស៊ីនធ្វើជំនួស ខណៈសមត្ថភាពរបស់ពួកគេមិនឆ្លើយតបទៅនឹងតម្រូវការការងារនៅក្នុងឆ្នាំ២០៣០នោះ។ ដូច្នេះ តើគេនឹងអប់រំកុមារតូចយ៉ាងដូចម្តេចនៅក្នុងបរិបទបដិវត្តឧស្សាហកម្មទី៤នេះ?
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអ្នកជំនាញអប់រំកុមារតូច មានប្រសាសន៍ថា តាំងតែពីឆ្នាំ២០១៨ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក គេបានបង្ហាញថា នៅក្នុងបដិវត្តកម្មឧស្សាហកម្មទី៤ បំណិនសតវត្សទី២១ គឺអ្នកអប់រំត្រូវយកចិត្តទុកដាក់ទៅលើជំនាញគ្រឹះចំនួន១៦ ដែលជាតម្រូវការរបស់សិស្សានុសិស្ស ដើម្បីត្រៀមលក្ខណៈនៅក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្ម ដែលមានជាអាទិ៍ ៖ សមត្ថភាពលើការសរសេរ និងអាន, សមត្ថភាពលេខនព្វន្ត, សមត្ថភាពផ្នែកវិទ្យាសាស្រ្ត, សមត្ថភាពផ្នែកបច្ចេកវិទ្យា ICT, សមត្ថភាពផ្នែកហិរញ្ញវត្ថុ, ការយល់ដឹងពីវប្បធម៌ និងពលរដ្ឋល្អ, ការគិតពិចារណា និងដោះស្រាយបញ្ហា, ការច្នៃប្រឌិត, ទំនាក់ទំនង, ការធ្វើកិច្ចសហប្រតិបត្តិការ, ការចង់ចេះចង់ដឹង, គំនិតផ្តួចផ្តើម, ការតស៊ូ និងភាពអត់ធន់, ការបន្ស៊ាំ និងការទទួលយក, ភាពជាអ្នកដឹកនាំ និង ការយល់ដឹងពីសង្គម និងវប្បធម៌។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
លោកជំទាវ គឹម សេដ្ឋានី បានបញ្ជាក់ថា គេបានធ្វើការសិក្សាទៅលើក្រុមហ៊ុនធំៗចំនួន៩០០នៅលើពិភពលោក ហើយរកឃើញថា ក្រុមហ៊ុនដែលជោគជ័យ ភាគច្រើននៃបុគ្គលិករបស់គេ គឺមានជំនាញទន់ច្រើនជាងបុគ្គលិកដែលមានជំនាញរឹង។
“ជំនាញទន់ គឺជាជំនាញដែលពាក់ព័ន្ធបំផុតសម្រាប់អនាគត។ ការងារដែលសូម្បីតែបញ្ញាសប្បនិម្មិត (AI) មិនអាចជំនួសបានដែរនោះ គឺជាការងារដែលត្រូវការបុគ្គលិកលក្ខណៈរឹងមាំរបស់មនុស្ស”
បើតាមអ្នកប្រាជ្ញខាងកុមារតូចនិយាយថា អន្តរាគមន៍កុមារក្នុងវ័យដំបូង គឺសំខាន់ណាស់សម្រាប់ការអភិវឌ្ឍមូលធនជំនាញមិនមែនពុទ្ធិបញ្ញា និងមូលធនជំនាញពុទ្ធិបញ្ញា។ លោកជំទាវពន្យល់ថា កុមារតូចមានការអភិវឌ្ឍនូវចំណេះដឹង បំណិន គឺអាស្រ័យទៅលើបរិបទដែលពួកគេទទួលបាន ពោលគឺអាស្រ័យទៅលើសង្គមដែលគេរស់នៅ ជាមួយនឹងការអប់រំ ហើយការផ្តល់នូវបំណិនដែលជាមូលដ្ឋានគ្រឹះ ទាំងបំណិនបញ្ញា ដែលគេហៅថា បំណិនរឹង និងបំណិនពុទ្ធិមិនមែនបញ្ញា តាំងពីកុមារតូច គឺវាបានលូតលាស់ ហើយវាជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍខ្លួនរបស់ពួកគេពេញមួយជីវិត។
សរុបមកវិញ ក្នុងសម័យបដិវត្តន៍ឌីជីថល ការផ្តោតលើការអប់រំកុមារតូចត្រូវតែផ្លាស់ប្តូរពីការទន្ទេញចាំ ទៅជាការអភិវឌ្ឍជំនាញច្នៃប្រឌិត ភាពអត់ធ្មត់ និងសមត្ថភាពគ្រប់គ្រងអារម្មណ៍ ដើម្បីត្រៀមខ្លួនសម្រាប់ការចូលរៀននៅបឋមសិក្សា និងការទទួលយកនូវការអប់រំពេញមួយជីវិត។ នេះជាមូលដ្ឋានសម្រាប់ការរៀបចំមនុស្សជំនាន់ថ្មីឱ្យឆ្លើយតបនឹងសង្គមដែលមានបច្ចេកវិទ្យារីកចម្រើន៕