ក្នុងពិធីបើកដំណើរការជាផ្លូវការនៃ «យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤» កាលពីចុងសប្តាហ៍នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត មានប្រសាសន៍ថា យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤ នឹងប្រតិបត្តិក្រោមទិសស្លោកថ្មីគឺ «ខ្មែរស្អាត» ក្នុងន័យផ្តោតសំខាន់ទៅលើតម្លៃជាខ្មែរ មោទនភាពអត្តសញ្ញាណខ្មែរ សមត្ថភាពខ្មែរ និងភាពរួបរួមឯកភាពគ្នា ក្រោមទង់ជាតិខ្មែរតែមួយ។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ប្រធានបទនេះ ផ្ដោតទៅលើ៣ចំណុចសំខាន់ រួមមាន ទី១. ភាពជាខ្មែរតែមួយ ដែលយើងត្រូវមានមោទនភាពជាខ្មែរ និងចូលរួមថែរក្សា និងកសាងបន្ថែមនូវភាពជាខ្មែរ, ទី២. ការអភិវឌ្ឍធនធានមនុស្ស គឺចាំបាច់ក្នុងការត្រៀមប្រកួតប្រជែង ក្នុងឆាកតំបន់ និងអន្តរជាតិ និង ទី៣. ប្រជាជនពោរពេញដោយធម៌ គឺការចេះជួយយកអាសាគ្នាទៅវិញទៅមក សាមគ្គីភាព ឥរិយាបទវិជ្ជមាន និងការលើកកម្ពស់តម្លៃគ្រួសារ និងសង្គម។ ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ការលើកកម្ពស់អនាម័យបរិសា្ថន មេត្រីភាពបរិស្ថាន ការកាត់បន្ថយ និងកែច្នៃសំរាម ជាផ្នែកមួយក្នុងចំណោមផ្នែកជាច្រើនទៀត ដែលនឹងសម្រេចបានតាមរយៈការចូលរួមអនុវត្តនូវទិសស្លោកខាងលើ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត
លោក ហៃ ភិរម្យ សមាជិកក្រុមប្រឹក្សាភិបាល នៃគម្រោងស្អាត បានបញ្ជាក់ថា តាមរយៈទិសស្លោកថ្មី «ខ្មែរស្អាត» គម្រោងស្អាតបានដាក់ចេញនូវផែនការសកម្មភាពធំៗ ចំនួន៤ រួមមាន ទី១. ក្លិបយុវជនស្អាត និងក្រុមបណ្ដាញស្អាត, ទី២. ចិត្តខ្ញុំស្អាត ខ្មែរស្អាត, ទី៣. ជំរំស្អាត ខ្មែរស្អាត និងទី៤. ធុរកិច្ចយើងស្អាត ខ្មែរស្អាត។
លោក ហៃ ភិរម្យ សមាជិកក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត
លោក ហៃ ភិរម្យ ជឿជាក់យ៉ាងមុតមាំថា ខ្មែរស្អាត គឺផ្តើមចេញពីការមានផ្នត់គំនិតវិជ្ជមានក្នុងនាមជាខ្មែរមួយរូប ការរួបរួមសាមគ្គីក្រោមទង់ជាតិខ្មែរតែមួយ ឥរិយាបទថ្លៃថ្នូររបស់ប្រជាជនខ្មែរគ្រប់រូប និងការប្រតិបត្តិស្អាតប្រកបទៅដោយសេចក្តីថ្លៃថ្នូរក្នុងនាមជាកូនខ្មែរ និងជាប្រជាជនខ្មែរមួយរូបនៅក្នុងសង្គម។
កញ្ញា សុជាតា ជាយុវជនស្ម័គ្រចិត្តក្នុងយុទ្ធនាការភ្នំពេញស្អាត បានប្រាប់ឱ្យដឹងថា ការចូលរួមជាយុវជនស្ម័គ្រចិត្តក្នុងយុទ្ធនាការភ្នំពេញស្អាតនេះ រូបនាងមើលឃើញថា ប្រជាជន ក៏ដូចជាយុវជនបានយល់ដឹងអំពីការទុកដាក់សំរាម និងការកែច្នៃសំរាម។ កញ្ញា សុជាតា បន្តថា យុវជនដែលចូលរួមស្ម័គ្រចិត្តក្នុងយុទ្ធនាការភ្នំពេញស្អាតនេះ សុទ្ធតែមានចិត្តចង់ជួយឱ្យប្រទេសកម្ពុជាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយងាកមកប្រើប្រាស់អ្វីដែលជួយដល់បរិស្ថាន និងកែច្នៃសំរាមទៅជារបស់ដែលអាចប្រើប្រាស់ឡើងវិញ។
យុវជនស្ម័គ្រចិត្តក្នុងយុទ្ធនាការភ្នំពេញស្អាត២០២៤
គួរជម្រាបជូនថា យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤ ផ្តោតសំខាន់ទៅលើការបញ្ជ្រាបសារអប់រំដល់ប្រជាជនកម្ពុជា ដើម្បីលើកតម្កើនវប្បធម៌ និងសីលធម៌សង្គម ដោយប្រតិបត្តិស្របនឹងយន្តការដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ទៅលើគោលគំនិតសំខាន់ចំនួនបីគឺ ចិត្តគំនិតស្អាត អាកប្បកិរិយាស្អាត និងប្រតិបត្តិស្អាត៕