លទ្ធផលមិនល្អនៅក្នុងការសិក្សា បានក្លាយជាប្រធានបទសម្រាប់ឪពុកម្តាយមួយចំនួនយកមកធ្វើការស្តីបន្ទោសកូនៗ រហូតប្រៀបធៀបលទ្ធផលសិក្សារបស់កូនខ្លួនឯង ជាមួយនឹងកូនអ្នកដទៃ ដូចជាមិត្តភក្តិ ឬបងប្អូនជាដើម។ ទង្វើនេះ បានធ្វើឱ្យកុមារ ឬយុវជនមួយចំនួនមានបញ្ហាផ្លូវចិត្ត ហើយខ្លះរហូតមានអារម្មណ៍បាត់បង់ខ្លួនឯង។
កញ្ញា បុប្ផា (ឈ្មោះដាក់ឱ្យ) បច្ចុប្បន្នជានិស្សិតសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញបាននិយាយថា រូបនាងធ្លាប់ទទួលអារម្មណ៍ថាមានសម្ពាធ បាត់ក្ដីសង្ឃឹម គិតអ្វីមិនចេញ នៅពេលម្ដាយប្រៀបធៀបលទ្ធផលសិក្សារបស់ខ្លួនរៀនមិនពូកែដូចមិត្តភក្ដិ។ បុប្ផា បន្តថា នៅពេលនោះរូបនាងខិតខំសិក្សាយ៉ាងខ្លាំងដើម្បីទទួលបាននិទ្ទេស A ឬនិទ្ទេស B ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៣ ប៉ុន្តែលទ្ធផលដែលនាងទទួលបានគឺនិទ្ទេស C ដែលមិនមែនជាក្តីរំពឹងរបស់ម្តាយនាងឡើយ។ បុប្ផា បន្តថា នាងដឹងថាម្ដាយនិយាយចង់ឱ្យកូនល្អ ប៉ុន្តែនាងបានខិតខំអស់ពីសមត្ថភាពទៅហើយ តែម្ដាយរបស់នាងបែរជាប្រៀបធៀបរូបនាងជាមួយកូនអ្នកដទៃដែលទទួលបានលទ្ធផលល្អជាងនាង។
ចំពោះបញ្ហានេះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហាសង្គម និងជាអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានស្នើដល់ឪពុកម្ដាយទាំងអស់គួរបញ្ឈប់ការប្រៀបធៀបលទ្ធផលសិក្សារបស់កូនខ្លួនជាមួយអ្នកដទៃ ហើយត្រូវគិតអំពីការផ្ដល់ឱកាសឱ្យកូនរបស់ខ្លួនបានសិក្សារៀនសូត្រឱ្យបានពេញលេញទាំងនៅក្នុងកម្រិតបឋមសិក្សា កម្រិតមធ្យមសិក្សា ក៏ដូចជាឧត្តមសិក្សា។
អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់បន្ថែមថា ការប្រឡងបាក់ឌុប គឺជាការបញ្ជាក់ថា បានប្រឡងបញ្ចប់ភូមិសិក្សានៃមធ្យមសិក្សា ដោយមិនបានបញ្ជាក់ថា ជាការបញ្ចប់ការរៀនសូត្រទាំងស្រុងនោះទេ ដូច្នេះឱកាសរីកចម្រើននៃចំណេះនៅមានបន្តទៀត។ លោកបណ្ឌិត យង់ ពៅ បន្តថា និទ្ទេសប្រឡងបាក់ឌុប មិនបានកំណត់ជោគវាសនារបស់មនុស្សទេ ព្រោះមនុស្សត្រូវរៀនពេញមួយជីវិត ដើម្បីអភិវឌ្ឍខ្លួន រីកចម្រើន និងរស់រាន (រស់ រៀន រីកចម្រើន)។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា
លោកបណ្ឌិត យង់ ពៅ បន្តថា បើទោះជាសិស្សនិទ្ទេស E ឬសិស្សនិទ្ទេស F ពួកគេក៏អាចមានសមត្ថភាពខ្លាំង នៅពេលបំពេញការងារអាជីពរបស់ខ្លួន។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ក៏បានផ្ដល់ឱកាសដល់យុវជនទាំងអស់មានឱកាសចូលរៀនជំនាញបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីមានអាជីពមួយច្បាស់លាស់បង្កើតជាមុខរបរសម្រាប់ចិញ្ចឹមជិវិត។
«សូមបង្កបរិយាកាសដែលជាបរិស្ថានអប់រំ ប្រកបដោយភាពកក់ក្ដៅទៅដល់យុវជនទើបល្អ ជៀសជាងការស្ដីបន្ទោស»
លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community មានប្រសាសន៍ថា ការប្រៀបធៀបលទ្ធផលសិក្សាកូនរបស់ខ្លួនជាមួយកូនអ្នកដទៃ គឺដោយសារឪពុកម្ដាយមិនយល់ពីភាពខុសគ្នារបស់កូនម្នាក់ៗ។ លោក គីម ដារ៉ា បន្តថា ដើម្បីដោះស្រាយបញ្ហានេះ ទាល់តែឪពុកម្ដាយព្រមទទួលស្គាល់ភាពខុសៗគ្នារបស់មនុស្សម្នាក់ៗ ជាពិសេសកូនរបស់ខ្លួន ពីព្រោះមនុស្សម្នាក់ៗកើតមកនៅលើផែនដីសុទ្ធតែមានទេពកោសល្យខ្លាំងពូកែខុសៗគ្នា។
ស្ថាបនិកសាលាបង្វឹក Startup Community បញ្ជាក់បន្ថែមថា ការសិក្សាអប់រំតែមួយមុខ ក៏មិនអាចបញ្ជាក់បានថា កូនមួយណាពូកែជាងកូនមួយណាបានដែរ ព្រោះនៅពេលប្រកបអាជីពប្រចាំថ្ងៃ មិនមែនប្រើតែការសិក្សាអប់រំនោះទេ។ លោក គីម ដារ៉ា បន្តថា មានរឿងល្អជាច្រើនទៀតដែលឪពុកម្ដាយគួរផ្ដល់តម្លៃឱ្យកូន ដូចជា ភាពឧស្សាហ៍ព្យាយាម ភាពតស៊ូ ភាពដឹងគុណ និងភាពជាពលរដ្ឋល្អ។ កាលណាខ្វះចំណុចទាំងនេះ បើទោះបីជាមានកូនរៀនពូកែយ៉ាងក៏ដោយ ក៏មិនអាចក្លាយជាមនុស្សជោគជ័យទៅថ្ងៃអនាគតដែរ។
លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community
លោក គីម ដារ៉ា ស្នើដល់ឪពុកម្ដាយត្រូវទទួលស្គាល់ភាពខុសៗគ្នារបស់កូនម្នាក់ៗ បន្តជំរុញទឹកចិត្តកូនឱ្យខិតខំប្រឹងបន្ថែម យល់ពីចិត្តកូន ជំរុញកូនឱ្យមានភាពក្លាហាន ទទួលស្គាល់ភាពជាខ្លួនឯង និងធ្វើតាមអ្វីដែលជាទេពកោសល្យរបស់ពួកគេ។ «នៅពេលកូនខិតខំប្រឹងប្រែង អនាគតពួកគេនឹងក្លាយជាមនុស្សជោគជ័យ ហើយឪពុកម្ដាយក៏មានមោទនភាពដោយសារមានកូនជាមនុស្សជោគជ័យ ជាមនុស្សពូកែ និងមានប្រយោជន៍សម្រាប់សង្គមជាតិ»។
យោងតាមការស្រាវជ្រាវគេបានរកឃើញថា ការប្រៀបធៀបរបស់ឪពុកម្ដាយ អាចនាំឱ្យសិស្សមានភាពតានតឹងក្នុងការសិក្សាកម្រិតខ្ពស់ ការថប់បារម្ភ និងការគោរពខ្លួនឯងទាប ជាពិសេស ពួកគេមានអារម្មណ៍ថា មិនអាចរស់នៅតាមការរំពឹងទុករបស់ឪពុកម្តាយ។ ការសិក្សាខ្លះ បង្ហាញថា សិស្សដែលប្រឈមមុខនឹងការប្រៀបធៀបញឹកញាប់អាចបង្កើតផ្នត់គំនិតទាបអំពីសមត្ថភាពរបស់ពួកគេ ដោយផ្តោតលើការធ្វើយ៉ាងណាឱ្យបានល្អជាងអ្នកដទៃ ជៀសជាងការអភិវឌ្ឍសមត្ថភាព និងការរៀនសូត្រផ្ទាល់ខ្លួន។
ជាមួយគ្នានេះ បើតាមក្រសួងកិច្ចការនារី ការអប់រំកូនដោយប្រៀបធៀបជាមួយអ្នកដទៃ មិនមែនជាឥរិយាបថអប់រំកូនតាមបែបវិជ្ជមាននោះទេ។ នៅក្នុងសតវត្សទី២១ ម្តាយឪពុកមានតួនាទីជាអ្នកផ្តល់ប្រឹក្សាផ្លូវចិត្ត ផ្តល់វិធីសាស្ត្រអប់រំឥរិយាបថគំរូ និងបង្កើតភាពកក់ក្តៅដល់កូន៕